ការវិនិយោគ​លើ​វិស័យ​អប់រំ គឺ​ជា​គោលដៅ​អាទិភាព និង​សារសំខាន់​ណាស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកំណត់​ផែនការ​វិនិយោគ និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ព្រោះថា​ការវិនិយោគ​លើ​វិស័យ​អប់រំ គឺជា​ការវិនិយោគ​លើ​អនាគត​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ការវិនិយោគ​លើ​វិស័យ​អប់រំ គឺជា​ការបណ្តុះ​ទស្សនៈ​វិជ្ជមាន និង​ផ្តល់​មូលដ្ឋានគ្រឹះ​សម្រាប់​និស្សិត​ផ្ទាល់​ផង និង​ជា​កត្តា​រួមចំណែក​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ផង​ដែរ​។​” ក្នុងន័យនេះ ចំណេះដឹង គឺជា​អំណាច​ធំធេង​ណាស់ ព្រោះ​ចំណេះដឹង​អាច​ឱ្យ​យើង​មាន​សមត្ថភាព​ក្នុង​ភាពម្ចាស់ការ និង​ឯករាជ្យ​៖ ១/ ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការកំណត់​អនាគត​របស់​ខ្លួន ២/ ការពង្រីក​សមត្ថភាព​ដើម្បី​ចាប់​យក​ឱកាស ពង្រីក​ឱកាស និង​បង្កើត​ឱកាស និង​៣/ ជា​មូលដ្ឋាន​សម្រាប់​ប្រទេស​ក្នុង​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ទាក់ទាញ​វិនិយោគិន​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការគូសបញ្ជាក់​ដល់​និស្សិត និង​អង្គពិធី​បន្ថែម​ផងដែរ​ថា “​ការរក្សា​បាន​ទស្សនៈ​វិជ្ជមាន គឺជា​ជំហាន​ឈាន​ទៅ​ចាប់​យក​អាជីព និង ជីវិត​វិជ្ជមាន​”​។ ក្នុងន័យនេះ ការដាក់​គោលដៅ​វិជ្ជមាន​របស់​ប្អូនៗ​និស្សិត ទើប​អាច​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ថ្ងៃ​នេះ ហើយ​ការបញ្ចប់​ការសិក្សា​ថ្ងៃនេះ គឺ​នឹង​អាច​ទទួលបាន​លទ្ធផល​វិជ្ជមាន​តាម​ការរំពឹងទុក ទៅ​ថ្ងៃ​អនាគត​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការអបអរសាទ​រ​នូវ​ភាព​ជោគជ័យ​ថ្ងៃ​នេះ​ទៅ​ដល់​ភាគី​សំខាន់ៗ ដូចជា​៖ និស្សិត​ជ័យលាភី​ផ្ទាល់​, ឪពុកម្តាយ និង អាណាព្យាបាល ដែល​ទទួលបាន​កិត្តិយស និង​ធនធានមនុស្ស​សម្រាប់​គ្រួសារ​, សាស្ត្រាចារ្យ បុគ្គលិក​អប់រំ គណៈ​គ្រប់គ្រង និង​គ្រឹះស្ថាន​អប់រំ ដែល​អាច​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​បន្ថែម​ជូ​ន​ប្រទេសជាតិ​។ ជាពិសេស គឺ​អបអរសាទរ​ដល់​កម្ពុ​ជា ដែល​ទទួលបាន​ធនធានមនុស្ស ប្រកប​ដោយ​បញ្ញាញាណ និង​ជា​គ្រឹះ​ក្នុង​ការជួយ​អភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​សម្រេច​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចេរភាព​។​

​បន្ថែម​ពី​នេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​-​ស្ថាប័ន​, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​, ក្រុមការងារ និង ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ប្រកប​ដោយ​ភាពជោគជ័យ​, សុខ​សុ​វត្តិភាព និង​ភាពសប្បាយ​រីករាយ​ដល់​មហា​គ្រួសារ​ខ្មែរ ព្រមទាំង ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​
​ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​វិស័យ​ទេសចរណ៍ ដែល​ទទួល​បាន​ការកើនឡើង ទោះបីជា​មាន​ការចុះផ្សាយ​ព័ត៌មាន​អវិជ្ជមាន ឬ​មិន​ពិត​ពី​កម្ពុជា ក្តី ក៏​ចំនួន​ភ្ញៀវទេសចរ និង​ភាពសប្បាយ​រីករាយ​របស់​ភ្ញៀវ​ទេសចរ គឺ​បាន​បង្ហាញ​ច្បាស់​ពី​ការជឿ​ទុកចិត្ត និង​បញ្ជាក់​យ៉ាងច្បាស់​អំពី​សុខ​សុវត្ថិភាព និង​ស្ថេរភាព​របស់​កម្ពុជា ដែល​អាច​ឱ្យ​ពួកគាត់​មក​កំសាន្ត​ប្រកបដោយ​ស្នាមញញឹម និង ភាពកក់ក្តៅ​។​

​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​ផង​ដែរ ក្រសួង​ទេសចរណ៍ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ជា​ពិសេស​បងប្អូន​ប្រជាជន​ខ្មែរ រួមទាំង​អ្នក​ដែល​មាន​ប្រជាប្រិយភាព​លើ​បណ្តាញ​សង្គម (Social Influencer) ក៏​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​, ទីកន្លែង​ទាក់ទាញ និង​ការ​ពិត​របស់​កម្ពុជា ដែល​ជា​កត្តា​ជំរុញ​យ៉ាងសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ភាព​វិជ្ជមាន​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ផង និង​កម្ពុជា​ខ្លួនឯង​ផង និង​បាន​ធ្វើឱ្យ​ភ្ញៀវទេសចរ​កើនឡើង​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​បញ្ជាក់​ច្បាស់​ថា “​រាជរដ្ឋាភិបាល មិន​ធ្វើ​ការបកស្រាយ ឬ​ប្រតិកម្ម​ភ្លាមៗ ចំពោះ​ករណី​ចោទប្រកាន់​រឿង​កោះ​គុត ព្រោះ​រាជរដ្ឋាភិបាល​ប្រកាន់​នូវ​គោលការណ៍​សំខាន់ ២ គឺ​៖ (១). ភាពចាស់ទុំ​ខាង​នយោបាយ និង (២). ភាព​ទទួលខុសត្រូវរ​បស់​រាជរដ្ឋាភិបាល​ចំពោះ​អធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។​”

​គោលការណ៍​ទី ១ នៃ​ភាពចាស់ទុំ​ខាង​នយោបាយ ដោយ​អនុវត្ត​៖ ១/ ប្រកាន់​គោលការណ៍ មិន​យក​ភ្លើង​ចូល​ផ្ទះ​, ២/ ប្រកាន់​យន្តការ​ចាស់ទុំ ឈរ​លើ​យន្តការ​ព្រំដែន និង​ច្បាប់​ដែល​កំណត់​ជា​ធរមាន ដោយ​បាន​ឯកភាពគ្នា​៖ ១. JBC និង ២. JTC និង​៣/ ផ្អែកលើ​មូលដ្ឋាន​ជាក់ស្តែង​និយម តាមរយៈ​ការស្រាវជ្រាវ​ឱ្យ​ច្បាស់​អំពី​ហេតុ និង​ផល​។ គោលការណ៍​ទី ២ នៃ​ភាព​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល ចំពោះ​អធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន គឺ​៖ ១/ ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យ​ឱ្យបាន​ដាច់ខាត​, ២/ ប្រកាន់​ជំហរ​ការដោះស្រាយ​ដោយ​សន្តិវិធី ជៀសវាង​ការប្រើ​ហឹង្សា ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និង​យន្តការ​ច្បាប់​កិច្ចការ​ព្រំដែន​ជា​ធរមាន និង​៣/ រាជរដ្ឋាភិបាល និង​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា ត្រៀម​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ភាគី​ថៃ និង​គណៈកម្មាធិការ​ព្រំដែន ៕

Leave a Reply

Your email address will not be published. Required fields are marked *