សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ខួប​អនុស្សាវរីយ៍​៧២​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៤​រោច ខែ​កត្តិក ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ខួប​អនុស្សាវរីយ៍​៧២​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នៅ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ​។

​ព្រះរាជ​ពិធី​ផ្លូវការ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៧២ នេះ ក៏​មាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា មាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​ទូត​នានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និង​មហាជន​យ៉ាងច្រើន​កុះករ​។​

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា បាន​រំលឹក​ឱ្យឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើ​ការតស៊ូ ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជណីយ​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *