អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ Vladanka Andreeva បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ធិបតី​ដែល​អនុញ្ញាឱ្យ​រូប​លោក​ជំទាវ និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ និង​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​វិលត្រឡប់​មក​បំពេញបេសកកម្ម​ការងារ​នៅ​កម្ពុជា ជា​លើក​ទី​២​។ លោកជំទាវ​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុងអំឡុងពេល ២០ ឆ្នាំ​នៅក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក តាមរយៈ​ការបន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ឆ័ត្រ​ក្រោម​អង្គការសហប្រជាជាតិ​។ ជាមួយគ្នានេះ​, លោកជំទាវ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ជាមួយនឹង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នា​ពេលកន្លងមក​។ លោកជំទាវ​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​ថា ទីភ្នាក់ងារ​នានា​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​នឹង​បន្ត​ភាព​សកម្ម​របស់​ខ្លួន​ដើម្បី​បន្ត​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​-​ស្ថាប័ន​កម្ពុជា សំដៅ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ជាពិសេស ការបង្កើត​ការងារ​, ការបង្កើន​ជំនាញ​បន្ថែម (Upskilling), ការកសាង​មូលធន​មនុស្ស ជាដើម​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ស្វាគមន៍​លោកជំទាវ ដែល​បាន​មក​បំពេញបេសកកម្ម​ការងារ​ជា​លើក​ទី​២ នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ក្នុង​ភាព​ជា​ដៃគូ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការគាំទ្រ​ដល់​ការរីកចម្រើន​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ក៏​ដូចជា​ការបន្ត​ការគាំទ្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ក្នុង​ដំណើរការ​នៃ​ការចាកចេញ​ពី​ចំណាត់​ក្រុម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច (LDC) ក្នុង​ឆ្នាំ​២០២៩ ខាងមុខនេះ​។ ក្នុងឱកាស​នោះ​, សម្ដេច​ធិបតី​ក៏​បាន​រំលឹក​ឡើងវិញ​អំពី​ជំនួប​ពិភាក្សា​ការងារ​ប្រកបដោយ​ផ្លែផ្កា​របស់​សម្ដេច​ធិបតី និង​ឯកឧត្តម António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, លោកជំទាវ Annalena Baerbock ប្រធាន​សម័យប្រជុំ​លើក​ទី​៨០ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏ដូចជា​ឯកឧត្តម Volker Türk ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្នុងឱកាស​ដែល​សម្ដេច​ធិបតី​អញ្ជើញ​បំពេញ​បេសកកម្ម​ការងា​រ​នៅ​ទ្វីបអឺរ៉ុប​។ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បណ្ដា​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​លោកជំទាវ Vladanka Andreeva អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ និង​បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ការបន្ត​ប្រកាន់​យក​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។ លោកជំទាវ ក៏​បាន​ជម្រាបជូន​សម្ដេច​ធិបតី​ថា អង្គការសហប្រជាជាតិ​ចង់ឃើញ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​ភាពខ្វែងគ្នា​ដោយ​សន្តិវិធី ដោយ​គោរព​តាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *