​វិស័យ​ថ្ម​អារ ដែល​រៀបនឹង​ត្រូវ​ដួលរលំ ត្រូវ​បាន​ស្រោចស្រង់​ឡើងវិញ ហើយ​មាន​សន្ទុះ​កើនឡើង ៤​ដង គឺជា​បទពិសោធន៍​ដ៏​ជោគជ័យ​ដែល​ឈរលើ​គោលការណ៍​សំខាន់​ចំនួន ៤ របស់​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​ការសម្រេច​ដោះស្រាយ​ក្នុង​រយៈ​ដ៏​ខ្លី​នៃ​ការចាប់ផ្តើម​តួនាទី​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដោយ​ផ្អែក​លើ​គោល​នយោបាយ​ឈ្នះ ឈ្នះ ហើយ​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា

​មេរៀន​ដ៏​ជោគជ័យ​ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បាន​ត្រឹម​រយៈ​ខ្លី បន្ទាប់ពី​ទទួល​ភារកិច្ច​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី គឺ​បាន​ដោះស្រាយ​ក្នុង​ការសង្គ្រោះ​វិស័យ​ថ្ម​អារ ដែល​ប្រឈម​នឹង​ការ​រលំ ឱ្យ​ងើប​ឡើងវិញ ហើយ​កើន​បាន ៤​ដង​។ កត្តា​គន្លឹះ​សំខាន់​នៃ​ភាពជោគជ័យ​ដែល​សម្តេច​បវរ​ធិបតី បាន​យក​មក​ដោះស្រាយ ឈរលើ​គោលការណ៍​សំខាន់​ចំនួន ៤៖ ១/ ហ៊ាន​វះកាត់​, ២/ មាន​យន្តការ​ច្បាស់លាស់​ក្នុងកា​ររ​ត្រួតពិនិត្យ តាមដាន និង​ជំរុញ​ការអនុវត្ត​, ៣/ មន្ត្រី​អនុវត្ត​ទាំងអស់​ត្រូវ​អនុវត្ត​ដោយ​ស្មោះត្រង់ ដោយ​មិន​បង្កើត​បន្ទុក​បន្ថែម និង​បាន​ជួយ​ដល់​វិស័យ​ឯកជន​ក្នុងពេល​មាន​ការលំបាក និង​៤/ វិស័យ​ឯកជន​ត្រូវ​មាន​ការចូលរួម​ដោយ​ស្មោះ និង​ស្រុះគ្នា​។​

​បន្ថែម​ពី​ការចែករំលែក​បទពិសោធ​ន៍​ជោគជ័យ​ខាងលើ ចំពោះ​វិស័យ​រ៉ែ សម្តេច​បវរ​ធិបតី បាន​ផ្តល់​គោលការណ៍​លើកទឹកចិត្ត និង​ណែនាំ​ដល់​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​រ៉ែ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន ដែល​រួមមាន​ជាអាទិ៍​៖ ១/ ត្រូវ​បន្ត​រៀបចំ​សិក្សា ដោយ​សហការ ជាមួយ​ដៃគូ​ពាក់ព័ន្ធ ឬ វិស័យ​ឯកជន ដើម្បី​ចងក្រង​ផែនទី​សក្ដានុពល​ធនធាន​រ៉ែ និង​ជំរុញ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​លើ​រ៉ែ​កម្រ ក្នុង​គោលដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​។ ២/ ត្រូវ​ពិនិត្យមើល​ទីតាំង​ដែល​មាន​អាជ្ញា​បណ្ណ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ពុំ​មាន​សកម្មភាព ឬ​ពុំ​មាន​សក្ដានុពល​ធនធាន​រ៉ែ ដើម្បី​ដក​ហូត ឬ​កាត់​ឆ្វៀល​ចេញពី​ដែន​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ និង​បន្ត​ហាម​ដាច់ខាត​មិន​ឱ្យ​ចេញ​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ថ្មី​នៅ​តំបន់​ព្រៃ​ឡង់​នេះ​។ ទី​៣/ ត្រូវ​ពង្រឹង​ការ​កៀរគរ​ចំណូល និង ទប់ស្កាត់​ការ​លេច​ធ្លាយ​ចំណូល តាមរយៈ​ការធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​គ្មាន​សុចរិត​ភាព និង​ការធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់ និង​អនាធិបតេយ្យ ។ និង ៤/ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការគ្រប់គ្រង​សុវត្ថិភាព និង លើកកម្ពស់​សុខុមាលភាព​និយោជិត​កម្មករ​, ពង្រឹង​ការត្រួតពិនិត្យ​, ការទិញ ការដឹកជញ្ជូន ការ​ស្ដុក​ទុក ការប្រើប្រាស់​សារធាតុ​ផ្ទុះ និង សារធាតុ​គីមី​របស់​កា​រដ្ឋា​ន​អាជីវកម្ម​ធនធាន​រ៉ែ ឱ្យបាន​ម៉ឺងម៉ាត់​។​

​មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ព្រមទាំង​ផ្តល់​នូវ​អានុសាសន៍​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​របស់​ក្រសួង​រ៉ែ និង​ថាមពល ដូចជា​៖ ១/ ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឱ្យ​ការផ្គត់ផ្គង់​វិស័យ​ថាមពល​មាន​គ្រប់គ្រាន់ និង​គ្រប់​ទីកន្លែង​, ២/ ផ្អែក​លើ​និន្នាការ​សកល និង​ការកំណត់​អភិក្រម​សម្រាប់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ថាមពល​បច្ចុប្បន្ន​, ៣/ ទិដ្ឋភាព​នៃ​ការបង្កើន​ថាមពល​ស្អាត និង​ប្រសិទ្ធភាព​ថាមពល និង ៤/ ការផ្គត់ផ្គង់​ថាមពល​មួយ​ដែល​មាន​ថ្លៃ​សមរម្យ ស្ថិរភាព និង​សមធម៌​។ ព្រម​ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ អំពី​ប្រធានបទ​នៃ​តំបន់​ត្រួតស៊ីគ្នា​នៃ​ធនធាន​ប្រេង​រវាង​កម្ពុជា និង​ថៃ (OCA) ដោយ​បញ្ជាក់​ថា​ការចរចា​ត្រូវតែ​ឈរលើ​គោលការណ៍​គោរព​គ្នា​ទៅវិញ ទៅមក​, បែងចែក​ផល​សេដ្ឋកិច្ច ដែល​អាច​ទទួលយកបាន ជាពិសេស គឺ ការគោរព​អធិបតេយ្យ​របស់​កម្ពុជា​ដែល​មិន​អាច​ខ្វះ​បាន​។ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្ថែមថា សូម​អ្នក​នយោបាយ​កុំ​យក​រឿង​នយោបាយ មក​ទម្លាក់​ចូល​ក្នុង​បច្ចេកទេស ដែល​មិន​បាន​ជួយ​អ្វី​ដល់​កិច្ច​ការពារ​ព្រំដែន ឬ​ផលប្រយោជន៍​ជាតិ​នោះទេ​។ ករណី​ព្រំ​ដែនទឹក​កម្ពុជា ជាមួយ​ថៃ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​ដែល​មិនទាន់​មាន​ការសម្រេច ឬ​ឯកភាព ណាមួយ​នោះ​ទេ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *