សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​ប្រធាន​មូលនិធិ GX Foundation និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ​ប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Leung Chun-Ying ប្រធាន​មូលនិធិ GX Foundation និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ​ប្រជាជន​ចិន និង សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​នា​ឱកាស​នៃ​ជំនួប លោក​ប្រធាន​មូលនិធិ GX Foundation បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​លោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​មូលនិធិ​GX Foundation ជាមួយនឹង​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេលកន្លងមក ដោយ​បាន​បញ្ជាក់ថា​មូលនិធិ​បាន​ចុះ​នូវ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយនឹង​ក្រសួង​សុខាភិបាល ដើម្បី​សហកា​រលើ​ការថែទាំ និង​ការព្យាបាល​ជំងឺភ្នែកឡើងបាយ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន នា​ពេលកន្លងមក​។ បន្ថែម​ពី​នេះ លោក​ប្រធាន​មូលនិធិ បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​ការ​បន្ត​កិច្ចសហប្រតិបត្តិការ និង​គម្រោង​ពង្រីក​កម្មវិធី​ចំនួន​ពីរ ដោយ​សហការ​ជាមួយនឹង​ក្រសួង​សុខាភិបាល​៖ ទី​១). ការពង្រីក​នូវ​ការផ្ដល់​សេវា​ពិនិត្យ និង ព្យាបាល​ជំងឺភ្នែកឡើងបាយ​ទៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ថ្មីៗ បន្ថែមទៀត និង ទី​២). ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​សម្តែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់ មូលនិធិ GX Foundation នៅ​ក្នុង​ការគាំទ្រ​ទៅដល់​វិស័យ​សុខាភិបាល​កម្ពុជា នា​ពេលកន្លងមក ជាពិសេស​ការរួមចំណែក​របស់​មូលនិធិ នៅក្នុង​ការផ្តល់​សេវា​ពិនិត្យ និង ព្យាបាល​ជំងឺភ្នែកឡើងបាយ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​មួយចំនួន និង​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នៃ​ការពង្រីក​កម្មវិធី​របស់​មូលនិធិ ក្នុង​ការគាំទ្រ​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​បន្ថែម​ទៀត ដូចជា​កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម ។ ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ទៅ​ដល់​មូលនិធិ GX Foundation ឱ្យ​បន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ ទៅលើ​កម្មវិធី​ទាំងនេះ ជាមួយនឹង​ក្រសួង​សុខាភិបាល​បន្ថែម​ទៀត ជាពិសេស ក្នុង​ការកំណត់​នូវ​បណ្តា​ខេត្ត​គោលដៅ​ថ្មីៗ សម្រាប់​ការផ្ដល់​សេវា​ពិនិត្យ និង ព្យាបាល​ជំងឺភ្នែកឡើងបាយ និង កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម​៕

Leave a Reply

Your email address will not be published. Required fields are marked *