អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ ហ្វ្រង់​កូហ្វូ​នី ផ្ដល់​ការគាំទ្រ​ពេញលេញ ដើម្បី​ធានា​ភាពជោគជ័យ នៃ​កិច្ចប្រជុំ​កំពូល ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ នៅ​កម្ពុជា

នា​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី និង គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប​, លោកជំទាវ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាតឱ្យ​លោក​ជំទាវ និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោកជំទាវ​មាន​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​មក​បំពេញបេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ថ្មី​ម្ដងទៀត​។ លោកជំទាវ​អគ្គលេខាធិការ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​ថា ដំណើរ​ទស្សនកិច្ច​ការ​ងារ​របស់​លោកជំទាវ និង​គណៈប្រតិភូ នៅ​កម្ពុជា​នា​ឱកាស​នេះ គឺ ដើម្បី​ពិភាក្សា និង​ពិនិត្យ​ឡើងវិញ​នូវ​គ្រប់​ដំណាក់កាល​នៃ​កិច្ចដំណើរការ​នៃ​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ឆ្នាំ​២០២៦ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ក្នុងន័យនេះ​, លោកជំទាវ និង​គណៈប្រតិភូ បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ការត្រៀម លក្ខណៈ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ និង បាន​បញ្ជាក់​អំពី​ការ​បន្ត​គាំទ្រ​របស់ អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី និង​ធានា​ថា កិច្ចប្រជុំ​កំពូល​នេះ នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ​។ លោកជំទាវ​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​លើក​ទី​២០​នេះ មាន​សារៈសំខាន់​ខ្ពស់ សម្រាប់​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​។ ជាមួយ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ នេះ​, លោកជំទាវ​មាន​ជំនឿ​ជឿជាក់ថា កិច្ចប្រជុំ​កំពូល​នឹង​រៀបចំ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ ហើយ​សង្ឃឹមថា​នឹង​មាន​ថ្នាក់ដឹកនាំ​មកពី​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង និង​ប្រទេស​ជា​ដៃគូ​ជាច្រើន​នឹង​ចូលរួម ដែល​នេះ​នឹង​បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព និង​ភាតរភាព​ក្នុង​ចំណោម​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​ស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោកជំទាវ និង​គណៈប្រតិភូ ជាថ្មី​ម្ដងទៀត បន្ទាប់​ពី​ជំនួប​លើក​ទី​១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​មាន​កិត្តិយស និង​រីករាយ​ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​អគ្គលេខាធិការដ្ឋាន​ហ្វ្រង់​កូហ្វូ​នី ដែល​បាន​ផ្ដល់​ការគាំទ្រ​ដល់​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នេះ​។ បន្ថែម​លើ​នេះ​, សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ការត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា ក្នុង​ការរៀបចំ​ផ្នែក​ឡូ​ជី​ស្ទីក​, សន្តិសុខ និង​កិច្ច​ការ​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ភាពរលូន និង​ជោគជ័យ​នៃ​ការប្រព្រឹតិ្តទៅ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។ មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ជូន​លោកជំទាវ ផងដែរ​ថា កម្ពុជា​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍ អម​ចំនួន​បី រួមមាន​៖ (១) វេទិកា​សហគ្រិនភាព​ហ្វ្រង់​កូហ្វូ​នី​, (២) ពិព័រណ៍​ភូមិ​ហ្វ្រង់​កូហ្វូ​នី និង (៣) ពិព័រណ៍​បច្ចេកវិទ្យា​ហ្វ្រង់​កូតិ​ច (Franco-Tech)៕

 

Leave a Reply

Your email address will not be published. Required fields are marked *