​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Towfiqua Hoque(​ថូ​ហ្វីកា ហ៊ុ​ក​) តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ចូលជួប​សម្ដែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤ រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ ថូ​ហ្វីកា ហ៊ុ​ក តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធ​សភា​រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ដល់​លោក​ជំទាវ ថូ​ហ្វីកា ហ៊ុ​ក ដែល​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ កម្ពុជា​។ សម្តេច​តេជោ បាន​រំលឹក​បន្ថែមថា តំណាង IFC ចាស់​មុន​ផុត​អាណត្តិ ក៏​បាន​មក​ជម្រាប​លាស​ម្តេច ទោះបីជា​សម្តេច​មិន​ស្ថិត​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​ការអញ្ជើញ​មក​ដល់​នូវ​តំណាង​ថ្មី​ក្នុង​ពេលវេលា​ដ៏​លឿន​នេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង IFC ជាមួយ​កម្ពុជា​។ សម្តេច មានជំនឿថា វត្តមាន​របស់​លោកជំទាវ នឹង​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង IFC និង​កម្ពុជា ក៏ដូចជា​ចូលរួម​កាន់តែខ្លាំង​ក្នុង​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​។

​នា​ឱកាស​ជំនួប​នេះ លោកជំទាវ ថូ​ហ្វីកា ហ៊ុ​ក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ហើយ​ចាត់ទុកថា​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដល់​លោកជំទាវ ដែល​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ​និង សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ​។ លោកជំទាវ​បាន​ចាត់ទុកថា សម្តេច​តេជោ ជា អតីត​នាយករដ្ឋមន្ត្រី​ដែល​កាន់ដំណែង​យូរ​ជាង​គេ និង​មាន​តួនាទី​ដ៏​ធំធេង​នៅក្នុង​តំបន់ និង​ជា​ឥស្សរជន​ក្នុង​សកលលោក ដែល​មានកេរ្ត៍ឈ្មោះ​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​។​

​លោកជំទាវ បាន​បន្តទៀតថា លោកជំទាវ​បាន​ចាប់ផ្តើម​តួនាទី​ថ្មី​នេះ ទើបតែ​បាន​រយៈពេល​ជាង​២​ខែ និង​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​ស្វែងយល់​ពី​ប្រទេស​កម្ពុជា ដោយ លោកជំទាវ ក៏​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ និង​ស្ថាប័ន​រដ្ឋាភិបាល​មួយចំនួនទៀត ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ លោកជំទាវ បាន​ជម្រាប​សម្តេច​តេជោ ថា​កន្លងមក​លោក​ជំទាវ ធ្លាប់​ធ្វើការ​នៅ​ប្រទេស​សឹង្ហ​បុរី ដែលជា​ផ្នែក​មួយ​របស់​ធនាគារ​ពិភពលោក​ផងដែរ ដោយ​លោក​ជំទាវ ធ្វើការ​ជាមួយ​ផ្នែក​ឯកជន និង​ផ្នែក​រដ្ឋ​ផងដែរ ដែល​ភាគច្រើន​គឺពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​។ លោកជំទាវ មក​រស់នៅ និង​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នាពេលនេះ គឺជា​បទពិសោធន៍​ថ្មី​របស់​លោកជំទាវ​។

​លោកជំទាវ បានបញ្ជាក់​ថា សាជី​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មាន​វត្តមាន​នៅ​កម្ពុជា អស់​រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ ក្នុងនោះ​ត្រឹមតែ​១ ទសវត្សរ៍​ចុងក្រោយ​នេះ IFC បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដែល​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។ លោកជំទាវ បាន​បន្តទៀតថា IFC មាន​ការប្តេជ្ញាចិត្ត​ចូលរួមចំណែក​ក្នុង​នាម​ជា​ដៃគូ​ដ៏​ល្អ​មួយ នៅក្នុង​ដំណើរ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​របស់​សម្ដេចម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​ជា​នាយករដ្ឋមន្ត្រី​។ លោកជំទាវ មានប្រសាសន៍​បន្ត​ថា ក្នុង​អាណត្តិ​របស់​លោកជំទាវ​IFC នឹង​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​គម្រោង​របស់​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ អនុវត្ត​បាន​ជោគជ័យ និង​ចូលរួម​ជំរុញ​គោលដៅ​របស់​កម្ពុជា ប្រែ​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក្លាយជា​ការពិត​។

​លោកជំទាវ​សន្យាថា​នឹង​ធ្វើការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត គាំទ្រ​ការអភិវឌ្ឍ មនុស្ស​ការអភិវឌ្ឍ​ជំនាញ​បង្កើន​ផលិតភាព​ភាព​ប្រកួតប្រជែង​ឱ្យមាន​ការរីកចម្រើន​ដូច​មុន​វិបត្តិកូ​វីដ​១៩ និង​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​វិស័យ​កាត់ដេរ ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ជាមួយ​វិស័យ​កសិកម្ម កម្មន្តសាល និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោកជំទាវ បាន​បង្ហាញ​នូវ​សេចក្តី​រីករាយ និង​មោទនភាព ដែល​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេជោ ក៏ដូចជា​រាជរដ្ឋាភិបាល​ជំនាន់​មុនៗ បាន​លះបង់ ពុះពារ​គ្រប់​ឧបសគ្គ​នៃ​ការបែកបាក់ និង​សោកនាដកម្ម​ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ ដើម្បី​ប្រទេស​កម្ពុជា មាន​សន្តិភាព ការអភិវឌ្ឍ​ដូច​បច្ចុប្បន្ន និង​មាន​អនាគត​ដែល​ភ្លឺស្វាង​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​របស់​លោក​ជំទាវ ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ សម្ដេច​បាន​មានប្រសាសន៍​ទៀតថា សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​តាំងពី សម្ដេច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​២ បន្ត​មក​ដល់​យុទ្ធសាស្ត្រ​ចតុកោណ និង​រហូតមកដល់​យុទ្ធសាស្ត្រ​បញ្ច​កោណ​នៅពេល​បច្ចុប្បន្ន​នេះ​។ សម្តេច​តេជោ

​បាន​បន្តទៀតថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ និង​បច្ចុប្បន្ន​ឈាន​មកដល់​យុទ្ធសាស្ត្រ​បញ្ញកោ​ណ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ជំនាន់​ថ្មី គឺ​ដើម្បី​ធានា​ថា​ប្រទេស​កម្ពុជា នឹង​ចាកចេញ​ពី​ប្រទេស​អភិឌ្ឍ​តិចតួច​ក្នុង​ឆ្នាំ​២០២៩ រួច​នឹង​ឈាន​ទៅ​សម្រេច​បាន​ប្រទេស​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅក្នុង​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ចំណូល​ខ្ពស់​នៅក្នុង​ឆ្នាំ​២០៥០​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់​កត្តា​ពេលវេលា គឺ​សំខាន់​ណាស់​ប្រសិនបើ​យើង​មិន​ខិតខំ​ប្រែង និង​បើ​មិន​មាន​ការរៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​ចំណូល​មធ្យម (middle-income trap) ដូច​បណ្តា​ប្រទេស​មួយចំនួន​។ ដូច្នេះហើយ រយៈពេល​ពី​ឆ្នាំ​២០៣០ ទៅដល់ ២០៥០ ជា​រយៈពេល​សាក​សម​មួយ ដែល​អាច​ឱ្យ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ទៅ​ជា​ប្រទេស​ចំណូល​ខ្ពស់​បាន​។

​សម្តេច​តេជោ មានប្រសាសន៍ថា កម្ពុជា​មាន សុទិដ្ឋិនិយម និង​មាន​ជំនឿ​ជឿជាក់ថា​អាច​សម្រេច​បាន​ចក្ខុវិស័យ​នេះ អាស្រ័យ​លើ​ការខិតខំ​ប្រឹងប្រែង​ជំនះ​រាល់​ឧបសគ្គ ពីព្រោះ​ការលំបាក​ដែល​ប្រទេស និង​ប្រជាជន​កម្ពុជា បាន​ធ្លាប់​ឆ្លងកាត់​មក គឺ​លំបាក​ខ្លាំងណាស់​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា បទពិសោធ​របស់​សម្តេច​ផ្ទាល់​ក្នុង​ការដឹកនាំ​ប្រទេស ដោយ​ផ្តោត​អាទិភាព​លើ​កត្តា​ចំនួន ២៖ ទី​១ គឺ​ត្រូវ​តែ​រក្សា​ស្ថិរភាព​នយោបាយ​ឱ្យបាន​ជា​ដាច់ខាត ព្រោះថា​បើ​គ្មាន​សន្តិភាព​ស្ថិរភាព​នយោបាយ កុំ​និយាយ​ពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​អ្វីៗ​ទាំងអស់​។ កត្តា​ទី​២ គឺ​ត្រូវ​រក្សា​ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ពីព្រោះ​កត្តា​ទាំងពីរ​នេះ មាន​ចំណងទាក់ទង​ទៅវិញទៅមក និង​បំពេញ​ឱ្យ​គ្នា​ដែល​មិន​អាច​ទាត់​ចោល​កត្តា​ណាមួយ​បានឡើយ​។ ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយ ទើប​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។ ប៉ុន្តែ​បើ​គ្មាន​ស្ថិរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច​នោះទេ សន្តិភាព និង​ស្ថិរភាព​នយោបាយ​ក៏​មិន​នៅ​បាន​ស្ថិត​ស្ថិរ​នោះដែរ​។

​សម្តេច​តេជោ បាន​ជម្រាប​លោក​ជំទាវ​តំណាង IFC ឱ្យ​តាមដាន​មើល​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​មាន​ភាពជឿនលឿន និង​មាន​ល្បឿន​ជាង​អាណត្តិ​មុនៗ​។ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ផងដែរ​ថា​កម្ពុជា មិន​មែន​នៅ​តែ​ឯង​នោះទេ បញ្ហា​ប្រឈម​របស់​ពិភពលោក​ទាំង​រឿងកូ​វីដ​, បញ្ហា​សង្គ្រាម គឺ​សុទ្ធតែ​ជះ​ឥទ្ធិពល​មក​ដល់​កម្ពុ​ជា​។ សម្តេច​តេជោ បាន​បង្ហាញ​ពី​ការសោកស្តាយ ដែល​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​កំណើន​ក្នុង​រង្វង់​៧% អស់​រយៈពេល​ជាង ២​ទសវត្សរ៍ ត្រូវ​រង​ផល​ប៉ះពាល់​ពី​បញ្ហា​កូវី​ដ និង​បញ្ហា​ប្រឈម​ដទៃទៀត​របស់​ពិភពលោក​។​

​សម្តេច​តេជោ បាន​បញ្ជាក់បន្ថែម​ថា ទោះ​ស្ថិតនៅក្នុង​សេណារីយោ​អាក្រក់​បំផុត​របស់​ពិភពលោក​បែបណាក៏ដោយ ប្រទេស​កម្ពុជា នឹង​មិន​ខ្វះ​ស្បៀង ឬ​អង្ករ​ដាច់ខាត ហើយ​ប្រទេស​សមាជិក​អាស៊ាន ក៏​នឹង​មិន​ខ្វះ​អង្ករ​ឡើយ ព្រោះ​ប្រទេស​កម្ពុជា ថៃ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា គឺជា​ប្រទេស​ផលិត​ស្បៀង​។ ទោះបី​កម្ពុជា មាន​សន្តិសុខ​ស្បៀង តែ​ខ្វះ​សន្តិសុខ​ថាមពល ដូច្នេះ​ប្រទេស​ក្នុង​អាស៊ាន ក៏​អាច​បំពេញ​បញ្ហា​ថាមពល​នេះ​ដល់​កម្ពុជា​វិញ​ផង​ដែរ ដែល​ចំណុច​នេះ​សម្តេច​តេជោ បាន​លើកយក​មក​ពិភាក្សា​ជាមួយ​អគ្គរដ្ឋទូត​ទីម័​រឡេ​ស្តេ​។

​សម្ដេច​តេជោ​បានបង្ហាញ​នូវ​មោទនភាព ដែល​កន្លងមក​នេះ​កម្ពុជា​បាន​ប្រើប្រាស់​ថាមពលបៃតង​ជាង​៦០% ដែល​អា​ឈានដល់​៧០% នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ តាមរយៈ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដែល​មាន​ដូចជា​សូ​ឡា​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ជាដើម ក្នុងនោះ​យើង​ក៏​បាន​ប្រើប្រាស់​ដីធ្លី​ឱ្យទៅ​ជា​គម្រប​បៃតង ក្នុងការ​ដាំ​ដំណាំ​ផ្សេងៗ​ដូចជា​ស្វាយចន្ទី កៅស៊ូ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត​ដែល​ជួយ​ដល់​ការរីកចម្រើន​នៃ​គម្រប​ព្រៃឈើ​ផង​ដែរ​។ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក៏​មាន​ការកើនឡើង​ប្រមាណ​២០% ក្នុង​រយៈពេល​កន្លងមក​នេះ ហើយ​សម្ដេច​សង្ឃឹមថា​លោកជំទាវ នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ដល់​កម្ពុជា និង​ជួយ​ជំរុញ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ប្រទេស​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០២៩ និង​ជា​ប្រទេស​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​រំលឹក ពី​មូលហេតុ​ដែល​សម្ដេច​បាន​លះបង់​អំណាច​ពី​នាយក​រដ្ឋមន្ត្រី នៅពេល​ដែល​សម្ដេច​នៅ​មាន​ការគាំទ្រ​ច្រើន ដែល​នេះ​គឺជា​ការលះបង់​មួយ​ដែល​សម្ដេច​មិន​ចង់ឱ្យ​មាន​ការប្រថុយប្រថាន​ក្នុង​វិបត្តិ​មេដឹកនាំ នៅពេលដែល​មាន​ការផ្លាស់​ប្ដូរ​អំណាច​នោះទេ គឺ​ដើម្បី​រក្សាបាន​នូវ​សុខសន្តិភាព​យូរអង្វែង​។​

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ​លោក​ជំទាវ​តំណាង IFC ប្រចាំ​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​របស់​លោកជំទាវ​នៅ​ប្រទេស​កម្ពុជា​៕

 

Leave a Reply

Your email address will not be published. Required fields are marked *