សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​

​នៅ​រសៀល​ថ្ងៃ​ពុធ ៨​រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គ្រូបង្វឹក​កិត្តិយស​ក្រុមបាល់ទាត់​តារា​កម្ពុជា (Cambodia football Super Stars) បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌​ក្រោម​មូលបទ «​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​» និង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌​នេះ បាន​បញ្ចប់​ដោយ​បរិយាកាស​សប្បាយរីករាយ​បំផុត ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​ផ្ទាល់​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុងនោះ​លទ្ធផល​នៃ​ការប្រកួត​គឺ កីឡាបាល់ទាត់​ក្រុម​តារា​កម្ពុជា (Cambodia football Super Stars) បាន​ទទួល​ជ័យជម្នះ​លើ​ក្រុមបាល់ទាត់ Kun Khmer All Stars ក្នុង​លទ្ធផល (2-0)​។

​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព ហើយ​ជំរុញ​ប្រជាពលរដ្ឋ​ស្រលាញ់​កីឡា និង​ជៀសផុត​ពី​គ្រឿងញៀន និង​ទឹកចិត្ត​សប្បុរសធម៌ ពិសេស​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ភាពសប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ម្លប់​សន្តិភាព និង​ស្របទៅតាម​ពាក្យស្លោក «​កីឡា​រស់​ក្នុង​សន្តិភាព​»៕

Leave a Reply

Your email address will not be published. Required fields are marked *