​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​មហាសន្និបាត​អន្តរជាតិ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី លើក​ទី​១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន (Tran Tranh Man) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​គណៈប្រតិភូ​ជាន់​ខ្ពស់​ទាំង​អស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​មហាសន្និបាត​លើក​ទី​១២ នៃ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) និង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) នៅ​កម្ពុជា ។ សម្ដេច​តេជោ ហ៊ុន សែន សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត ខណៈ​ដែល​ស្ថានការណ៍​ពិភពលោក​វិវត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស និង ពិបាក​ប៉ាន់ស្មាន​បាន​។

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម ជិន ថាញ់​មិន បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ដោយ​ទទួលបាន​ការអញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង ចូលរួម​មហាសន្និបាត ICAPP​លើក​ទី​១២ និង​សម័យប្រជុំ​ពេញអង្គ IPTP​លើក​ទី​១១ តាម​ការ​ចាត់តាំង​របស់​ឯកឧត្តម អគ្គលេខាធិការ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម ។​

​ឯកឧត្តម ជិន ថាញ់​មិន ក៏​បាន​រំឭក​ជំនួប​ដែល​មិនអាច​បំភ្លេច​បាន​ជាមួយ សម្ដេច​តេជោ ទាំងបី​លើ​កនា​ពេល​កន្លងមក និង​សូម​ពាំនាំ​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​របស់ ឯកឧត្តម តូ ឡឹម និង​សូម​កោតសរសើរ និង​អបអរសាទរ​នូវ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​នា​ពេលកន្លងមក ដែល​សបញ្ជាក់​ឱ្យឃើញ​ពី​ការគាំទ្រ​របស់​ប្រជាជន​កម្ពុជា​មក​លើ​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចំរើន​គួរឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម​បាន​ជម្រាប​សម្តេច​តេ​ជោថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម បាន​ជួបពិភាក្សា​ជាមួយនឹង​សម្តេច​ប្រធានរដ្ឋសភា និង មាន​ក្តីសប្បាយរីករាយ​ដែល​ចូលរួម​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សំណង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋ​សភា​កម្ពុជា តម្លៃ​២៥​លាន​ដុល្លារ​អាមេរិក ដែល​ជា​អំណោយ​របស់​ប្រជាជន​វៀតណាម​ជូន​ប្រជាជន​កម្ពុជា ព្រមទាំង បាន​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ជាមួយនឹង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​។ ឯកឧត្តម បាន​ជម្រាប​សម្តេច​តេជោ អំពី​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​វៀតណាម​ដែល​មាន​កំណើន​ខ្ពស់ បើ​ប្រៀបធៀប​នឹង​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​វៀតណាម ឈាន​ចូល​ក្នុង​យុគសម័យ​ថ្មី​ទៅ​ជា​ប្រទេស​ចំណូល​ខ្ពស់​។ ប្រទេស​វៀតណាម​នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ១០០​ឆ្នាំ​នៃ​គណបក្ស​កុ​ម្មុយ​នី​ស​វៀតណាម នៅ​ឆ្នាំ​២០៣០ និង ១០០​ឆ្នាំ​នៃ​ការបង្កើត​សាធារណ​សង្គមនិយម​វៀតណាម នៅ​ឆ្នាំ​២០៤៥​។

​ឯកឧត្តម ក៏​បាន​គូសបញ្ជាក់ថា​ប្រទេស​វៀតណាម និង​កម្ពុជា​ជា​ប្រទេស​ភូមិ​ផង​របង​តែមួយ ការជួយ​គ្នា​ទៅវិញទៅមក​គឺ​ជា​ជា​កត្តា​សត្យានុម័ត និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង ដើម្បី​សន្តិភាព​តំបន់ និង​ពិភពលោក និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ សម្តេច​តេជោ ដែល​សម្រេចបាន​នូវ​ស្ថិរភាព សុខសន្តិភាព និង​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា និង អបអរសាទរ​តួនាទី និង​កិត្យានុភាព​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម ក៏​បាន​ប្តេជ្ញា បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ជំនួប​រវាង​គណបក្ស សភា រដ្ឋាភិបាល និង​រវាង​ប្រជាជន និង ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​នៃ​ប្រទេស​យើង​ទាំងពីរ​។ ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​ពី​ការរក្សា​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​មិន​ឱ្យ​កម្លាំង​អមិត្ត​ប្រើប្រាស់​ទឹកដី​ប្រឆាំង​ប្រទេសជិតខាង និង​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទប់ស្កាត់​បទល្មើស និង​ព័ត៌មាន​មិន​ពិត និង​ថែរក្សា​ការពារ​ប្រភពទឹក​ទន្លេមេគង្គ​។ ឯកឧត្តម បាន​ថ្លែងអំណរគុណ ចំពោះ​កម្ពុជា​ដែល​បាន​ផ្តល់​អំណោយ​ដល់​វៀតណាម នៅពេល​រងគ្រោះ​ព្យុះ​យ៉ា​ហ្គី​។

​ជា​ការឆ្លើយតប ក្នុងនាម​សម្តេច​តេជោ​ផ្ទាល់ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​តេជោ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម តូ ឡឹម និង​ថ្នាក់ដឹកនាំ​វៀតណាម ដែល​បាន​ស្វាគមន៍ សម្របសម្រួល និង​ការពារ​សន្តិសុខ​ល្អ ដល់​ការ​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅ​ខ្មែរក្រោម​យ៉ាង​រលូន ដែល​នេះ​បង្ហាញឱ្យឃើញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​ល្អ និង​ការថែរក្សា​ទំនៀម​ទំលាប់​ខ្មែរក្រោម​។

​សម្តេច​តេជោ ក៏​បាន​កត់សម្គាល់​យ៉ាង​យកចិត្តទុកដាក់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ខ្មែរក្រោម ដែល​គោរព និង​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ និង​បទបញ្ញត្តិ​នានា​របស់​អាជ្ញាធ​រវៀត​ណា​ម​។ សម្តេច ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​គ្រប់​លំដាប់​ថ្នាក់ បន្ត​យកចិត្តទុកដាក់​លើ​ការថែរក្សា​ទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿ​សាសនា​របស់​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ផងដែរ​។​

​សម្តេច​តេជោ ក៏​បាន​ស្នើ​វៀតណាម ពិនិត្យ​លទ្ធភាព​ចុះ​រួមគ្នា​ជាមួយ​កម្ពុជា ព្រម​ទាំង​ប្រទេស​តាម​ដង​ទន្លេមេគង្គ នូវ​បេតិភណ្ឌអ​រូបី​នានា ដូចជា​សង្ក្រាន្ត​។ ការចុះបញ្ជី​នេះ អាច​ឱ្យ​ការ​ប្រារព្ធ ថែរក្សា និង​ផ្សារភ្ជាប់​គ្នា​រវាង​ប្រទេស​ពាក់ព័ន្ធ​។ សម្តេច ក៏​បាន​ស្នើ​ឱ្យ​វៀតណាម​ជំរុញ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី ដោយ​កម្ពុជា បាននិងកំពុង​នាំចេញ​គ្រាប់ស្វាយចន្ទី​យ៉ាងច្រើន​ទៅ​វៀតណាម ។

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ​ផងដែរ សម្តេច​តេជោ ក៏​បាន​ស្នើ​ឱ្យ​វៀតណាម​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ប្រធាន​គណបក្ស​នៃ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ដែល​ខកខាន​មិន​បាន​ប្រជុំ​កន្លងមក និង​សង្ឃឹមថា​យន្តការ​ប្រជុំ​ប្រធាន​គណបក្ស​នៃ​ប្រទេស​យើង​ទាំង​បី​នេះ ដែល​សម្តេច​តេជោ បាន​ផ្តួចផ្តើមឡើង នឹង​ស្ថិត​នៅ​ជា​និរន្ត​ន៍ និង​សម្រេចបាន​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា វៀតណាម ឡាវ នៅក្នុង​បរិ​ការ​ស្មុគស្មាញ​នៅលើ​ពិភពលោក​។
​សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ ត្រូវ​រក្សា​ក្របខណ្ឌ​ដែល​មាន​ស្រាប់ និង​ត្រូវ​ពង្រីក​ក្របខណ្ឌ​នេះ​ឱ្យ​ធំ​ឡើង​ជា​បន្តបន្ទាប់ តាមរយៈ​យន្តការ​ដែល​មាន​កន្លង​មក និង​គ្រប់​ទិដ្ឋភាព​មិន​ផ្លាស់ប្តូរ ធានា​រក្សា​បាន​សន្តិសុខ ទោះ​ក្នុង​សភាពការណ៍​ណាក៏ដោយ និង​ទប់ស្កាត់​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល តាម​រូបភាព​បដិវត្តន៍​ពណ៌ ដែល​នៅតែ​បន្ត​មាន​។
​ជា​ចុងក្រោយ​នៅ​ចុងបញ្ចប់ សម្តេច​តេជោ ជូនពរ​ឯកឧត្តម ជិន ថាញ់​មិន ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម និង​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុងការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​។​

Leave a Reply

Your email address will not be published. Required fields are marked *