រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ គម្រប់​ខួប​១៣​ឆ្នាំ​

(​កំពង់ស្ពឺ​)៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ទាំង​បី​ប្រភេទ ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យ​ជាតិ ដែល​ជា​អង្គ សម្តេចឪ សម្តេច តា សម្តេច​តា​ទួត នៃ​ប្រជារាស្ត្រ​ខ្មែរ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

​ក្នុង​ពិធី​នេះ ក្រៅពី​ធ្វើ​ពិធី​សាសនា អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែង ស្ថិត​ក្នុង​ទឹកមុខ​ស្រពត់​ស្រពោន​ក្រៀមក្រំ និង​សោកស្តាយ​យ៉ាង​ក្រៃលែង​ដើម្បី​ចូលរួម​គោរព “​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​១៣​ឆ្នាំ ដែល​ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ កន្លងទៅ​។​

​ការយាង​ចូល​ទិវង្គត របស់​ព្រះ​បរម​រតន​កោដ្ឋ គឺជា​ការ​បាត់​មហាក្សត្រ​មួយ​ព្រះអង្គ ដ៏​ឆ្នើម​បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ បាន​បូជា​ព្រះកាយពល ព្រះ​បញ្ញាញាណ ក្នុង​ព្រះរាជ​សកម្មភាព ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​បូរណភាព​ទឹកដី ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ជា​ការ​តបស្នង​នូវ​ព្រះ​មហាករុណា​ទិគុណ និង​ព្រហ្ម​វិហារធម៌ ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្ដម វិសេសវិសាល​របស់​ព្រះអង្គ​។​

​ទូលព្រះបង្គំ ព្រះករុណា ខ្ញុំ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត សូម​លើក​ហត្ថ​ប្រណម្យ​កំបង់​អញ្ជលី បួងសួង​ឧទ្ទិស ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» សូម​ព្រះអង្គ​យាង​ទៅ​កាន់​ឋាន​បរមសុខ សួគ៌ា​ល័យ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​

Leave a Reply

Your email address will not be published. Required fields are marked *