​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

​នា​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ឯកឧត្តម ហ្វឺ​ឌីណាន់ រ៉ូ​ម៉ូល​ដេស ម៉ា​កូស ជូ​ញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ។​

​ជា​កិច្ច​ចាប់ផ្ដើម​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​ដ៏​រឹងមាំ​, ការប្តេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការជំរុញ និង​ការលើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ សម្តេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ រវាង​កម្ពុជា និង ហ្វីលីពីន ព្រមទាំង​បាន​គូសបញ្ជាក់ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ចំពោះ​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ហ្វីលីពីន ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក និង​ឧត្តម​ប្រយោជន៍​រួម​។

​ជា​ការឆ្លើយតប​, ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង សម្តេច​បវរ​ធិបតី ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​។ ឯកឧត្តម​ប្រធានាធិបតី​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្តេច​បវរ​ធិបតី អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ដូចជា​៖ ការពង្រឹង​ទំនាក់ទំនង​រវាង​កង​ទ័ព និង​កងទ័ព​, ពាណិជ្ជកម្ម និង​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ ឯកឧត្តម​ប្រធានាធិបតី​បាន​បន្ថែមថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ជាច្រើន​ទៀត ដែល​ជា​កាលានុវត្តភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ និង​យូរអង្វែង​។​

​ក្នុងជំនួប​នោះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អំពី​ការជំរុញ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​លើ​វិស័យ​អាទិភាព​មួយចំនួន រួមមាន​៖ សន្តិសុខ និង​ការពារ​ជាតិ​, ពាណិជ្ជកម្ម និង​វិនិយោគ​, កសិកម្ម​, ទេសចរណ៍​, ថាមពល និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ជាដើម​។

​ទន្ទឹមនឹងនេះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត តាមរយៈ​យន្តការ​ពហុភាគី ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អន្តរជាតិ ដើម្បី​រួមចំណែក​ដល់​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ឯកឧត្តម​ប្រធានាធិបតី​បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​បទ​ឈប់​បាញ់ និង​បាន​បញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​របស់​ហ្វីលីពីន ដើម្បី​ចូលរួម​ជួយ​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​ជា​អចិន្ត្រៃយ៍ សំដៅ​ធានា​ដល់​សន្ដិភាព និង​ស្ថិរភាព នៃ​ប្រទេស​ទាំង​ពីរ​។

​ជាមួយគ្នា​នោះ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ប្រធានាធិបតី​ដែល​បាន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ព្រមទាំង​អរគុណ​ហ្វីលីពីន ដែល​ចូលរួម​ក្នុង​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) នៅ​កម្ពុជា ក៏ដូចជា​ការបង្កើន​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល​នៅ​កម្ពុជា ផងដែរ​។​

​បន្ទាប់​ពី​កិច្ច​ពិភាក្សា​គ្នា​ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​បី គឺ ១. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​សេវា​អាកាសចរណ៍​, ២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​, និង ៣. លិខិត​ប្តូរ​សារ ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​៕

 

Leave a Reply

Your email address will not be published. Required fields are marked *