សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៥​ពាន់​នាក់​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៥​ពាន់​នាក់​។​

​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សាខា​វាល​ស្បូង​ដែល​សម្ពោធនេះ ជា​អគារ​បម្រើ​ដល់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ឌី​ជី​ផល​។ អគារ​នេះ​សាងសង់​លើ​ដី​ទំហំ ៦​ហិកតា​។ ដំណើរការ​រៀបចំ​អភិវឌ្ឍ​ទីតាំង​នេះ មាន​រយៈពេល ៥​ឆ្នាំ ដោយ​សម្រេច​បាន​ជំហាន​ទី​១ និង​បាន​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​ជាង​៦​លាន​ដុល្លារ ដោយ​រួមមាន​ការរៀបចំ​អភិវឌ្ឍ​ផ្នែក​រឹង ហេ​ដ្ឋា​រចនាសម្ពន្ធ័​រូបវន្ត និង​ផ្នែក​ទន់ ការរៀបចំ​អភិវឌ្ឍ​កម្មវិធីសិក្សា​ថ្មីៗ​ស្រប​តាម​និន្នាការ​ថ្មី​។ និស្សិត​ជ័យលាភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​មាន​ចំនួន ៥,២៣២​នាក់ នារី ៣,២១៧​នាក់ ស្មើនឹង ៦១.៥ ភាគរយ​។ ក្នុងនោះ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ៤,៥៨៧​នាក់ នារី ២,៩៥៤​នាក់ ស្មើនឹង ៦៤.៤​ភាគរយ​, និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៦៤២​នាក់ នារី ២៦៣​នាក់ ស្មើនឹង ៤០.៩​ភាគរយ និង​ថ្នាក់​បណ្ឌិត​ចំនួន ៣​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្តី​សោមនស្ស​រីករាយ​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សម្ពោធ​ទីតាំង​សាកលវិទ្យាល័យ​សាខា​វាល​ស្បូវ​។ សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា ការបញ្ចប់​ឧត្តម​សិក្សា​ជា​សមិទ្ធផ​ល​ធំ ដែល​កើតចេញ​ពី​ការប្រឹងប្រែង និង​ការកំណត់​ទិសដៅ​ច្បាស់លាស់​របស់​និស្សិត​ម្នាក់ៗ ដែល​ជា​សមិទ្ធផល​មួយ​ដ៏​ធំ​សម្រាប់​ក្រុម​គ្រួសារ ជាពិសេស​អាណាព្យាបាល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ការបញ្ចប់​ឧត្តមសិក្សា បានមក​ពី​ការប្រឹងប្រែង​របស់​សាស្ត្រាចារ្យ​ក្នុង​ការផ្ទេរ​ចំណេះដឹង ក៏ដូចជា​ការចូលរួម​ចំណែក​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​សិក្សា​របស់​សាកលវិទ្យាល័យ​។ និស្សិត​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ គឺជា​ធនធាន​ដ៏​រឹងមាំ​សម្រាប់​សង្គមជាតិ​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​របស់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ប្រឹងប្រែង​ក្នុង​ការបណ្តុះបណ្តាល​និស្សិត​។ សម្តេច​បាន​អបអរសាទរ​ចំពោះ​ការបង្កើត​ទីតាំង​ថ្មី​របស់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​វាល​ស្បូវ​។ សម្តេច​ធិបតី បាន​ថ្លែងថា វត្ត​មាន​ទីតាំង​ថ្មី​របស់​សាកលវិទ្យាល័យ កើតចេញពី​ការប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សាលា ហើយ​នឹង​ក្លាយទៅជា​កន្លែង​បណ្តុះបណ្តាល​ដ៏​មាន​សារៈសំខាន់​នាពេល​អនាគត​។​

​សម្តេច​ធិបតី​បាន​បន្តទៀតថា ការកសាង​ធនធានមនុស្ស​ដែល​មាន​សុខភាព​ល្អ និង​ចំណេះដឹង​ខ្ពស់ គឺ​មាន​សារៈសំខាន់ និង​ចាំបាច់​ណាស់​សម្រាប់​សង្គម​ជាតិ​។​សញ្ញាបត្រ​ដែល​និស្សិត​ទទួលបាន​នេះ ជា​ការជួយ​លើកកម្ពស់​កម្រិត​ប្រកួតប្រជែង បង្កើន​ភាពម្ចាស់ការ ជា​មូលដ្ឋាន​បង្កើន​គុណវុឌ្ឍ​កាន់តែ​ខ្ពស់​ឆ្ពោះទៅ​កាន់​ការបង្កើន​សមត្ថភាព​កាន់តែ​ខ្ពស់​។ ប្រទេស​មួយ​មាន​ធនធានមនុស្ស មាន​មូលធន​មនុស្ស ដែល​មាន​សុខភាព​ល្អ មាន​សមត្ថភាព​ខ្ពស់ នឹង​ធ្វើឱ្យ​ការប្រកួតប្រជែង​របស់​ប្រទេស​នោះ​កាន់តែ​ខ្លាំង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា មុន​ពេល​រាតត្បាត​ជំងឺ​កូវី​ដ​១៩ កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​១០​ដទៃ​ទៀត​លើ​ពិភពលោក​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការទទួលបាន​ពានរង្វាន់​ពី​កម្មវិធី verify.gov.kh របស់​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​សមត្ថភាព​របស់​កម្ពុជា​។ គ្មាន​នរណា​ហាមឃាត់​មហិច្ឆតា​កម្ពុជា លើ​ផែនការអភិវឌ្ឍន៍​នោះទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា កាលពី​ឆ្នាំ​៩០ ការសរសេរ​ផែនការ ភាគច្រើន​កម្ពុជា​ពឹង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ តែ​បច្ចុប្បន្ន​ផែនការ​ទាំងឡាយ សរសេរ​ដោយ​ខ្មែរ​។ សម្តេច​បាន​បន្តថា ការកសាង​មូលធន​មនុស្ស គឺជា​ការ​កិច្ច​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា មនុស្ស​នៅ​ជុំវិញ​សម្តេច ដែល​លូត​លឿន គឺ​ការចេះ​សិក្សា​ពី​ខ្លួនឯង ដកស្រង់​ចំណុច​ខ្វះខាត​របស់​ខ្លួន ហើយ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួនឯង ដាក់ខ្លួន​ល្ងង់​ច្រើន នឹង​នាំឱ្យ​ចេះ​ច្រើន​។ មនុស្ស​ដែល​ដឹង​ខ្លួន​ឯង ហើយ​ចេះ​ពង្រឹង​ខ្លួនឯង ទើប​ធ្វើឱ្យ​ខ្លួនឯង​ឱ្យ​ជោគជ័យ​។​

​ជាមួយនឹង​ការសម្ពោធ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាខា​វាល​ស្បូវ និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ប្រមាណ​ជាង ៥​ពាន់​នាក់ នៅថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជូនពរ​និស្សិត​ទាំងអស់ឲ្យ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *