សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​ឡើង​អគារ​វិមាន​សាមគ្គីភាព (​អគារ​ថ្មី​ព្រឹទ្ធសភា​)

នៅ​ព្រឹក​នៅ​ថ្ងៃ​សុក្រ ៥​កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ធ្វើ​ពិធី​ចម្រើន​ព្រះ​បរិត្ត​ឡើង​អគារ​វិមាន​សាមគ្គីភាព​(​អគារ​ថ្មី​ព្រឹទ្ធសភា​)​។
​ពិធី​នេះ​មាន​ការចូលរួម​ពី​អគ្គលេខាធិការ​ព្រឹទ្ធសភា ខុទ្ទកាល័យ​ថ្នាក់ដឹកនាំ​ទាំងបី លោក​អ្នកឧកញ៉ា​,​អ្នកឧកញ៉ា​,​ឧកញ៉ា បណ្ដា​សប្បុរសជន​ដែល​បាន​ចូលរួម​ក្នុង​ការកសាង​អគារ​វិមាន​សាមគ្គីភាព​នេះ​។​

​នៅក្នុង​ឱកាស​ដ៏​ពិសេស​វិសាល​នេះ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ថ្វាយ​គ្រឿង​សក្ការៈបូជា​អាសនៈ​ក្រុង​ពាលី និង​ពិធី​ចម្រើន​ព្រះ​ប​រិត្ត ដោយ​សម្ដេច​ព្រះសង្ឃ​ចំនួន​០៩​អង្គ ដោយ​បាន​ប្រព្រឹត្តទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។​

​បន្ទាប់ពី​ពិធី​សាសនា​រួច សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​ថ្នាក់ដឹកនាំ​ទាំងអស់ បាន​អញ្ជើញ ពិនិត្យ​មើល​តាម​បន្ទប់​សំខាន់ៗ​នៃ​អគារ​វិមាន​សាមគ្គីភាព ព្រឹទ្ធសភា ក្នុង​បរិយាកាស​រីករាយ​យ៉ាង​ក្រៃលែង​។

​សូមជម្រាបថា អគារ​ថ្មី​នេះ មាន​ទំហំ​៧៩​ម៉ែត្រ x ៤៧​ម៉ែត្រ មាន​កម្ពស់​៤​ជាន់ ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៤ ហើយ​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពេលខាងមុខ​នេះ​។ អគារ​វិមាន​សាមគ្គីភាព ព្រឹទ្ធសភា​ថ្មី នេះ កសាងឡើង​ដោយ​ថវិកា​បណ្ដា​សប្បុរសជន​ដែល​ជា​ភស្តុតាង​នៃ​សាមគ្គីភាព​ដ៏​រឹងមាំ ។

​អាគារ​វិមាន​សាមគ្គីភាព ព្រឹទ្ធសភា មាន​លក្ខណៈ​សំខាន់ៗ​ដូចជា​៖
-​ជាន់​ផ្ទាល់​ដី មាន​បន្ទប់​ធំ​មួយ​របស់​នាយកដ្ឋាន បណ្ណាល័យ​សម្រាប់​រៀបចំ​សៀវភៅ​ផ្សេងៗ ឃ្លាំង​ដាក់​សៀវភៅ​បន្ទប់​ប្រចាំការ និង​បន្ទប់​គណៈបញ្ជាការ​អង្គរក្ស បន្ទប់ Server
​បន្ទប់​បច្ចេកទេស បន្ទប់ទឹក នារី និង​បុរស និង​សន្តិសុខ និង​បន្ទប់​ផ្សេងៗ​ទៀត​។
-​ជាន់​ទី​១ មាន​បន្ទប់ Hall ធំ សម្រាប់​ត្រួតពល សាល​ជប់លៀង និង​អាច​ប្រើប្រាស់​សម្រាប់​កិច្ចប្រជុំ​ធំៗ បន្ទប់​សន្និសីទកាសែត បន្ទប់​ដាក់​វត្ថុ​អនុស្សាវរីយ៍ បន្ទប់​ប្រើប្រាស់​ពហុ​បំណង បន្ទប់​រង់ចាំ​សម្រាប់​ភ្ញៀវ បន្ទប់​រៀបចំ​អាហារ បន្ទប់ទឹក​នារី បុរស ឆ្វេង​ស្ដាំ និង​បន្ទប់​ជាន់​ឡៅតឿ​មាន​បន្ទប់​បកប្រែ និង​មាន​បន្ទប់​ផ្សេងទៀត​។​
-​ជាន់​ទី​២ មាន​បន្ទប់​ការិយាល័យ បន្ទប់​ទទួលភ្ញៀវ​បន្ទប់​សម្រាក​សម្រាប់ សម្ដេច​ប្រធានព្រឹទ្ធសភា សាល​សម្រាប់​ជូន​សារតាំង ឬ​រៀបចំ​ពិធី​ផ្សេងៗ សាល​ជប់លៀង ដោយ​ដាក់​បាន​មនុស្ស​២២​នាក់ បន្ទប់​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ប្រជុំ​ទ្វេភាគី កន្លែង​ចាប់ដៃ និង​ថតរូប​ពេល​ប្រជុំ​ទ្វេភាគី បន្ទប់​ក្រុម​សារព័ត៌មាន បន្ទប់​ការិយាល័យ​បេសកជន​ពិសេស បន្ទប់​ការិយាល័យ និង​បន្ទប់​សម្រាក​សម្រាប់​នាយក​ខុទ្ទកាល័យ ការិយាល័យ​នាយករង​ខុទ្ទកាល័យ ទីប្រឹក្សា ពិធីការ ជំនួយការ និង​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​តេជោ បន្ទប់ទឹក​បុរស​នារី និង​បន្ទប់​ផ្សេងៗ​ទៀត​។​
-​ជាន់​ទី​៣ មាន​សាលប្រជុំ​ធំ​សម្រាប់​គណៈអចិន្ត្រៃយ៍​/​ទ្វេភាគី ប្រជុំ​រួម និង​ប្រជុំ​ផ្សេងៗ បន្ទប់​បច្ចេកទេស បន្ទប់​រង់ចាំ បន្ទប់ទឹក​បុរស នារី និង​បន្ទប់​ផ្សេងៗ​ទៀត​៕​

Leave a Reply

Your email address will not be published. Required fields are marked *