សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​មហាសន្និបាត​អន្តរជាតិ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី លើក​ទី​១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) បានអនុញ្ញាត​ឱ្យ ឯកឧត្តម Andrés Pastrana ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ CDI-IDC (​អតីត​ប្រធានាធិបតី​កូឡុំប៊ី​) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ ។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​សេចក្តី​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDI​និង​គណៈប្រតិភូ COPPAL ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​ក្នុង​ពេល​នេះ​។ សម្តេច​បាន​មានប្រសាសន៍ថា​ការអញ្ជើញ​មក​ចូលរួម​កម្មវិធី​ជាច្រើន​កន្លងមក និង​ការអញ្ជើញ​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​លើ​ក​របស់ ឯកឧត្តម​ប្រធាន គឺជា​ការ​ផ្តល់​កិត្តិយស និង​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​របស់​ឯកឧត្តម ចំពោះ​ប្រទេស​កម្ពុជា​។

​សម្តេច​តេជោ ក៏​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​ជោគជ័យ​នៃ​កិច្ចប្រជុំ IDC-CDI នៅ​ខេត្ត​សៀមរាប ដែល​ទើប​បាន​បញ្ចប់ និង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​ឯកឧត្តម​ប្រធាន រួម​ជាមួយ​គណៈប្រតិភូ បន្ត​ចូលរួម​មហាសន្និបាត​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី លើក​ទី ១២ ហៅ​កាត់​ថា ICAPP ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​រាជធានី​ភ្នំពេញ បន្តទៀត​។ សម្តេច​តេជោ បាន​បន្តថា ការចូលរួម​ក្នុង​បណ្តា​កិច្ចប្រជុំ​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នាពេល​បច្ចុប្បន្ន នៅពេលដែល​ពិភពលោក​មាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស ប្រកប​ដោយ​ភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និង​មិន​អាច​ប៉ាន់ស្មាន​បាន ដែល​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​មក​ពី​គ្រប់​តំបន់ ចាំបាច់​ត្រូវ​ជួប​ពិភាក្សា​គ្នា ស្វែងរក​វិធីសាស្ត្រ ដែល​អាច​ជួយ​នាំ​សន្តិភាព​ត្រឡប់​មក​រក​ពិភពលោក​របស់​យើង​វិញ​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម Andres Pastrana ប្រធាន IDC-CDI បាន​សម្តែង​នូវ​ការរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេជោ ដែល​តែងតែ​ផ្តល់​កិត្តិយស និង​ពេលវេលា​ដ៏​មាន​តម្លៃ​ទទួល​ជួប ឯកឧត្តម និង​គណៈប្រតិភូ​គ្រប់​ពេល​ដែល ឯកឧត្តម និង​គណៈប្រតិភូ​បាន​មក​ចូលរួម​ប្រជុំ និង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ ឯកឧត្តម​ប្រធាន បាន​បន្តថា កិច្ចប្រជុំ CDI នៅ​ខេត្ត​សៀមរាប ដែល​ទើបតែ​បញ្ចប់​ទៅ​នេះ ពិតជា​ទទួលបាន​ជោគជ័យ និង​លទ្ធផល​ជា​ផ្លែផ្កា​ល្អ​បំផុត​។ ជាមួយគ្នានេះដែរ ឯកឧត្តម និង​គណៈប្រតិភូ ក៏​បាន​ទៅ​ទស្សនា​ពី​បុណ្យអុំទូក នៅ​ខេត្ត​សៀមរាប​ផងដែរ ដែល​ព្រឹត្តិការណ៍​នេះ គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់ ឯកឧត្តម និង​គណៈប្រតិភូ​។

​ឯកឧត្តម​ប្រធាន ក៏​បាន​រំលឹក​ពី​ដំណើរ​ទស្សនកិច្ច​នា​ពេល​កន្លងមក​ដែល ឯកឧត្តម បាន​មក​ទស្សនា​ប្រទេស​កម្ពុជា ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០០៨ មាន​ដូចជា​កិច្ចប្រជុំ CDI ICAPP និង​បេសកកម្ម​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត ព្រម​ទាំង​កម្មវិធី​សម្ពោធ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដែល​ធ្វើឡើង​នៅខាងមុខ​ទី​លានជល់ដំរី នៅ​ខេត្ត​សៀមរាប​។

​ឯកឧត្តម​ប្រធាន ក៏បាន​លើកឡើង​ពី​ប្រវត្តិ​ជូរចត់​ដូច​គ្នា​រវាង​កូឡុំប៊ី និង​កម្ពុជា ដែល​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម និង​ការបែកបាក់ ជាពិសេស​ក្នុង​អំឡុងពេល​នៃ​ការបះបោរ​របស់​ពួក​ជ្រុលនិយម Marxist Guerilla ដែល​មាន​រយៈពេល​ជាង ៥០​ឆ្នាំមុន​។ ឯកឧត្តម​ប្រធាន បាន​គូសបញ្ជាក់ថា សម្តេច​តេជោ គឺជា​គំរូ​សន្តិភាព​របស់​ពិភពលោក និង​បទពិសោធន៍​កសាង និង​រក្សាបាន​នូវ​សន្តិភាព​ដែល​កំពុង​រស់រាន​នៅ​កម្ពុជា ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ពិភពលោក​មក​សិក្សា​ស្វែងយល់ និង​ដក​បទពិសោធន៍​។​

​ឯកឧត្តម​ប្រធាន បាន​បន្តថា ឯកឧត្តម​ពិត​ជា​ពេញចិត្ត និង​គាំទ្រ​ទាំងស្រុង​ចំពោះ​បទ​អត្ថាធិប្បាយ​របស់​សម្តេច​តេជោ នៅក្នុង​កម្មវិធី​បើក​សន្និបាត ICAPP ដែល​សម្តេច​តេជោ បាន​មានប្រសាសន៍ថា «​នៅលើ​ពិភពលោក​នេះ គ្មាន​ស្តង់ដារ សម្រាប់​ការកសាង​សន្តិភាព​នោះ​ទេ ហើយ​ស្តង់ដារ​ដែល​មាន​សម្រាប់​ពិភពលោក គឺមាន​តែ​ក្នុង​វិស័យ​កីឡា​ប៉ុណ្ណោះ ដែល​គេ​ប្រើ​ស្តង់ដារ​រួមមួយ​»​។ ឯកឧត្តម ក៏​បាន​ឯកភាព​ថា មាន​តែ​ប្រទេស​យើង​ខ្លួនឯង​ប៉ុណ្ណោះ ដែល​អាច​បង្កើត​វិធីសាស្ត្រ ឬ​ស្តង់ដារ​ក្នុង​ការកសាង​សន្តិភាព​ឱ្យ​ប្រទេស​ខ្លួនឯង​។

​ឯកឧត្តម​ប្រធាន បាន​រំលឹក​ជូន សម្តេច​តេជោ ពី​ប្រវត្តិ​ស្វែងរក​សន្តិភាព​នៅ​ពេល​ដែល​ន​ឯកឧត្តម​ជា​បេក្ខជន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​ក្រោយមក​ក្លាយ​ជា​ប្រធានាធិបតី​សម្រាប់​ប្រទេស​កូឡុំប៊ី នៅ​ទសវត្ស​ឆ្នាំ ១៩៩០​។

​ឯកឧត្តម បាន​បន្តថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​គំរូ​សម្រាប់​ប្រទេស​កូឡុំប៊ី និង​ដោយ​ផ្អែក​តាម​បទពិសោធន៍​នេះ ឯកឧត្តម​បាន​ព្យាយាម​ចរចា​ជាមួយ​គ្រប់​បណ្តា​គណបក្ស​នយោបាយ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​ជា​លទ្ធផល​នាពេល​នេះ​ប្រទេស​កូឡុំប៊ី បាន​ក្លាយជា​ប្រទេស​គំរូ​មួយ​ផងដែរ សម្រាប់​ការផ្សះផ្សា​ដើម្បី​សន្តិភាព​។ ឯកឧត្តម​ប្រធាន បាន​សម្តែង​ការកោតសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​យុទ្ធសាស្ត្រ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ដែល​ទទួលបាន​ជោគជ័យ រហូត​មាន​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ និង​ទទួលបាន​ឯកភាព​ជាតិ​ទាំងស្រុង​។

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ ប្រធាន​អង្គការ COPPAL ដែល​ជា​ដៃគូ​របស់ CDI បាន​ជម្រាបជូន​សម្តេច​តេជោ ថា​នេះ​ជា​លើកទីមួយ ដែល​លោកស្រី​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា ហើយ​ម្សិលមិញ​នេះ​ក្រោយពី​បាន​ទៅ​ទស្សនា​នៅ​សារមន្ទីរ​គុក​ទួលស្លែង លោកជំទាវ ពិតជា​មាន​អារម្មណ៍​សោកសង្រេង និង​តក់ស្លុត​យ៉ាងខ្លាំង​។ លោកជំទាវ បាន​បន្តទៀតថា ក្នុងនាម​ជា​ប្រធាន COPPAL តំណាង​ឱ្យ​គណបក្ស​នយោបាយ​ចំនួន ៧៣ គណបក្ស លោកជំទាវ​ប្តេជ្ញា គាំទ្រ​រាល់​បណ្តា​គំនិត​ផ្តួចផ្តើម​របស់ គណបក្ស​ប្រជាជន​កម្ពុជា អំពី​បេសកកម្ម​ដើម្បី​សន្តិភាព និង​ការផ្សះផ្សា ហើយ​នៅក្នុង​អាណត្តិ​នេះ លោកជំទាវ ក្នុងនាម​ជា​ប្រធាន នឹង​សូម​គាំទ្រ​វីរភាព​ដឹកនាំ ទស្សនវិស័យ​របស់​ស​ម្តេច​តេជោ ក្នុង​ការស្វែងរក​សន្តិ​ភាព​ជូន​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ និង​សូម​កោតសរសើរ​អស់ពីដួងចិត្ត​ចំពោះ​ការលះបង់ ដែល​សម្តេច​តេជោ​បានធ្វើ និង​បូជា​ជូន​ប្រទេស​កម្ពុជា​។

​ជា​ការឆ្លើយតប សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេជន៍​ដ៏​មាន​តម្លៃ និង​ការគាំទ្រ​ស្មារតី និង​សកម្មភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​បេសកកម្ម​ដើម្បី​សន្តិភាព និង​ការផ្សះផ្សា សម្រាប់​ប្រទេស​កម្ពុជា​ផ្ទាល់ និង​សម្រាប់​ពិភពលោក​ទាំងមូល​។ សម្តេច​តេជោ បាន​បន្ថែមថា កម្ពុជា​មិន​អាច​ឱ្យ​បរទេស​ណា មកកាន់​ជោគវាសនា​របស់​ប្រទេស​ខ្លួន​បាន​ឡើយ ហើយ​ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង​សាជាថ្មី មិន​អាច​មាន ហ៊ុន សែន លើក​ទី​ពីរ មក​បញ្ចប់​សង្គ្រាម​បាន​នោះទេ​។

​សម្តេច​តេជោ ក៏​បាន​សង្កត់ធ្ងន់ថា នៅលើ​ពិភពលោក​នេះ គ្មាន​ទេ​ស្តង់ដារ​មួយ​នោះ សម្រាប់​ការស្វែងរក​សន្តិភាព ហើយ​ស្តង់ដារ​មួយ​មាន​តែ​នៅក្នុង​វិស័យ​កីឡា​ប៉ុណ្ណោះ​។ យុត្តិធម៌​ពិតប្រាកដ គឺជា​យុត្តិធម៌​ដែល​មនុស្ស​គ្រប់រូប អាច​ទទួលយកបាន ហើយ​នេះ​គឺជា​ចំណុច​សំខាន់​ដែល​បណ្តា​គណបក្ស​នយោបាយ​គួរ​គិតគូរ​។​

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ ឯកឧត្តម​ប្រធាន CDI និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម និង​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុងការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា និង​សង្ឃឹម​ថា​គណៈប្រតិភូ នឹង​បន្ត​ស្នាក់នៅ និង​ចូលរួម​កិច្ចប្រជុំ IPTP ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បន្តទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *