ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​អាជ្ញាធរ និង​ស្នើ​គ្រប់​តួអង្គ​ក្នុងសង្គម រួមគ្នា​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​មានប្រសាសន៍​ណែនាំ និង​ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អាជ្ញាធរ​មូលដ្ឋាន និង​គ្រប់​តួអង្គ​ក្នុងសង្គម រួម​គ្នា​បង្កើន​ការផ្សព្វផ្សាយ និង​អប់រំ​តាម​គ្រប់​មធ្យោបាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ អំពី​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស​។

​សារ​ជំរុញ​និង​ណែនាំ បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រុម​ជនល្មើស​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​បន្ត​ប្រើ​ល្បិចកល​បោក​បញ្ឆោត និង​អូសទាញ​មនុស្ស តាម​វិធីសាស្ត្រ​គ្រប់​ស្នៀត និង​គ្រប់​មធ្យោបាយ ក្រោមរូបភាព​នាំទៅ​រៀបការ​ជាមួយ​ស្វាមី​ជា​ជនបរទេស មានបាន ឬ​ទៅ​រក​ការងារ​មាន​ប្រាក់ខែ​ខ្ពស់​ជាដើម​។

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ឆ្នាំ​២០២៦ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​.) នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់ថា គ្រប់​គ្នា​ក្នុង​សង្គម ត្រូវតែ​មាន​ទំនួល​ខុស​ត្រូវ​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុង​ឆ្នាំ​កន្លងទៅនេះ ក្រោម​ការដឹកនាំ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​មូលដ្ឋាន បាន​វាយលុក​និង​បង្ក្រាប​សំបុក​បទល្មើស ទាំង​បទល្មើស​ប្រពៃណី និង​មិន​ប្រពៃណី បាន​ជាច្រើន​ករណី ក្នុងនោះ បទល្មើស​ជួញដូរ​មនុស្ស ត្រូវ​បាន​បង្ក្រាប ទន្ទឹមគ្នា​នឹង​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​បោសសម្អាត​បទល្មើស​ឆ្លងដែន រួម​ទាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

​យោងតាម​របាយការណ៍​របស់​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ ក្នុង​ឆ្នាំ​២០២៥ បទល្មើស​ជួញដូរ​មនុស្ស ជា​ពិសេស​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ មាន​ចំនួន ២៧២​ករណី ក្នុងនោះ អំពើ​ជួញដូរ​មនុស្ស មាន ១២៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ ២០៩​នាក់ មាន​ជនរងគ្រោះ ៦០៩​នាក់ (​អនីតិជន សរុប ៦០​នាក់​)៕

Leave a Reply

Your email address will not be published. Required fields are marked *