ប្រធានាធិបតី​ហ្វីលីពីន ឯកឧត្តម Ferdinand Romualdez Marcos Jr. អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

នៅ​រសៀល​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ Louise Araneta-Marcos បាន​ធ្វើដំណើរ​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ការអញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ របស់ ឯកឧត្តម ប្រធានាធិបតី និង​លោកជំទាវ ត្រូវបាន​ទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​សំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួមជាមួយ ឯកឧត្តម លោកជំទាវ ជា​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវរដ្ឋ ជូន ឯកឧត្តម Ferdinand Romualdez Marcos Jr. និង​ធ្វើ​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ហ្វីលីពីន នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ក្នុងនោះដែរ ឯកឧត្តម Ferdinand Romualdez Marcos Jr. ក៏​នឹង​ធ្វើ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​នឹង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *