សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង និង​សូម​អំពាវនាវ ក្មួយៗ​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ខ្មែរ​យើង សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​

​ក្នុង​មួយ​រយៈពេល​នេះ ខ្ញុំ​បាន​សង្កេតឃើញ​មាន​ការ​កើត​ឡើង​ជា​ញឹកញាប់​នូវ​សកម្មភាព​ក្រុម​ក្មេង​ទំនើ​ង ដែល​បង្ក​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ ដោយ​រួមទាំង​ការប្រព្រឹត្ត​អំពើ​ហិង្សា និង​មាន​ទាំង​ការប្រើប្រាស់​អាវុធ ដូចជា​កាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​សាធារណៈ សន្តិសុខ​សង្គម ពិសេស ភាពសុខសាន្ត​របស់​ប្រជាជន​។

​ក្នុងនាម​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ទាំង​វិធានការ​រដ្ឋបាល​ក្នុង​ការបង្ការ​ទប់ស្កាត់ ទាំង​វិធានការ​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការបន្ធូរបន្ថយ និង​ដោយ​គ្មាន​ការលើកលែង ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​, សន្តិសុខ​សង្គម​, សេចក្តីថ្លៃថ្នូរ​របស់​សង្គម​ជាតិ ពិសេស ភាពសុខសាន្ត​របស់​ប្រជាជន​ក្នុង​សហគមន៍ ។

​ជាមួយគ្នានេះ​, ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ មាន​វិធានការ​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ក្នុង​ការចាត់កា​រលើ​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ទាំងនេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ដើម្បី​ការការពារ​សង្គមជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាជន​យើង​។

​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​ឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូនៗ ក៏ដូចជា ក្មួយៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ វៀរចាក​នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​។

​ជា​ចុងក្រោយ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្មួយៗ​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ខ្មែរ​យើង សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ ​ហើយ​សូម​ជៀសវាង​ពី​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ករ​អន្តរាយ​ដល់​ខ្លួន គ្រួសារ និង​សង្គមជាតិ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *