អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន​៖ ហ្វីលីពីន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ដឹកនាំ​ក្រុម AOT ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​

នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​អគ្គមេបញ្ជាការ ក៏​បាន​រំលឹក​ឡើងវិញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​រវាង​កងទ័ព និង​កងទ័ព​។ ក្នុងន័យនេះ​, ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រក​ង​ទ័ព រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​អគ្គមេបញ្ជាការ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​រីក រាយ ដែល​បាន​ជួប ជាមួយ ឯកឧត្តម​អគ្គ​មេ បញ្ជាការ​ជាថ្មី​ម្តងទៀត​។ សម្ដេច​ធិបតី ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុង​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ការកសាង​សមត្ថភាព​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​ធិបតី បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ទាំង​ផ្នែក​កងទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស​។​

​ពាក់ព័ន្ធ​នឹង​សភាពការណ៍​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​, សម្ដេច​ធិបតី ក៏​បាន​បញ្ជាក់​ជូន​ឯកឧត្តម​អគ្គមេបញ្ជាការ និង​គណៈប្រតិភូ នូវ​ការវិវត្ត​ថ្មីៗ នៃ​សភាព ការណ៍​ព្រំដែន កម្ពុជា​-​ថៃ និង​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង​សន្ធិសញ្ញា​ដែល​មាន​ស្រាប់ ព្រម​ទាំង​ច្បាប់​អន្តរជាតិ​។ កម្ពុជា​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការគោរព​នូវ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេលកន្លងមក​។ បន្ថែម​លើ​នេះ​, សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) និង​ជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន ក្រុម AOT នឹង​បន្ត​ចូលរួមចំណែក​យ៉ាង​សកម្ម​ថែម​ទៀត​ក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ដោយ​សន្តិវិធី​។

ឯកឧត្តម​អគ្គមេបញ្ជាការ បាន​លើកឡើង​ថា ហ្វីលីពីន​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ និង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការបន្ត​ដឹកនាំ​ក្រុម AOT ក្នុង​គោលបំណង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​អព្យាក្រឹត្យ សំដៅ​នាំមក​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​សម្រាប់​ប្រទេស​ទាំង​ពីរ ក៏ដូចជា​តំបន់​ទាំងមូល​ផង​ដែរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *