សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះមហាក្សត្រ បើក​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣

​ថ្ងៃ​ចន្ទ​១២​រោច ខែ​កត្តិក ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​។

​ក្នុង​ព្រះបរមនាម ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ក្នុងនាម​សម្ដេច​ផ្ទាល់ សម្ដេច​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា និង​សូម​សម្ដែង​មនោសញ្ចេតនា​អបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​គណៈសង្ឃ​ទាំង​ពីរ​គណៈ ដែល​បាន​យាង និមន្ត និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី «​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី ៣៣» ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ក្នុង​គោលបំណង​វាយតម្លៃ ការប្រតិបត្តិ​ធម៌ វិន័យ​របស់​ព្រះសង្ឃ ដើម្បី​កែលម្អ​បទដ្ឋាន និង​គោលការណ៍ សម្រាប់​ដឹកនាំ និង​គ្រប់គ្រង​ព្រះពុទ្ធសាសនា​, កំណត់ និង​រក​ដំណោះស្រាយ​សមស្រប​សម្រាប់​បញ្ហា​ប្រឈម​ទាំងឡាយ​, ព្រមទាំង តាមដាន និង​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សង្ឃ​ប្រកាស ដែល​បាន​ដាក់ចេញ​នា​ឆ្នាំ​កន្លងមក សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​ថែរក្សា​សុខសន្តិភាព​, ការលើកស្ទួយ​ប្រពៃណី​ទំនៀមទម្លាប់ និង​ការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការអភិរក្ស និង​ការអភិវឌ្ឍ​ព្រះពុទ្ធសាសនា​, ការ​ទ្រទ្រង់ និង​ការលើកកម្ពស់​សីលធម៌​សង្គម និង​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា ។​

​សម្តេច​តេជោ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​របាយការណ៍​របស់​ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ដែល​បាន​លើកឡើង​អំពី​សមិទ្ធផល គួរ​ជាទី​មោទនៈ ក្នុង​វិស័យ​ធម្មការ និង​សាសនា​, ជាពិសេស​ការពង្រឹង និង​ការពង្រីក​ពុទ្ធិកសិក្សា ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​វិស័យ​ពាហិរ​សាសនា និង​សុខដុម​នីយកម្ម​សាសនា ដែល​ជា​បុរេ​លក្ខខណ្ឌ​សម្រាប់​សុខស​ន្តិ​ភាព សុខដុមរមនា​សង្គម និង​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័​ន្ន និង​ចីរភាព​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​ច្បាស់​ថា «​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​» ប៉ុន្តែ​ពុំ​មាន​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ខាង​សាសនា​នោះ​ទេ​។ នេះ​គឺជា​ដំណើរ​ទៅមុខ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ ដែល​វិស័យ​សាសនា រួមមាន​៖ ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រិស្តសាសនា និង​សាសនា​ដទៃទៀត ត្រូវបាន​បើក​ទូលាយ ក្នុង​ការប្រតិបត្តិ​ជំនឿ ហើយ​ធ្វើឱ្យ​ប្រជាជន ដែល​រស់នៅ​ក្នុង​សង្គម​កម្ពុជា អាច​រស់នៅ​សុខដុមរមនា មិន​មាន​ទំនាស់​ប្រេះឆា ឬ​ជម្លោះសាសនា​នោះឡើយ​។ ទន្ទឹមនេះ ព្រះពុទ្ធសាសនា​បាន​និង​កំពុង​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​នយោបាយ សង្គម និង​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ផ្នត់គំនិត ឥរិយាបថ និង​សកម្មភាព ដែល​ឈរ​លើ​មូលដ្ឋាន​ទស្សនវិជ្ជា​ព្រះពុទ្ធ​។
​ក្នុងន័យនេះ ព្រះពុទ្ធសាសនា គឺជា​កម្លាំងចលក​រយ៉ា​ង​សកម្ម ក្នុង​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ប្រសិទ្ធភាព បរិយាប័​ន្ន និង​ចីរភាព​។ ម្យ៉ាងទៀត ព្រះពុទ្ធសាសនា បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការថែរក្សា​សុខដុម​រម​នា​សង្គម និង​នយោបាយ​កម្ពុជា តាមរយៈ​ការយល់ដឹង​កាន់តែ​ប្រសើរ​អំពី​ទ្រឹស្តី «​កម្មផល​»​។ សម្ដេច ហ៊ុន សែន បានលើកឡើង​ពី​ការ​មិន​កាត់​ផ្ដាច់​គ្នា​បាន​រវាង​អាណាចក្រ និង​ពុទ្ធចក្រ​ក្នុង​សង្គម​ខ្មែរ​។​សម្តេច​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការបំពេញ​ឱ្យ​គ្នា​រវាង​ពុទ្ធចក្រ និង​អាណាចក្រ ក្នុង​ដំណើរ​ដឹកនាំ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​មាន​ខឿន​ការពារ​របស់​ប្រជាជន មិនមែន​ត្រឹមតែ​កងទ័ព​យកទៅ​ការពារ​ជាតិ​នោះ​ទេ គឺ​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា តម្រូវការ​របស់​កម្ពុ​ជា​នាពេលនេះ គឺ​ត្រូវ​ការពារ​ជាតិ ដោយ​មិន​បណ្ដោយ​ឱ្យ​មាន​ការបាត់​បង់​ទឹកដី​បន្ត​ទៀត​នោះ​ទេ ខណៈ​កម្ពុជា​បាន​បាត់បង់​អស់​ច្រើន​ហើយ​។
​សម្ដេច​បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ការប្រមាថ​របស់​ប្រទេស​ជិតខាង​ដែល​ចង់​វាយ​ចូល​ទឹកដី​ខ្មែរ​យក​ខេត្ត​មួយចំនួន​ដើម្បី​ដោះ​ដូរ​ប្រាសាទខ្មែរ​មួយចំនួន​នោះ ដោយ​សម្តេច​ចោទសួរ​ថា អ្នក​ដែល​ប្រមាថ​បែបនេះ ពួកគេ​ពាក់​ក្បាល​ដែក​មែន​ទេ​?​។ សម្តេច​តេជោ​បន្តថា ក្នុងនាម​ជា​អគ្គ​ភស្ដុភា​ជាន់ខ្ពស់​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ បានប្រកាសថា កម្ពុជា​នឹង​មាន​ការផលិត​នូវ​ប្រព័ន្ធ​ការពារ​ដល់​កងទ័ព​ទាំងអស់ ហើយ​ថែមទាំង​នាំចេញ​ទៅ​ក្រៅប្រទេស​ផងដែរ​។​

​សម្ដេច​តេជោ​បញ្ជាក់ថា សូម្បី​តែ​ករណី​ភាគី​យោធា​ថៃ​បាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់​ក៏​សម្ដេច​ធិបតី​បាន​សុំ​យោបល់​សម្ដេច​ជា​មុន​ដែរ យើង​មិនមែន​ខ្លាច​ការ​វាយ​នោះទេ ប៉ុន្តែ​វាយ​ហើយ​វា​បាន​ផល​មកវិញ​ជា​អ្វី​?​។​
​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ចាត់ទុក​យុទ្ធសាស្ត្រ «​ស្ងាត់ តែ​មិន​ស្ងៀម​» គឺជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​។
​យុទ្ធសាស្ត្រ​នេះ​បានបញ្ជាក់​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដោយ​ភាពស្ងប់ស្ងាត់ និង​មិន​តក់ក្រហល់​ឡើយ​។​សម្ដេច​បាន​លើក​ករណី​នៅ​ភូមិ​ព្រៃ​ចាន់​នៅ​ខេត្ត​បន្ទាយមានជ័យ​ថា ថៃ​បាន​ព្យាយាម​ធ្វើ​ទុក​បុក​ម្នេញ​មកដល់​កម្ពុជា ដើម្បី​ឱ្យ​ប្រព្រឹត្ត​ទង្វើ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ហើយ​បង្កើតបាន​ជា​សង្គ្រាម​ជាថ្មី​។
​ដោយសារ​មើលឃើញ​ពី​បំណង​បែបនេះ​ទើប​រដ្ឋាភិបាល​និង​មេបញ្ជាការ​គ្រប់​លំដាប់​ថ្នាក់​នៅ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​តបត ដែល​អាច​នាំឱ្យ​មាន​ជម្លោះ​ទ្រង់ទ្រាយ​ធំ​ម្ដងទៀត​នោះ​ទេ តែ​យ៉ាងណា​សម្ដេច​ស្នើ​ឱ្យ​ជឿជាក់​លើ​រដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​ព្រំដែន ឥឡូវ​យន្តការ​ជា​ច្រើន​កំពុងតែ​ដំណើរការ ក្នុង​នោះ​កាលពី​ម្សិលមិញ ក្រុមការងារ GBC បាន​ដើរ​វាស់វែង​បង្គោល​ព្រំដែន​ថែមទៀត​។​សម្ដេច​តេជោ​បាន​បញ្ជាក់​ជា​ថ្មី​ថា តាំង​ពី​ថៃ​បិទ​ព្រំដែន​មក កម្ពុជា​មិន​ដែល​ទៅសុំ​បើក​ទេ​វិញ​នោះទេ ហើយ​ទោះបី​បិទ​១០០​ឆ្នាំ​ទៀត ក៏​កម្ពុជា​មិន​ទៅ​ស្នើសុំ​បើក​វិញ​ដែរ​។​សម្ដេច​តេជោ បញ្ជាក់ថា សម្ដេច​ប្រឆាំង​ដាច់ខាត​ចំពោះ​សំណើ​ណាមួយ​ដែល​ទៅ​សុំ​បើក​ព្រំដែន​កម្ពុជា​-​ថៃ ព្រោះ​រឿង​នេះ​យើង​បានដឹង​គ្រប់​គ្នា​ហើយ គឺ​ថៃ​ជា​អ្នក​បិទ​ព្រំដែន​ដោយ​ឯកតោ​ភាគី​។ ប៉ុន្តែ​កម្ពុជា​ត្រូវ​ពង្រឹង​សមត្ថភាព​ក្នុង​ការផលិត​ទំនិញ​ក្នុង​ការផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់គ្រាន់​។​សម្ដេច​តេជោ​បានបញ្ជាក់​ទៀតថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ​ភាគី​ទាំង​ពីរ​កំពុង​តែ​លេង​ល្បែង​ចាញ់​ចាញ់​ដូចគ្នា ប៉ុន្តែ​យើង​លោត​ទាប​ធ្លាក់​មក​វិញ​ក៏​ឈឺ​តិច​ដែរ តែ​ថៃ​លោត​ខ្លាំង​ធ្លាក់​មក​វិញ​ក៏​ឈឺ​ខ្លាំង​ដែរ​។​

​សម្ដេច​បាន​បញ្ជាក់ថា សូម​កុំ​យល់ច្រឡំ​ថា កម្ពុជា​កាត់​ដី​ដើម្បី​ដោះ​ដូរ​សន្តិភាព គឺ​គ្មាន​ទេ ហើយ​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ហើយ​ដែរ​ថា កម្ពុជា​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ថៃ​ដោះដូរ​ដី ដើម្បី​ទទួល​បាន​សន្តិភាព​នោះទេ​។​សម្ដេច​តេជោ​បានបញ្ជាក់​ថា ការ​ដែល​ថៃ​បិទ​ព្រំដែន​ជាមួយ​កម្ពុជា មិនមែន​ត្រឹមតែ​កាត់ផ្ដាច់​ជា​មួយ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​កាត់ផ្ដាច់​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​ក្របខណ្ឌ​អាស៊ី​បូព៌ា​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា ការវិល​ទៅរក​សន្តិភាព គឺជា​ការ​វិល​ទៅ​រក​ស្ថានភាព​ឈ្នះ​ឈ្នះ ខណៈ​ប៉ុន្មាន​ខែ​កន្លងមកនេះ​ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព ចាញ់ ចាញ់​ទាំងសងខាង​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ព្រះបរមនាម ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្តេច​សូមឱ្យ «​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី ៣៣» នេះ សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ព្រះពុទ្ធសាសនា​ឱ្យ​កាន់តែ​រីកចម្រើន និង​លើកកម្ពស់​តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​សង្គម​កម្ពុជា តាមរយៈ​ការអប់រំ​សីលធម៌​សង្គម និង​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​៕​

Leave a Reply

Your email address will not be published. Required fields are marked *