​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​

នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​យ៉ា​អាលីស​ចាបា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​សុ​ី​-​ប៉ា​សុ​ី​ហ្វិក (ESCAP) ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​សន្និបាត​លើក​ទី​៨០ របស់​គណៈកម្មការ ESCAP នៅ​រាជធានី​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​ក្នុង​ជំនួប​នេះ លោកជំទាវ​បណ្ឌិត អា​មី​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​ចូលរួម និង​ថ្លែង​សន្ទរកថា​គន្លឹះ​ក្នុង​សន្និបាត​លើក​ទី​៨០ របស់​គណៈកម្មការ ESCAP​។ ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោកជំទាវ​បណ្ឌិត ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ផ្តល់​អាទិភាព​លើ​បច្ចេកវិទ្យា​ឌីជីថល ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​គណ​:​ក​ម្មការ ESCAP​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​របស់​គណ​:​ក​ម្មការ ESCAP ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេលកន្លងមក ដោយ​គណ​:​ក​ម្មការ ESCAP គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ដែល​បាន​ផ្តល់​នូវ​ជំនួយ​បច្ចេកទេស និង​ការបណ្ដុះបណ្ដាល​ជំនាញ​លើ​វិស័យ​នានា រួមមាន ដូចជា​៖ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​, និរន្តរភាព​បរិស្ថាន​, ការជំរុញ​បរិយា​ប័ន្ន​សង្គម និង​អភិបាលកិច្ច ជាដើម​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​គណ​:​ក​ម្មការ ESCAP ក្នុង​ការជួយ​គាំទ្រ​ដល់​ក្នុង​ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​សកម្មភាព​មីន ដែល​គោលនយោបាយ​នេះ គឺជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ESCAP ក្នុង​ការចូលរួម​ក្នុង​សកម្មភាព​ពាក់ព័ន្ធ​នឹង​មីន​។ ទន្ទឹម​នោះ សម្តេច​ធិបតី បាន​បង្ហាញ​នូវ​ការប្ដេជា្ញចិត្ត​របស់​កម្ពុជា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង គណ​:​ក​ម្មការ ESCAP បន្ថែមទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ឆ្ពោះ​ទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកសាង​អនាគត​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ទាំងអស់គ្នា​។

​សម្តេច​ធិបតី ក៏​បាន​ជម្រាបជូន​លោកជំទាវ​បណ្ឌិត​អំពី​ក្របខ័ណ្ឌ​គោលនយោបាយ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជាពិសេស​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ផ្តល់​អាទិភាព​លើ​បច្ចេកវិទ្យា​ឌីជីថល ដែល​ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ការជំរុញ​ប្រភព​កំណើន​សេដ្ឋកិច្ច​ថ្មី ព្រមទាំង​សម្រេចបាន​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

Leave a Reply

Your email address will not be published. Required fields are marked *