សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុងជំនួប​កម្រិត​ខ្ពស់​ជាមួយ ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នៅ​រសៀល ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ជំនួប​កម្រិត​ខ្ពស់​ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅផ្ទះ​ភ្ញៀវ​រដ្ឋ Diaoyutai នៃ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ស៊ី ជីន​ពីង បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​រីករាយ ដែល​បាន​ជួប​សម្តេច​តេជោ​ដែល​ជា​មិត្ត​ចាស់​សាជាថ្មី ហើយ​ដែល​ឯកឧត្តម​បាន​ចាត់ទុក សម្តេច​តេជោ ជា​អ្នកនយោបាយ​ជើងចាស់ ជា​អ្នកដឹកនាំ​ដែល​មាន​ទស្សនៈ​នយោបាយ​វែងឆ្ងាយ មានបទពិសោធន៍​កម្រ​រកបាន ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ចិន និង​កម្ពុជា ជា​ប្រវត្តិសាស្ត្រ​។ ឯកឧត្តម បាន​លើកឡើង​ថា ក្នុងពេល​ដែល​ជំងឺ​រា​ត ត្បា​តកូ​វីដ​១៩ ផ្ទុះឡើង ឯកឧត្តម មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ដែល​សម្តេច​តេជោ បាន​អញ្ជើញ​មក​ធ្វើ​ទស្សន​កិ ច្ច​នៅ​ប្រទេស​ចិន និង បាន​បង្ហាញ​ពី​ជំហរ​ដ៏​រឹងមាំ​របស់​សម្តេច​តេជោ ជាមួយ​រដ្ឋ ប្រជាជន និង​គណបក្ស​កុម្មុយនីស្ត​ចិន​។

​ឯកឧត្តម បាន​បន្តថា ចិន​និង​កម្ពុជា តែងតែ​រួមគ្នា​ការពារ​ផលប្រយោជន៍​រួម ក្នុង​ស្ថានការណ៍​អន្តរជាតិ​ដែល​មាន​ការប្រែប្រួល​យ៉ាង​លឿន និង​ស្មុគស្មាញ​។ ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា កសាង​សហគមន៍ ជោគវាសនា​រួម​ចិន​-​កម្ពុជា ក្នុង​យុគសម័យ​ថ្មី ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង ស្តង់ដា​ខ្ពស់ ហើយ នឹង​បន្ត​ព​តដៃ​ជាមួយ​កម្ពុជា ជា​កម្លាំង​អភិវឌ្ឍន៍​ដែល​ចូលរួម​ចំណែក​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក ។

​នា​ឱកាស​នោះ សម្តេច​តេជោ បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ស៊ី ជីន​ពីង ដែល​បាន អញ្ជើញ​សម្តេច និង​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សន​កិ ច្ច​នាពេលនេះ និង​សូម​ពាំនាំ​នូវ​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ ឯកឧត្តម ប្រធានាធិបតី ផងដែរ​។ សម្តេច​តេជោ បាន​បន្ថែមថា នេះ​ជា​ឱកាស​ល្អ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​សាជាថ្មី ក្រោយ​រយៈពេល​២០​ខែ បន្ទាប់​ពី​ទស្សនកិច្ច​លើក​មុន​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លងមក ។

​សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម ស៊ី ជីន​ពីង យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការផ្តល់​អំណោយ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ដែល​ឱ្យ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេម​ប្រកបដោយ​ជោគជ័យ​ត្រចះត្រចង់ និង​បាន​ឆ្លើយតប​នឹង​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន និង​យុវជន​កម្ពុជា​ទាំងមូល​។

​សម្តេច​ត​ជោ ក៏​បាន​ជម្រាបជូន​ឯកឧត្តម ប្រធានា​ធិ តី ស៊ី ជីន​ពីង អំពី​ការផ្លាស់ ប្តូរ​បន្តវេន​អ្នកដឹកនាំ​ដោយ​រលូន អស់​រយៈពេល ជាង​១​ឆ្នាំ​កន្លងមកនេះ ហើយ អ្នកដឹកនាំ​បន្តវេន​ជំនាន់​ថ្មី បាន​ធ្វើ​ការងារ​ក្នុង​ល្បឿន​លឿន ឈាន​ទៅ​មុខ​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិ ច្ច ទប់ស្កាត់​អតិផរណា និង​ធ្វើឱ្យ ជីវភាព​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរឡើង ។

​ពាក់ព័ន្ធ​នឹង​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី សម្តេច​តេជោ បាន​អរគុណ​រដ្ឋាភិបាល គណបក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ជួយ​គ្រប់យ៉ាង​ដល់​កម្ពុជា ដូចជា ការផ្គត់ផ្គង់​វ៉ាក់សាំង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ដែល​បាន​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា អាច​គ្រប់គ្រង​ស្ថានការណ៍​ទប់ស្កាត់​ជំងឺ​កូវី​ដ ១៩ បាន​ល្អប្រសើរ ឈាន​ទៅ​ស្តារ​សេដ្ឋកិច្ច និង​បើក​ប្រទេស​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។

​សម្តេច​តេជោ បាន​លើកឡើង​ផង​ដែរ​អំពី​ការពង្រឹង​ទំនាក់ទំនង​ជឿជាក់ និង​ទំនុកចិត្ត​ខាង​នយោបាយ ដោយ​បង្កើន ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​បក្ស និង​បក្ស និង​រវាង​រដ្ឋ​ទាំង​ពីរ​។ សម្តេច​តេជោ បាន​ស្នើសុំ​មិត្ត​ចិន​បន្ត​ផ្តល់​ជំនួយឥតសំណង កម្ចី​ឥណទាន ជំរុញ​ការវិនិយោគ ដែល​មិន​ត្រឹមតែ​ចូលរួម​ដល់​ការអភិវឌ្ឍ​សេដ​កិច្ច​-​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ពង្រឹង​ឯករាជ្យភាព​នយោបាយរ​បស់​កម្ពុជា​ផង​ដែរ​។

​សម្តេច​តេជោ បាន​ថ្លែង​នូវ​សេចក្តី​អំណរគុណ​ដល់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ចំពោះ​ការគាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​មិនមែន​ជា​គម្រោង​ថ្មី​ទេ ដោយ​សារ​ជា​គម្រោង​មាន​តាំងពី​សម័យ​ព្រះបាទ អង្គឌួង មក​ម្លេះ​។ គម្រោង​នេះ អនុញ្ញាត​ឱ្យ​កម្ពុជា មាន​ឯករាជ្យភាព​ខាង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក និង​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច ដ៏​ច្រើន ។

​សម្តេច​តេជោ បានស្នើ​បន្ថែមថា ចិន និង​កម្ពុជា​៖ (១) បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ឆបោក ការបង្ក្រាប​បទល្មើស​ល្បែង​អន​ឡាញ …​។​ល​។​, (២) បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​បក្ស និង​បក្ស ជាពិសេស​ទំនាក់ទំនង​រវាង​ចលនា​មហាជន និង​គណៈ​ទាក់ទង​បរទេស​។ តាម​បទពិសោធ​របស់​សម្តេច​តេជោ ការ​ស្គាល់គ្នា​ដែល​ចាប់ផ្តើម​ពី​យុវជន និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន គឺ​មាន​អត្ថប្រយោជន៍ ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​គណ​បក្ស​ទាំងពីរ​ទៅ​អនាគត និង (៣)​បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ចការបរទេស ជាពិសេស​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេជោ បាន​អញ្ជើញ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​ថ្មី​ម្តងទៀត​នៅ​កម្ពុជា ដើម្បី ឯកឧត្តម បាន​ឃើញ​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​នៅ​កម្ពុជា ធៀប​នឹង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម កាលពី​ឆ្នាំ​២០១៦​។

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង បាន​ឯកភាព​ចំពោះ​ការវាយតម្លៃ​ទំនាក់ទំនង កម្ពុជា​-​ចិន របស់​សម្តេច​តេជោ​។ ឯកឧត្តម ស៊ី ជីន​ពីង ក៏បាន​លើកឡើង​ថា​ប្រទេស​ចិន និង​កម្ពុជា នឹង​បន្ត​ពង្រឹង ការគាំទ្រ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​មិត្ត​ដែកថែប ដើម្បី​ការពារ​ផលប្រយោជន៍​ស្នូល​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម ស៊ី ជីន​ពីង ក៏បាន​លើកឡើង​អំពី​ការផ្លាស់ប្តូរ​ទស្សនៈ និង​បទពិសោធ​ក្នុង​ការកសាង​គណបក្ស​រៀងៗ​ខ្លួន និង​បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ​ដោយសារ​សម្តេច​តេជោ រីឯ គណបក្ស​កុម្មុយនីស្ត​ចិន ក៏​បាន​ធ្វើ​ការពង្រឹង​គ​ណ​បក្ស​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​ជា​លំដាប់​ផងដែរ​។

​ឯកឧត្តម បាន​បន្ថែមថា ប្រទេស​ចិន និង​កម្ពុជា ត្រូវ​ចាប់​យក​ឱកាស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ថ្មី នៅក្នុង​ក្របខ័ណ្ឌ​នៃ​កំណែទម្រង់ និង​អភិវឌ្ឍ​បែប​ថ្មី​នៃ​ការសម្រេច​ការកសាង​សហគមន៍​ជោគវាសនា​រួម ការអនុវត្ត កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ការកសាង​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា និង​ច្រករបៀង​មច្ឆា និង​អង្ករ​។​

​ឯកឧត្តម ស៊ី ជីន​ពីង ក៏​បាន​ជំរុញ​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​ប​ញ្ច​-​កោណ​របស់​រាជរដ្ឋាភិបាល​អណត្តិ​ថ្មី ។ ឯកឧត្តម ស៊ី ជីន​ពីង មាន​ក្តីសប្បាយរីករាយ ដែល​កម្ពុជា​សម្រេចបាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ជាមួយគ្នានេះដែរ កម្ពុជា​-​ចិន នឹង​បន្ត​ការ ផ្លាស់ប្តូរ​ប្រជាជន​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដោយ​កម្ពុជា​ជា​គោលដៅ​ពេញនិយម​សម្រាប់​ទេសចរ​ចិន​។ ឯកឧត្តម ស៊ី ជីន​ពីង បាន​បន្ថែមថា កម្ពុជា​-​ចិន​មាន​ទំនុកចិត្ត ទៅវិញទៅមក ក្នុង​ការដោះស្រាយ​ភាព ស្មុគស្មាញ​នៃ​ស្ថានការណ៍​អន្តរជាតិ ហើយ​ភាគី​ចិន​គាំទ្រ​តួនាទី​កាន់តែ​សកម្ម​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​អន្តរជាតិ​។

​ជា​ចុងក្រោយ ឯកឧត្តម ស៊ី ជីន​ពីង រីករាយ នឹង​ទទួល​ការអញ្ជើញ​របស់ សម្តេច​តេជោ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា តាម​ពេលវេលា​សមស្រប នាពេលខាងមុខ​។ ឯកឧត្តម ស៊ី ជីន​ពីង សូម​សម្តេច​តេជោ ពាំនាំ​នូវ​សេចក្តី​សួរសុខទុក្ខ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សូម​ជូនពរ​សម្តេច​តេជោ និង​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ប្រកបដោយ​ជោគជ័យ និង​ស្នាក់នៅ​ប្រទេស​ចិន​ដោយ​សប្បាយរីករាយ​៕

Leave a Reply

Your email address will not be published. Required fields are marked *