​ក្រុមហ៊ុន​ប្រមាណ​ជាង ៥០ ដែល​ជា​សមាជិក​វេទិកា​សម្ព័ន្ធ​ឧស្សា​កម្ម​កូរ៉េ (KIAF) បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Marn-Ki Jeong ប្រធាន​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម​នៃ​ប្រទេស​កូរ៉េ (KIAF) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សាល​សន្និបាត​ភី​អេច​ហ្គ្រេ​នហល (​បឹង​ស្នោ​)​។​

​លោក​ប្រធាន​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​បវរ​ធិបតី​សា​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ជំនួប​លើកដំបូង​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ប្រមាណ ៧ ខែ​មុន និង​បាន​គោរព​ជម្រាបជូន​សម្តេច​បវរ​ធិបតី​ថា លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​កូរ៉េ​មក​ពី​បណ្ដា​ក្រុមហ៊ុន​ចំនួន ៥០ មក​កម្ពុជា ក្នុង​គោលបំណង​ស្វែងយល់​ពី​កាលានុភាព​វិនិយោគ​នៅ​កម្ពុជា តាម​ការសន្យា​នៅពេលដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​បវរ​ធិបតី​លេីក​ដំបូង​។ លោក​ប្រធាន​បាន​បន្ថែម​ទៀត​ថា​បណ្ដា​ក្រុមហ៊ុន​ដែល​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា នាពេលនេះ បាន​បង្ហាញ​បំណង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​រួមមាន​៖ វិស្វកម្ម​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​, ការអភិវឌ្ឍ​ធនធាន​មនុស្សលេី​ជំនាញ​យានយន្ត បច្ចេកទេស បច្ចេកវិទ្យា​, សេវា​ថែទាំ​សុខភាព​និង​កែ​សម្ផស្ស​, ការវិនិយោគ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ទូទៅ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាដើម​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការរីករាយ និង​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​របស់​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម​កូរ៉េ នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​ពី​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដោត​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ​មាន​ការសាងសង់​អាកាស​យានដ្ឋាន​ខ្នាត​អន្តរជាតិ​, ផ្លូវ​ល្បឿន​លឿន​, ការកែលម្អ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវ​រថភ្លើង និង​កំពង់ផែ​ទឹក​ជ្រៅ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន​ទៀត​។ ជាមួយគ្នា​នោះ​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា ការកសាង​មូលធន​មនុស្ស​ក៏​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល ដែល​បាន និង​កំពុង​យកចិត្តទុកដាក់​លើ​ជំនាញ​យានយន្ត និង​បច្ចេកវិទ្យា ដើម្បី​បម្រើ​ដល់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​ពី​គោលនយោបាយ និង​យន្តការ​លើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល​ក​ម្ពជា ដែល​ធានា​ដល់​បរិយាកាស​វិនិយោគ​មួយ​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ដោយ​ក្នុង​នោះ​សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់​លើ​ការតភ្ជាប់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​តំបន់ និង​សកលលោក តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទាំង​ទ្វេភាគី និង​ពហុភាគី​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម បន្ត​ទំនាក់ទំនង និង​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បន្ថែមទៀត ដើម្បី​ចាប់​យក​នូវ​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ៕

 

Leave a Reply

Your email address will not be published. Required fields are marked *