សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ ​ក្នុង​ព្រះរាជ​ពិធី​បួងសួង​ចម្រើន​សេចក្តីសុខ​ជូន​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​

​នា​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត​ខែកត្តិក ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះរាជ​ពិធី​ចម្រើន​សេចក្តីសុខ​ជូន​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។

​យាង និមន្ត និង​អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​នេះ រួមមាន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បណ្តា​អង្គទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​សង្ឃ​ទាំង​ពីរ​គណៈ និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

​ព្រះរាជ​ពិធី​បួងសួង​ចម្រើន​សេចក្តីសុខ​ជូន​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រព្រឹត្តទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា និង​បាន​ផ្តល់​នូវ​ការ​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ សិរី​បវរ​ថ្លៃថ្លា មហាប្រសើរ ដល់​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ម្លប់ព្រះបារមី​នៃ ព្រះករុណា​អ​ម្ចាស់ជីវិតលើត្បូង ដែល​នឹង​ផ្ដល់​នូវ​សេចក្តីសុខ​ចម្រើន ដល់​ប្រជារាស្ត្រ ជា​កូនចៅ ចៅទួត របស់​ព្រះអង្គ​ជា​រៀង​ដរាប​តរៀង​ទៅ​៕​

Leave a Reply

Your email address will not be published. Required fields are marked *