កម្ពុជា និង​ហ្វីលីពីន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​

នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៥-២៨ ខែតុលា ឆ្នាំ​២០២៥​។​

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី​បាន​រំលឹក​ឡើងវិញ​នូវ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា របស់​ឯកឧត្តម​ប្រធានាធិបតី Marcos កាលពី​ខែ​កញ្ញា​កន្លងទៅនេះ​។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ជូន​ហ្វីលីពីន ដែល​បាន​គាំទ្រ​ឱ្យមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី លើ​ជម្លោះ​ព្រំដែន​រវាង កម្ពុជា និង​ថៃ និង​បាន​ចូលរួម​ក្នុង​យន្តការ​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) នៅ​កម្ពុជា ដើម្បី​ធានា​ការអនុវត្ត​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ​។ ព្រម​ជាមួយ​គ្នា​នោះ​, សម្ដេច​បវរ​ធិបតី​បាន​ជម្រាបជូន​ថា ឯកសារ​លក្ខខណ្ឌ​ប្រតិបត្តិ (TOR) សម្រាប់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ត្រូវបាន​ចុះហត្ថលេខា​រួចហើយ​។ ក្នុងន័យនេះ​, សម្ដេច​បវរ​ធិបតី​សង្ឃឹមថា ហ្វីលីពីន​នឹង​បន្ត​គាំទ្រ និង​ចូលរួម​ក្នុង​យន្តការ AOT នេះ​។ សម្ដេច​បវរ​ធិបតី​បាន​ជម្រាប​ជូន​បន្ថែមថា កម្ពុជា និង​ថៃ នឹង​ចុះហត្ថលេខា​នៅលើ​សេចក្ដីថ្លែងការណ៍​រួមមួយ ដោយ​មាន​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald J. Trump និង​ឯកឧត្តម​នាយក​រដ្ឋ​ម​ន្រី្ត ម៉ាឡេស៊ី Anwar Ibrahim ចូលរួម​ជា​សាក្សី​។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ជាថ្មី​ម្ដងទៀត​អំពី​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​ហ្វីលីពីន ដែល​នឹង​ក្លាយជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ក្នុង​ឆ្នាំ​២០២៦ ខាងមុខនេះ​។

​ជា​ការឆ្លើយតប​, ឯកឧត្តម​ប្រធានាធិបតី​ហ្វីលីពីន បាន​ថ្លែងអំណរគុណ​កម្ពុជា ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​នូវ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​រូប​ឯកឧត្តម នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ​។ ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ដែល​បាន​ឃើញ​នូវ​ការវិវត្ត​ដ៏​វិជ្ជមាន​ក្នុង​កិច្ចប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ព្រំដែន កម្ពុជា​-​ថៃ ជាពិសេស ការចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​នា​ថ្ងៃនេះ​។ ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា ហ្វីលីពីន​នឹង​បន្ត​ចូលរួម​គ្រប់​យន្តការ តាម​សំណូមពរ​របស់​កម្ពុជា សំដៅ​ធានា​ឱ្យបាន​នូវ​សុខ​សន្តិភាព​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ​។ ព្រម​ជាមួយ​គ្នា​នោះ​, ឯកឧត្តម​ប្រធានាធិបតី បាន​ជម្រាបជូន​អំពី​អាទិភាព​របស់​ហ្វីលីពីន ក្នុងការ​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ក្នុង​ឆ្នាំ​២០២៦ ខាងមុខនេះ​។

​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត ស្រប​តាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​បវ​រ​ធិបតី​នៅ​ប្រទេស​ហ្វីលីពីន នា​ខែ​កុម្ភៈ និង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានាធិបតី នៅ​ប្រទេស​កម្ពុជា នា​ខែ​កញ្ញា កន្លងមក​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅលើ​បញ្ហា​តំបន់​មួយចំនួន​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *