ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​

(​ភ្នំពេញ​)៖ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​បាន​ប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា សូម​បដិសេធ​ដាច់អហង្ការ​ចំពោះ​សេចក្តីប្រកាស​របស់ ក្រសួង​ការបរទេស​ថៃ ចុះផ្សាយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ចោទប្រកាន់​ខុស​ពី​ការពិត​ថា កម្ពុជា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់ ដែល​បាន​ឯកភាព​គ្នា​កាល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ជាថ្មី​ម្តងទៀត​កម្ពុជា​សូម​ទាត់ចោល​ទាំងស្រុង​ការបន្ត​ប្រឌិត​អះអាង​របស់​ថៃ​នេះ ដូចដែល​បាន​ធ្វើ​រួចមក​ហើយ​នៅក្នុង​សេចក្ដីថ្លែងការណ៍ របស់​ក្រសួងការបរទេស​កម្ពុ​ជា ចេញ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​។

​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ ដែល​ចាត់ទុកថា​ជា​ការរំលោភ​លើ​បទ​ឈប់​បាញ់​ដែល​បាន​ព្រមព្រៀងគ្នា​។​

​កម្ពុជា​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង ក្នុង​បំណង​ចៀសវាង​ការបាត់បង់​អាយុជីវិត​មនុស្ស ដោយ​មិន​ចាំបាច់​បន្ថែមទៀត ក៏ដូចជា​ការរង​ទុក្ខ​របស់​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​ត្រូវ​រត់ចោល​លំនៅដ្ឋាន ដោយសារតែ​ការ​ប្រយុទ្ធ​គ្នា កម្ពុជា​បញ្ជាក់​ជា​ថ្មី​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ ព្រមទាំង​ការដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី​។​

​បច្ចុប្បន្ននេះ គឺជា​ពេលវេលា​ដែល​ត្រូវ​ផ្តោត​ការគិតគូរ​ទៅលើ​គោលដៅ​ចម្បង ក្នុង​ស្តារ​សន្តិភាព និង​រក្សា​ចីរភាព​នៃ​សន្តិភាព ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ និង​ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​។ ក្នុងន័យនេះ កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្ដេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​​ប្រទេស​ម៉ាឡេស៊ី ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ដែល​បាន​ចាត់​វិធានការ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការបង្កើត​យន្តការ​ត្រួត ពិនិត្យ និង​រាយការណ៍ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បទ​ឈប់​បាញ់​ត្រូវបាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​ការព្រមព្រៀង​គ្នា​។ កម្ពុជា​ក៏​សូម​វាយតម្លៃ​ខ្ពស់​ផង​ដែរ​ចំពោះ​ការ​​គាំទ្រ​របស់​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ផ្សេង​ទៀត​ដែល​យកចិត្ត​ដាក់ ក្នុងការ​ធ្វើ​អោយ​បទ​ឈប់​បាញ់​មាន​ស្ថិរ​ភាពថិត​ថេរ​យូរអង្វែង​៕

Leave a Reply

Your email address will not be published. Required fields are marked *