​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ​។ សម្តេច​តេជោ បាន​លើកឡើង​ថា សម្តេច​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ កាល​សម្តេច​នៅ​ជា​នាយករដ្ឋមន្ត្រី និង​បាន​បន្ថែមថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ត្រៀម​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នា​ខែ​មករា ឆ្នាំ​២០២៥ នេះ​ផង​ដែរ​។ សម្តេច​រីករាយ​នឹង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ប្រកបដោយ​ការចាប់​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​។

​នា​ឱកាស​នោះ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​អរគុណ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដល់​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម​ក្នុង​ឱកាស​នេះ និង​បាន​ពាំនាំ​ការសួរសុខទុក្ខ សេចក្តី​នឹករលឹក និង​ការអញ្ជើញ​របស់​ឯកឧត្តម សាយ​សំផន ភុម​វិហា​ន ប្រធានរដ្ឋសភា​ឡាវ​ជូន សម្តេច​តេជោ និង​គណៈប្រតិភូ​កម្ពុជា ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ នា​ពេលវេលា​សមស្រប​ខាងមុខ​។​

​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ដែល​បាន​នាំមក​នូវ​ភាព​ស៊ីវិល័យ ស្ថិរភាព​នយោបាយ ជីវភាព​ប្រជាពលរដ្ឋ​មាន​ការរីកចំរើន​ជា​ជំហានៗ និង​ជា​ពិសេស​កិត្យានុភាព​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម ក៏​បាន​អរគុណ​កម្ពុជា ដែល​ជា​បងប្អូន​ដ៏​ស្មោះស្ម័គ្រ ដែល​បាន​គាំទ្រ​កិច្ចប្រជុំ​អាស៊ាន និង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៥ (AIPA) នៅ​ឡាវ រហូត​ទទួលបាន​ជោគជ័យ​តាម​គោលដៅ​យ៉ាង​ត្រចះត្រចង់​។​

​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មកពី​ព្យុះ​ទី​ហ្វុង​យ៉ា​ហ្គី​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​សម្តែង​នូវ​សេចក្តី​អំណរ​អរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​សម្តែង​នូវ​ការយកចិត្តទុកដាក់ និង​ការជួយ​គ្នា​ក្នុង​គ្រាអាសន្ន​នៃ​គ្រោះ​ធម្មជាតិ​នេះ​។ ឯកឧត្តម ក៏​បាន​ជម្រាបជូន សម្តេច​តេជោ អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​កន្លង​ទៅ និង​បាន​វាយ​ត ម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នៃ​ប្រទេស​យើង​ទាំងពីរ តាមរយៈ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​។

​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​បន្ត​ជម្រាបជូន សម្តេច​តេជោ ថា ឯកឧត្តម មាន​ការពេញចិត្ត​ជាខ្លាំង​ចំពោះ​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែន ដែល​ភាគី​ប្រទេស​យើង​ទាំងពីរ បាន​ស្តាប់​ទស្សន​គ្នា​ទៅវិញទៅមក យោគយល់​គ្នា​អស់ពី​ចិត្ត​អស់​ពី​ថ្លើម និង​ត្រង់​ទៅ​ត្រង់​មក​។ ឯកឧត្តម ក៏​បាន​ស្នើ​ឱ្យ​បរិយាកាស​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ដ៏​ល្អ​នេះ បន្ត​ទៅ​មុខ​ដើម្បី​ឈាន​ទៅ​ដោះស្រាយ​កិច្ចការ​ព្រំដែន​រួមគ្នា ប្រកប​ដោយ​ការអភិវឌ្ឍ​។ ឯកឧត្តម បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា សម្តេច​តេជោ នឹង​បន្ត​ពូន​ជ្រំ និង​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​យើង​ទាំង​ពីរ រវាង​គណបក្ស​និង​គណបក្ស និង​រវាង​ប្រជាជន​យើង​ផង​ដែរ​។

​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​សម្តែង​នូវ​ការរីករាយ​ជាថ្មី​ម្តងទៀត នូវ​ទំនាក់ទំនង​មិត្តភាព​ប្រកបដោយ​ផ្លែផ្កា​នៃ​សាមគ្គីភាព​ឡាវ​-​កម្ពុជា បាន​ឈាន​រហូត​ដល់​កម្រិត “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​”​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម សនសៃ​ស៊ីផាន់ដន ក្នុង​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​នា​ពេលកន្លងមក និង​បាន​ទទួលយក​ការអញ្ជើញ​របស់​ឯកឧត្តម សាយ​សំផន ភុម​វិហា​ន ប្រធានរដ្ឋសភា​ឡាវ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ នា​ពេលវេលា​សមស្រប​ណាមួយ​នាពេលខាងមុខ​។ សម្តេច​តេជោ ក៏​បាន​ស្នើ​ឱ្យ​ទស្សនកិច្ច​នេះ ជា​ទស្សនកិច្ច​ក្នុងនាម​គណបក្ស និង​ព្រឹទ្ធសភា​ផងដែរ​។​

​នៅក្នុង​ជំនួប​នេះ សម្តេច​តេជោ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ជា​ផ្លែផ្កា​ដែល​អាស៊ាន​សម្រេចបាន ដែល​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​សាមគ្គីភាព​អាស៊ាន និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ សម្តេច​តេជោ ក៏​បាន​ជម្រាបជូន ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន ថា ដើម្បី​រក្សាបាន​នូវ​សុខ​សន្តិភាព​ជូន​ប្រជាជន កម្ពុជា​សម្រេច​ដក​ខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែ​ការដកខ្លួន​របស់​កម្ពុ​ជា​នេះ មិនមែន​ដក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​បី​នោះទេ​។ សម្តេច​តេជោ បាន​បន្តទៀតថា ប្រទេស​យើង​ទាំងបី កម្ពុជា​ឡាវ វៀតណាម នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​តាម​យន្តការ​ដែល​បាន​ស្រាប់​ជាទូទៅ និង​កម្រិត​ប្រទេស​តែម្តង និង​បន្ត​ពង្រីក​បន្ថែម​កិច្ចសហប្រតិបត្តិការ​នេះ ជា​ពិសេស​តាមរយៈ​ជំនួប​ជា​ទៀងទាត់​នៃ​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធី​អភិវឌ្ឍ​យុវជន​នៃ​ប្រទេស​យើង​ទាំងបី​។​

​សម្តេច​តេជោ ក៏​បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ជាពិសេស​ជូន ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត និង​បាន​បន្តថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អតីត​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា ត្រូវបាន​ផ្លាស់​ទៅ​កាន់​តំណែង​ជា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ហើយ ឯកឧត្តម អ៊ុច បូរ​រិទ្ធ​ត្រូវបានតែងតាំ​ង​ជា​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​កម្ពុជា​។ សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច ព្រឹទ្ធសភា​កម្ពុជា ផ្តោត​សំខាន់​លើ​កិច្ចការ​សំខាន់​ពីរ​គឺ ការទូត​សភា និង​គណនេយ្យភាព​របស់​សមាជិក​ព្រឹទ្ធសភា​នៅ​ចំពោះមុខអ​ង្គ​បោះឆ្នោត​។​

​ជា​ការឆ្លើយតប ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​ជម្រាបជូន សម្តេច​តេ​ជោថា​ឯកឧត្តម នឹង​ពាំនាំ​ស្មារតី​នៃ​ជំនួប​នេះ​រាយការណ៍​ជូន ឯកឧត្តម ថង​លុន​ស៊ី​សុ​លី​ត និង​ឯកឧត្តម សាយ​សំផន ភុម​វិហា​ន​។ ឯកឧត្តម ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការដកខ្លួន​របស់​កម្ពុជា​ចេញ​ពី​កិច្ចសហប្រតិបត្តិកា​រតំ​បន់​ត្រី​កោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)​ក្នុងនាម​រដ្ឋាភិបាល​ឡាវ និង​ខ្លួន​ឯកឧត្តម​ផ្ទាល់ ឯកឧត្តម សូម​សម្តែង​នូវ​ការ​យល់ចិត្ត​យល់​ថ្លើម​នៃ​ការលំបាក​របស់​កម្ពុជា និង​បាន​បញ្ជាក់ថា ឯកឧត្តម នឹង​សហការ​យ៉ាង​ជិតស្និត​ជាមួយ សម្តេច​មហា​បវរ​ធិបតី​។ ឯកឧត្តម បាន​ជូនពរ សម្តេច​តេជោ សូម​មាន​សុខភាព​ល្អ​បរិបូណ៍ ជន្មាយុ​យឺនយូរ និង​បន្ត​តាមដាន ដឹកនាំ​កម្ពុជា​ឱ្យមាន​ភាពរុងរឿង​ឆ្លង​ឧបសគ្គ​នានា និង​ជូនពរ កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី ជា​មិត្តភាព​បងប្អូន ជា​ប្រទេស​ភូមិ​ផង​របង​តែមួយ និង​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ឱ្យ​គង់វង្ស​ជា​រៀងរហូត​។

​ជា​ចុងក្រោយ​នៅ​ចុងបញ្ចប់ សម្តេច​តេជោ ជូនពរ​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំង​ពីរ​៕

Leave a Reply

Your email address will not be published. Required fields are marked *