សម្ដេច​ធិបតី​៖ វត្តមាន​របស់​លោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) នឹង​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​វិស័យ​កីឡា និង​ទេសចរណ៍​នៅ​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) កំពូល​កីឡាករ​ប្រដាល់​កម្រិត​ពិភពលោក និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា​។​

​ក្នុងឱកាស​នៃ​ជំនួប លោក ម៉ា​នី ផា​គី​អាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​លោក​បាន​ចូលរួម​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​របស់​លោក​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​ប្រដាល់​។ លោក ម៉ា​នី ប៉ា​គី​អាវ បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី ថា កីឡាប្រដាល់​គឺ​ប្រភេទ​កីឡា​មួយ ដែល​មាន​លក្ខណៈ​ពិសេស និង​លំបាក ដែល​ទាមទារ​នូវ​ការហ្វឹកហាត់​ខ្លាំងក្លា វិន័យ​ខ្ពស់ ជាមួយនឹង​ការ​យល់​ដឹង​អំពី​គោលការណ៍​ច្បាស់លាស់ ដើម្បី​អាច​កសាងបាន​នូវ​អាជីព​ជា​កីឡាករ​ប្រដាល់ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​។ ជាមួយគ្នានេះ លោក ម៉ា​នី ប៉ា​គី​អាវ​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី ថា លោក​នឹង​ចូលរួម​លើកស្ទួយ និង​ជំរុញ​ដល់​វិស័យ​គុន​ខ្មែរ ដែល​ជា​ផ្នែក​មួយ​នៃ​កីឡាប្រដាល់ ហើយ​លោក​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​កីឡាករ​ល្បីៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ស្មារតី​នៃ​កីឡាប្រដាល់ ក៏ដូចជា​ចែករំលែក​ពី​បទពិសោធន៍​ដ៏​ច្រើន ដែល​លោក​បាន​ឆ្លងកាត់​ក្នុង​ជីវិត​ជា​អ្នក​ប្រដាល់​អាជីព​លំដាប់​ពិភពលោក ជាមួយនឹង​ការប្រកួត​ជាច្រើន​កម្រិត និង​ច្រើន​ប្រភេទ​ទម្ងន់​ផ្សេងៗ​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ម៉ា​នី ប៉ា​គី​អាវ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ទី​២ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយ​នៅ​ឆ្នាំ​២០១៦ ដែល​ពេលនោះ លោក​បាន​អមដំណើរ​ឯកឧត្តម រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​។ សម្ដេច​ធិបតី ក៏​បាន​រំលេច​ថា វត្តមាន​របស់​លោក ម៉ា​នី ប៉ា​គី​អាវ ក្នុងនាម​ជា​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​បាន​ស្គាល់ នឹង​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​វិស័យ​កីឡា វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ហ្វីលីពីន តាមរយៈ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​។​

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​ជូនពរ​លោក ម៉ា​នី ប៉ា​គី​អាវ និង​គណៈប្រតិភូ ឱ្យ​ស្នាក់នៅ​កម្ពុជា​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​ព្រះ​ជាណា​ចក្រ​កម្ពុជា​។​

Leave a Reply

Your email address will not be published. Required fields are marked *