ក្រុមហ៊ុន Hong Leong Manufacturing Group បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​លើ​វិស័យ​សក្តានុពល​របស់​កម្ពុ​ជា​

នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក DATUK KWEK LENG SAN ប្រធាន​ក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែល​មាន​ជំនាញ​ខាង​វិស័យ​ហិរញ្ញវត្ថុ​, អចលនទ្រព្យ​, កម្មន្តសាល និង​បច្ចេកវិទ្យា​។ ក្រុមហ៊ុន​ក៏​មាន​ប្រតិបត្តិការ​អា​ជី​កម្ម​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​ផង​ដែរ រួមមាន​៖ ប្រទេស​ចិន​, ទីក្រុង​ហុងកុង​, ចក្រភព​អង់គ្លេស​, ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អ៉ឺរ៉ុប​។ នៅ​កម្ពុជា ក្រុមហ៊ុន​មាន​ដំណើរការ​អាជីវក​ម្មខាង​វិស័យ​ធនាគារ​។ តាមរយៈ​បទពិសោធន៍​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​មើលឃើញ​ពី​សក្ដានុពល​នៃ​វិនិយោគ​ថ្មីៗ​ជាច្រើន​របស់​កម្ពុជា និង​មានបំណង​ចង់​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​ស្វាគមន៍​ចំពោះ​បំណង​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា ដោយ​បាន​សង្កត់ធ្ងន់ថា កម្ពុជា​ធានាបាន​នូវ​បរិ​យាស​វិនិយោគ​មួយ​ដែល​មាន​ស្ថិរភាព​, មាន​ភាព​ប្រកួតប្រជែង និង​មាន​ក្របខ័ណ្ឌ​ច្បាប់​វិនិយោគ​មួយ​ប្រកប​ដោយ​ភាព​ទាក់ទាញ និង​បើក​ទូលាយ​សម្រាប់​វិនិយោគិន ជាមួយនឹង​ការ​ផ្ដល់​ការលើកទឹកចិត្ត​ជា​ច្រើន​ថែម​ទៀត ដល់​វិស័យ​ឯកជន​។ សម្ដេច​បវរ​ធិបតី បាន​បន្ថែមទៀតថា ការវិនិយោគ​នៅ​កម្ពុជា​មិន​ត្រឹមតែ​សម្រាប់​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ទីផ្សា​តំបន់ និង​សកលលោក​តាមរយៈ​យន្តការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​ការផលិត​គ្រឿងបន្លាស់​យានយន្ត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​តំបន់ និង​ពិភពលោក ហើយ​រាជរដ្ឋាភិបាល​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​គាំទ្រ និង​បង្ក​ភាពងាយស្រួល​ដល់​ភាពជោគជ័យ​របស់​បណ្តា​ក្រុមហ៊ុន​នានា ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​។​

Leave a Reply

Your email address will not be published. Required fields are marked *