​មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​

នា​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង គណៈប្រតិភូ បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នេះ​។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ក៏​បានស​ម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​គោរ​ព​ជម្រាបជូន​សម្ដេចប​វរ​ធិបតី​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ​មកកាន់​កម្ពុជា​នា​ឱកាស​នេះ គឺ​ដើម្បី​បន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​កងទ័ព​ជើងគោក​កម្ពុជា​។

​ជា​ការឆ្លើតយប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពិសេស​មកកាន់​ទឹកដី​អង្គរ ដែល​ជា​ដែនដី​អាណាចក្រ​ដ៏​រុងរឿង​មួយ​របស់​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​កម្ពុជា ដែល​ក្នុងនោះ រួម​ទាំង​ការថែរក្សា​បេតិកភណ្ឌ និង​ប្រាង្គ​ប្រាសាទ​នៅ​កម្ពុជា ហេ​ី​យ​ជប៉ុន​ក៏​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ (ICC-Angkor) ផងដែរ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង កម្ពុជា និង ជប៉ុន ព្រមទាំង​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ស្វ័យ​ការពារជេី​ង​គោក​ជប៉ុន ដែល​បាន​ផ្ដល់​នូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​កងទ័ព​ជើងគោក​កម្ពុជា​។ ទន្ទឹមនឹងនេះ​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា ជប៉ុន គឺជា​មិត្ត​ចាស់ និង​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។ ការចែករំលែក​បទពិសោធ​ន៍​, ជំនាញ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​កម្ពុជា​គឺជា​កិច្ចការ​សំខាន់ ជាពិសេស ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​កងទ័ពជើងគោក​កម្ពុជា ដោយហេតុ​ថា​ជប៉ុន​ជា​ប្រទេស​ដែល​មាន​ជំនាញ និង​បទពិសោធន៍​ខ្ពស់​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​, កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ នឹង​អាច​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក ព្រមទាំង​អាច​រួម​សហការ​គ្នា​នៅក្នុង​កិច្ចការ​មនុស្សធម៌​ជាដើម​។

​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង​ពីរ ពិនិត្យ​លទ្ធភាព​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុងការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួម សម្រាប់​ការសង្គ្រោះ​គ្រោះមហន្តរាយ និង​ការ​បោសសម្អាត​មីន ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *