​ក្រុមហ៊ុន CCCC បង្ហាញ​សុទិដ្ឋិនិយម​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក វ៉ាង តុង​ចូ​វ (Wang Tongzhou) ប្រធាន​ក្រុមហ៊ុន China Communications Construction Company (CCCC) នៅ​វិមាន​សន្តិភាព​។​

​ក្នុងជំនួប​នោះ​, លោក វ៉ាង តុង​ចូ​វ បាន​សម្ដែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការផ្ដោត​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការសាងសង់ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធានា​នូវ​បរិយាកាស​វិនិយោគ​ល្អ​។ លោក​ប្រធាន​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​ធិបតី អំពី​ប្រតិបត្តិកា​រអា​ជី​កម្ម​របស់​ក្រុមហ៊ុន CCCC ដែលជា​ក្រុមហ៊ុន​វិស្វកម្ម​ចិន​ឈាន​មុខ​គេ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការជីក​ស្តារ​ព្រែកជីក ក៏​ដូចជា​ប្រព័ន្ធ​ស្រោចស្រព​ធំៗ ជា​ដេ​ី​ម​។ បច្ចុប្បន្ន ក្រុមហ៊ុន មាន​ប្រតិបត្តិការ​អាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញ​ពិភពលោក​។ លោក​បាន​បន្តថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CCCC ជា​អ្នកទទួល​បន្ទុក​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​។ លោក វ៉ាង តុង​ចូ​វ ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​បាន​ឈាន​ដល់​ការចុះ​កិច្ច​ព្រមព្រៀង​លើ​ឯកសារ​សំខាន់ៗ​សម្រាប់​ការអនុវត្ត​គម្រោង​នេះ ស្របពេល​នៃ​ដំណេីរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង នាពេលនេះ នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ ថែម​ទៀត​។ លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញ​លេញលេី​គម្រោង​នេះ​។ លោក​ប្រធាន ក៏​បាន​គូសបញ្ជាក់​ពី​សុទិដ្ឋិនិយម នៃ​ការអនុវត្ត​គម្រោង និង​បាន​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន ក្នុង​ការសាងសង់​ព្រែកជីក​នេះ ឱ្យ​សម្រេចបាន​ជោគជ័យ តាម​ផែនការ​ដែល​បានកំណត់ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ជា​គំរូ​មួយ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន និង​សម្ដែង​ការរីករាយ​ចំពោះ​ក្រុមហ៊ុន CRBC ដែល​បានដេីរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​កម្ពុជា ជាពិសេស​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល និង​សារៈសំខាន់​នៃ​ព្រែកជីក​ហ្វូណន​តេជោ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​នឹង​បើក​សក្ដានុពល​ក្នុង​ការតភ្ជាប់​ផ្លូវទឹក ពី​ទន្លេ​ទៅកាន់​សមុទ្រ និង​ពង្រីក​សក្ដានុពល​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ឡូ​ជី​ស្ទីក និង​អចលនទ្រព្យ ដែល​នឹង​ជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ចជាតិ ថែម​ទៀត​។​

​មុន​បញ្ចប់​, សម្ដេច​បវរ​ធិបតី បាន​អបអរសាទរ​ចំពោះ​ការឯកភាព​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​សម្រាប់​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ និង​ជឿជាក់​ថា គម្រោង​នេះ​នឹង​បញ្ចប់​ការសាងសង់​ដោយ​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕

Leave a Reply

Your email address will not be published. Required fields are marked *