ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២៥ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) នៅតែ​បន្ត​បង្ហាញ​ក្តីព្រួយបារម្ភ បើទោះបីជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ថយ​ចុះ​ក៏​ដោយ​។ នៅតែ​មាន​ការព្រួយបារម្ភ ក៏​ព្រោះតែ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សង្កេតឃើញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ករណី​ស្លាប់ និង​របួស នៅតែ​បន្ត​ស្ថិត​ក្នុង​តួលេខ​ខ្ពស់ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ថយចុះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ ខណៈ​និន្នាការ​នេះ​នឹង​នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ដោយសារ​តែ​កំណើន​នៃ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ និង​ការធ្វើ​ចរាចរណ៍​ដ៏​មមាញឹក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​យោងតាម​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ១ ០៦៦​លើក បណ្ដាលឱ្យ​ស្លាប់​មនុស្ស ៦៩៤​នាក់ និង​របួស​១៤៧៦​នាក់​។ ចំនួន​នេះ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​៤៦៨​លើក ស្មើនឹង​៣១% អ្នកស្លាប់​ថយចុះ​៩៩​នាក់ ស្មើ​១២% និង​អ្នក​របួស​ថយចុះ ៦៤០​នាក់ ស្មើ​៣០%​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ទាញ​ការកត់សម្គាល់ថា នៅក្នុង​អំឡុងពេល​នៃ​ការប្រឈមមុខ​សត្រូវ​ឈ្លានពាន​ថៃ ដែល​ឯកឧត្តម បាន​បញ្ជា​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ផ្អាក​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាច​រណ៍​ផ្លូវគោក​ជា​បណ្ដោះអាសន្ន ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​នេះ បាន​ហក់​ឡើង​ខ្ពស់​ជាង​អំឡុង​ពេល​ធម្មតា ដែល​មាន​ន័យ​បញ្ជាក់ថា ការ​រឹតបន្តឹង​ច្បាប់​នៅ​តែ​ជា​កិច្ច​ការ​ចាំបាច់​បំផុត បន្ទាប់ពី​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ធូរស្រាល​។​

​យ៉ាងណាក៏ដោយ ថ្លែង​ក្នុង​កិច្ចប្រជុំ​ដែល​មាន​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចូលរួម​ប្រមាណ ១៧០​រូប ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​សាទរ​ចំពោះ​លទ្ធផល​វិជ្ជមាន នៃ​ការថយចុះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ការស្លាប់ និង​របួស ក្នុង​ឆមាស​ទី​១ នៃ​ដើមឆ្នាំ​២០២៥​នេះ ដែល​ជា​ការបញ្ជាក់​ច្បាស់​អំពី​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិនិត្យ​ទិដ្ឋភាព​បច្ចេកទេស និង​ច្បាប់ ដើម្បី​គ្រប់គ្រង និង​កំណត់​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​កង់​អាគុយ ឬ​កូន​រថយន្ត​អាគុយ​(​ជិះ​ម្នាក់​ពីរ​) ដ្បិត​ការប្រើប្រាស់​មាន​កំណើន សកម្មភាព​ចរាចរណ៍​មាន​លក្ខណៈ​ទូទៅ ទាំង​លើ​ផ្លូវជាតិ ពិសេស​ចាប់ផ្ដើម​មាន​ក្នុង​កំណត់ត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​…​។​

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ឧបកនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ រដ្ឋបាល​ខេត្ត​មួយចំនួន រៀបចំ​សិក្សា​លើ​ការបង្កើត​សួន​សុវត្ថិភាព​ចរាចរណ៍​សិប្បនិម្មិត​នៅ​តាម​ទីតាំង​មួយចំនួន ព្រោះ​សួន​នេះ​មិន​ត្រឹមតែ​សម្រាប់​សិស្សានុសិស្ស​នោះទេ ប៉ុន្តែ​ក៏​សម្រាប់​បង្ហាញ​ដល់​សាធារណជន ឱ្យ​ចូល​សិក្សា​ស្វែង​យល់​បន្ថែម​លើ​អ្វី​ដែល​បាន​រៀន​នៅ​សាលា​បើកបរ ដើម្បី​ពង្រឹង​ការយល់ដឹង​អំពី​ច្បាប់ ការគោរព​សិទ្ធិ​អាទិភាព បច្ចេកទេស និង​ក្រមសីលធម៌​នៃ​ការបើកបរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *