លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​

​ខេត្ត​កំពង់ស្ពឺ ៖ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេជោ (TYDA) បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ TYDA ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤​ពាន់​គ្រួសារ នៅក្នុង​ខេត្ត​កំពង់ស្ពឺ ។​

​ក្នុង​ពិធី​សំណេះសំណាល និង​ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ពលរដ្ឋ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​ចាន់​ថ្នាល ភូមិ​អំពិល​ផ្អែម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត មានប្រសាសន៍ថា សកម្មភាព​របស់​ក្រុមគ្រូពេទ្យ TYDA នេះ គឺ​ស្រប​ទៅ​នឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល លើ​ការងារ​លើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ វណ្ណៈ ពណ៌​សម្បុរ គឺ​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប​មាន​សុខភាព​ល្អ មាន​កម្លាំង​មាំមួន ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន ។​

​លោកជំទាវ​បណ្ឌិត បាន​បន្តថា ទន្ទឹម​នឹង​ការពង្រឹង​នូវ​គុណភាព វិស័យ​សុខាភិបាល​នេះ រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គ្រោង​បង្កើតឱ្យមាន​មន្ទីរពេទ្យ​នៅ​ថ្នាក់​តំបន់ ដែល​បំពាក់​ដោយ​គ្រឿង​បរិក្ខា​ពេទ្យ​ទំនើបៗ​និង​ល្អៗ ការវះកាត់​ធំៗ ពីលើ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យបង្អែក​ដែលមាន​ស្រាប់ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ទៅរក​សេវា​សុខាភិបាល ។​

​លោកជំទាវ​បណ្ឌិត បាន​បន្ថែមថា សម្រាប់​សកម្មភាព​ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​នៅ​ថ្ងៃនេះ មាន​គ្រូពេទ្យ​ចំនួន​ជាង ៤០០​នាក់ ក្នុងនោះ​មាន​ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​អេកូ រោគ​ស្ត្រី ជំងឺ​ភ្នែក ជំងឺ​បេះដូង ជំងឺ​កុមារ ជំងឺ​ត្រចៀក ច្រមុះ បំពង​ក សើ​ស្បែក សន្លាក់ ឫសដូង​បាត វះកាត់​តូច ថត​កាំរស្មី (X-Ray) និង​ពិនិត្យ​ជំងឺ​មួយ​ចំនួន​ទៀត ។​

​លោកជំទាវ​បណ្ឌិត បានបញ្ជាក់​ថា សម្រាប់​ប្រជាពលរដ្ឋ​មក​ទទួល​ការពិនិត្យ​ព្យាបាល​នេះ បើសិន​អ្នកមាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​បន្ត​នៅ​មន្ទីរពេទ្យ​ធំៗ ក្នុង​រាជធានី​ភ្នំពេញ ដែល​ការចំណាយ​គឺ​ជា​បន្ទុក​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ទាំង​ការធ្វើដំណើរ ព្យាបាល ហូបចុក និង​ការ​ស្នាក់នៅ ។​

Leave a Reply

Your email address will not be published. Required fields are marked *