សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចូលជួប​សម្ដែង​ការគួរសម

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ផល្គុន ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ( Organisation internationale de la Francophonie) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​លោក​ជំទាវ Louise Mushikiwabo ក្នុង​ការវិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​សាជាថ្មី ក្នុងឱកាស​លោកជំទាវ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​សម្តេច​តេជោ​បានចាត់ទុ​ក​វត្តមាន​លោក​ជំទាវ​ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួមចំណែក លើកទឹកចិត្ត និង​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី ដែល​គ្រោង​ធ្វើឡើង​នៅក្នុង​អំឡុង​ខែវិច្ឆិកា​ឆ្នាំ​២០២៦​ខាងមុខនេះ​។

​លោកជំទាវ​អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី
​បាន​អរគុណ​ចំពោះ​សម្តេច​តេជោ និង​ការ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​លោកជំទាវ​និង​គណៈប្រតិភូ​នៅពេលនេះ​។ លោកជំទាវ​បាន​រំលេច​ពេលដែល​លោកជំទាវ​បាន​អញ្ជើញ​មកដល់​កម្ពុជា គឺ​លោកជំទាវ​បានឃើញ​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា ជាពិសេស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​ជា​អាកាសយានដ្ឋាន​ថ្មី​របស់​កម្ពុជា ដែល​មាន​ភាពស្រស់ស្អាត ហើយ​អាកាសយានដ្ឋាន​នេះ​កំពុង​រង់ចាំ​ប្រតិភូ​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​នៃ​អង្គការ​អន្តរជាតិ​
​ហ្វ្រង់​កូហ្វូ​នី ដែល​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​ខាងមុខ​។ លោកជំទាវ​បានចាត់ទុក​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​បាន​ចូលរួមចំណែក​ដ៏​សកម្ម​ក្នុង​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី​។ លោកជំទាវ​បាន​កោតសរសើរ​ពី ភាពជា​អ្នក​ដឹកនាំ​របស់​សម្តេច​តេជោ តាំងពី​អតីតកាល និង​ការស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា កាល​ពី​សម្តេច​នៅ​ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​ប្រទេស​បាន​ដំណើរការ និង​មាន​សន្តិភាព​មក​ដល់​ពេល​បច្ចុប្បន្ននេះ​។

​សម្តេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​លើកឡើង​របស់​លោក​ជំទាវ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា​កម្ពុជា​រង់ចាំ​ការស្វាគម​ន៍នូ​វ​ប្រតិភូ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី នៅពេល​ខាងមុខ​។ សម្តេច​តេជោ​បន្តថា បច្ចុប្បន្ន​នេះ​ទោះបីជា​ពិភពលោក​បន្ត​នូវ​សកម្មភាព​ដ៏​ស្មុគស្មាញ ក៏ពិតមែន តែ​តាមរយៈ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ សម្តេច​សង្ឃឹមថា​នឹង ទទួលបាន​លទ្ធផល​ជោគជ័យ​ល្អប្រសើរ​ទុកជា​ប្រវត្តិសាស្ត្រ​ក្នុងប្រទេស​កម្ពុជា​ផង និង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ផង​ដែរ​។​សម្តេច​សង្ឃឹមថា​លោក​ជំទាវ នឹង​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ។

​លោកជំទាវ Louise Mushikiwabo បាន​សម្ដែង​នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការរៀបចំ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី ។ លោកជំទាវ​ថា​វត្ត​មាន​លោកជំទាវ​មក​កាន់​កម្ពុជា​នា​ពេល​នេះ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការសហការ​ជាមួយ​កម្ពុជា​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ នៅក្នុង​បរិបទ​ពិភពលោក​ដ៏​ស្មុគស្មាញ​នេះ លោកជំទាវ​បាន​ទទួលស្គាល់​ពី​ភាពស្មុគស្មាញ​របស់​ពិភពលោក​ដែល​តម្រូវ​ឱ្យ​បណ្ដា​ប្រទេស​នៅក្នុង​អង្គ​ការហ្វ្រង់​កូហ្វូ​នី មាន​ការគិតគូរ​ចំពោះ​បញ្ហា​នេះ​ផងដែរ ហើយ​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា លោកជំទាវ​ក៏​បាន​តាមដាន​ផងដែរ​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ​។

​លោកជំទាវ​បាន​បញ្ជាក់​ប្រាប់​សម្តេច​តេ​ជោថា លោកជំទាវ អញ្ជើញ​មក​ប្រទេស​កម្ពុជា​នៅពេលនេះ លោកជំទាវ​ក៏​នឹង​ឆ្លៀត​ទៅសួរសុខទុក្ខ​បងប្អូន​ជនភៀសខ្លួន​នៅ​ព្រំដែន​ផងដែរ ។​
​សម្តេច​តេជោ​បានសម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ការចាប់អារម្មណ៍​របស់​លោកជំទាវ ដែល​មាន​បំណង​គ្រោង​ទៅ​ជួប​បងប្អូន​ជនភៀសខ្លួន​នៅ​ព្រំដែន​។ សម្តេច​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ​នៅ​កម្ពុជា ជាពិសេស​ការគ្រោង​ទៅ​សួរសុខទុក្ខ​បងប្អូន​ភៀ​សសឹក គឺជា​ការបង្ហាញ​យ៉ាង​ច្បាស់ នូវ​ជំហរ​របស់​លោកជំទាវ​ក្នុង​ការគាំទ្រ​ដល់​សន្តិភាព​ដែល​មិន​ចង់​ឃើញ​សង្គ្រាម​កើតឡើង​។

​សម្តេច​តេជោក៏បាន​ផ្ញើ​សារ​តាមរយៈ​លោក​ជំទាវ​ថា សូម​ឱ្យ​ថ្នាក់ដឹកនាំ​ដែល​ត្រូវ​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងមុខ​នោះ សូម​កុំ​មាន​ការព្រួយបារម្ភ ត្បិត​កម្ពុជា​មាន​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​តែ​មិន​ជះ​ឥទ្ធិពល​ដល់​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​ខាង​មុខ​នោះ​ទេ​។
​ជា​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​លោកជំទាវ និង​ប្រតិភូ​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅពេលនេះ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *