​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ស្វាគមន៍​និង​សម្ដែង​សេចក្ដី​រីករាយ​ដែល​បាន​ជួប ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ក្នុងតួនាទី​ថ្មី​របស់​សម្ដេច​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេល​នេះ​។ សម្ដេច​តេជោ សង្ឃឹមថា ឯកឧត្ដម ឯកអគ្គរដ្ឋទូត​នឹង​បន្ត​ខិតខំ​ដើម្បីអោយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​ជា​កិច្ច​ឆ្លើយតប ឯកឧត្ដម ឯកអគ្គរដ្ឋទូត បាន​សំដែង​នូវ​ការ​ត្រេកអរ​ដែល​បាន​ចូលជួប​សម្ដេច​នៅ​ពេល​នេះ ហើយ​ក៏​សូម​អបអរសាទរ​សម្ដេច​តេជោ ដែល​ទទួលបាន​តួនាទី​ថ្មី​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​តួនាទី​ខ្ពស់​ជាង​មុន​។ ឯកឧត្តម ក៏បាន​លើកឡើង​ថា​នៅក្នុង​អំឡុង​ឆ្នាំ​២០១៩ ក្នុងពេលដែល​សម្ដេច​តេជោ ជា​នាយករដ្ឋមន្ត្រី បាន​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ជំនួយ​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ។ ហើយ ឯកឧត្តម​បាន​ប្ដេជ្ញា​នឹង​បន្ត​ខិតខំ​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត​ដោយ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​តុល្យភាព​នៅ​ឡើយ ដោយ​ការនាំ​ចេញពី​កម្ពុជា​ទៅ​សាធារណរដ្ឋ​ឆែក​គឺ​មាន​ទំហំ​ស្ទើតែ​លើ​សមួយ ១០០​រយ​ដង​នៃ​ការ​នាំចូល​ពី​ឆែក​មក​កម្ពុជា​វិញ ដូច្នេះ ឯកឧត្ដម​នឹង​ខិតខំ​អោយ​មាន​ការ​នាំចូល​ទំនិញ​ច្រើន​បន្ថែមទៀត​ពី​ឆែក​មក​កម្ពុជា​ដើម្បី​អោយ​មាន​តុល្យភាព​តាមរយៈ​ការនាំ​អ្នកវិនិយោគ​ថ្មីៗ​មក​កម្ពុជា​បន្ថែម​ទៀត ហើយ​ជាមួយគ្នានេះ​ក៏​នឹង​ជំរុញ​ឲ្យមាន​ការផ្ដល់​ជំនួយ​អភិវ​ឌ្ឍ​ន៍ ដល់​កម្ពុជា​បន្ថែម​ទៀត​។ ឯកឧត្តម បាន​ជូនពរ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ទទួលបាន​សុខភាព​ល្អ និង​ជោគជ័យ​ក្នុង​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​។

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជូនពរ ហើយ សម្ដេច​តេជោ បាន​បញ្ជាក់ជូន ឯកឧត្ដម​ថា ក្នុង​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​ថា សម្ដេច​បាន​កំណត់​លើកស្ទួយ​ការទូត​សភា​ជា​អាទិភាព​មួយ​របស់​ព្រឹទ្ធសភា​ក្នុង​អាណិត​ថ្មី​នេះ ដោយ​មាន​តួនាទី​សំខាន់​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ស្មារតី​នេះ ព្រឹទ្ធសភា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ ឯកអគ្គរដ្ឋទូត​ឆែក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។

​ទាក់ទង​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​ឆែក សម្ដេច​តេជោ​បានសម្ដែង​ការពេញចិត្ត ដោយ​ចាប់​តាំងពី​ឆ្នាំ 1979 ជា​ហូរហែ​មក ទោះបី​ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី​ត្រូវបាន​បែងចែក​ជា​ពីរ ហើយ​ស្ថានភាព​នយោបាយ​កម្ពុជា​មាន​ភាពប្រែប្រួល​យ៉ាងណា ក៏​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត ហើយ​សម្ដេច​តេជោ​ក៏លើកឡើង​ថា សម្ដេច​គឺ​មាន​ទំនាក់ទំនង​យ៉ាង​ចិត្ត​ស្និទ្ធ​ជាមួយនឹង​មេដឹកនាំ​នៃ​សាធារណរដ្ឋ​ឆែក​ជា​បន្តបន្ទាប់​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​ការលើកស្ទូយ​ការទូតស​ភានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​សម្ដេច​ថា ឯកឧត្តម​នឹង​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដើម្បី​ឲ្យ​គណៈប្រតិភូ​សភា​សាធារណ​រដ្ឋ​ឆែក មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ក្នុង​កំឡុង​នៃ​ចុងឆ្នាំ​នេះ ពីព្រោះ​ថា​គណៈប្រតិភូ​សភា​សាធារណរដ្ឋ​ឆែក គឺ​មាន​បំណង​នឹង​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ផងដែរ​។

​សម្ដេច​តេជោ ក៏​បាន​អរគុណ ឯកឧត្ដម ឯកអគ្គរដ្ឋទូត​ដែល​នឹង​ជួយ​រៀបចំ​អោយមាន​ទស្សនៈកិច្ច​សភា​ឆែក​មក​កម្ពុជា​នា​ពេលខាងមុខ​នេះ ពិសេស​ថ្លែងអំណរគុណ​ដល់ សាធារណរដ្ឋ​ឆែក​ដែល​បាន​លុប​បំណុល និង​ប្រែក្លាយ​បំណុល​សេសសល់​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍ ហើយ​ឆែក​ក៏​នៅ​បន្ត​ផ្ដល់​ជំនួយ​ជា​បន្ត​ទៀត​លើ​វិស័យ​សុខាភិបាល អប់រំ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ជាពិសេស​លើ​វិស័យ​អប់រំ​គឺ​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​ឆែក​ជា​បន្តបន្ទាប់​។

​សម្ដេច​តេជោ ក៏​បាន​លើកទឹកចិត្ត​ឲ្យខិត​ខំ​ធ្វើ​យ៉ាងណា​ជម្រុញ​អោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើនឡើង ពិសេស​អោយ​មាន​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម ដោយ​បង្កើន​ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​សាធារណរដ្ឋ​ឆែក ក៏​ដូចជា​ពី​សាធារណរដ្ឋ​ឆែក​ចូលមក​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ទន្ទឹមនឹងនេះ​សម្ដេច​ក៏​បាន​ផ្ដល់​អនុសា​សន៍​គួរពិនិត្យមើល​នូវ​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​អាច​ជា​ការលើកទឹកចិត្ត​ឲ្យ​អ្នកវិនិយោគ​មានទំនុក​ចិត្ត​គ្នាក៏​ដូចជា​ការជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

​ជា​ចុងក្រោយ សម្ដេច​តេ​ជា​ក៏បាន​ជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក អោយ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកម្ម​របស់ខ្លួន​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​រីកលូតលាស់ រឹងមាំ កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *