សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កីឡាករ កីឡា​ការិនី និង​អត្ត​ព​លិក មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍ ដល់​កីឡាករ កីឡា​ការិនី និង​អត្ត​ព​លិក ចំនួន​៥៦០​នាក់ មុន​ពេល​ពួកគេ​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Game) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ចំពោះ​សមត្ថភាព​ក្មួយៗ​កីឡាករ កីឡា​ការិនី និង​គ្រូបង្វឹក ដែល​បាន​ខិតខំ​ហ្វឹកហ្វឺន​ដល់​កីឡាករ​ទាំងអស់​ទទួល​បាន​ជ័យជំនះ​ជា​បន្តបន្ទាប់​។ ហើយ​ការចេញ​ទៅ​ប្រកួត​លើក​នេះ​សរុប​ទាំងអស់​មាន​ចំនួន​៥៦០ នាក់ ដែល​ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​ប្រមាណ​ជាង​៤០​នាក់ ដែល​នេះ​ចំនួន​ដ៏​សមស្រប​មួយ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​មុន​ទៅ​ចូលរួម​ប្រកួត​កីឡា SEA Games នៅ​ប្រទេស​វៀតណាម​នាពេលខាងមុខ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​កីឡាករ កីឡាការិនី​ទាំងអស់ ពេល​ចេញ​ទៅ​ប្រកួត គឺ​តំណាង​ឱ្យ​ជាតិ​ទាំងមូល​។ សេចក្តីថ្លៃថ្នូរ​របស់​ជាតិ គឺ​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​យើង​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ដល់​ការ​អាប់ឱន​កិត្តិយស​ជាតិ​នោះ​ឡើយ​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ណែនាំ​ដល់​កីឡាករ កីឡា​ការិនី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង​ប្រកួត តែ​ត្រូវ​ចៀសវាង​ការបំពានច្បាប់ និង​លក្ខខណ្ឌ​ប្រកួត ក៏ដូចជា​ការប្រើប្រាស់​សារធាតុ​ប៉ូវ​កម្លាំង​ជាដើម​។

​សម្តេច​តេជោ​បាន​បន្តថា ទោះបី​ដាក់​គោលដៅ​យក​មេដាយ​ឱ្យបាន​ច្រើន​ក៏ដោយ តែ​មិន​ត្រូវ​បំពាន​ច្បាប់ បំពាន​វិន័យ និង​ការប្រើប្រាស់​ថ្នាំ​ប៉ូវ កម្លាំង​ជា​ដាច់ខាត​ដែល​នាំឱ្យ​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​មាន​ការពិចារណា​បំលាស់​ទី​អ្នកជំងឺ​កូវី​ដ​-១៩​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ទៅកាន់​មន្ទីរពេទ្យហ្លង​ម៉ែ ឬ​កន្លែង​ផ្សេង ដើម្បី​ប្រគល់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រឡប់​ទៅ​បម្រើ​ការងារ​កីឡា​ឡើងវិញ ដើម្បី​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ការប្រកួត​កីឡា​ផ្សេងៗ​ពេលដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំក្រោយ​។ ការ​បំលាស់​ទីតាំង​អ្នកជំងឺ​នេះ សម្តេច​តេជោ​បាន​ផ្តល់​យោបល់​ថា អាច​យក​ពួកគាត់​ទៅ​មណ្ឌល​ចាក់អង្រែ ឬ​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​ព្រែក​ព្នៅ តែ​មណ្ឌល​នេះ​បើតាម ឯកឧត្តម ឃួ​ង ស្រេង ថា​អាច​នឹង​សាងសង់​រួចរាល់​ដើមឆ្នាំ​២០២៣​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បង្ហាញ​ពី​គោលបំណង​ចង់​ប្រែក្លាយ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ឲ្យទៅ​ជា​មន្ទីរពេទ្យឯក​ទេ​សខាង​ព្យាបាល​ជំងឺមហារីក​នាពេលខាងមុខ​ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទោះបី​ជំងឺ​កូវី​ដ​-១៩ បាន​ថមថយ​ក៏ពិតមែន តែ​កម្ពុជា​មិន​បោះបង់​ការត្រៀម​លក្ខណៈ​ឆ្លើយតប​នឹង​បញ្ហា​សុខភាព​សាធារណៈ​នោះ​ឡើយ គឺ​យើង​ត្រូវតែ​បន្ត​ការការពារ​ជា​បន្ត​ទៀត​។

​ក្នុងឱកាស​នៃ​ការ​ទៅ​ចូលរួម​ប្រកួត​កីឡា SEA Games នៅ​ប្រទេស​វៀតណាម​ខាងមុខ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡា​ការិនី​ទាំងអស់​អោយ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទទួលបាន​ជ័យជំនះ​បន្ថែមទៀត ។ សម្តេច​តេ​ជោបាន​ឧបត្ថ​ម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ចំនួន ៥៦០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន $500 សម្រាប់​ការធ្វើ​ដំណើរ​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​កីឡាករ​កីឡា​រិនី និង​គ្រូបង្វឹក​ទាំងអស់ ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកួត និង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​៕​

Leave a Reply

Your email address will not be published. Required fields are marked *