សម្ដេច​តេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យ​ប្រតិភូ​សមាគម​សិល្បករ​ខ្មែរ ចូលជួប​សម្តែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ប្រតិភូ​សមាគម​សិល្បក​រ​ខ្មែរ ដឹកនាំ​ដោយ​អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ព្រមទាំង ស្វាគមន៍​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ និង​លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា ដែល​បាន​ជួយ​ជ្រោមជ្រែង​រៀបចំ​រចនាសម្ព័ន្ធ​សមាគម​។​

​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​គោរព​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ ទទួល​ជួប សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ ដែល​ជា​សារ​វិជ្ជមាន​មួយ​សម្រាប់​សមាគម​។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​ធ្វើ​របាយការណ៍​ជូន​សម្តេច​តេជោ អំពី​សាវតា​សង្ខេប​របស់​សមាគម ដោយ​បាន​រំលឹក​ពី​ការគាំទ្រ និង​ជំនួយ​របស់ សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​សមាគម និង អំពី​សកម្មភាព​ការងារ​សំខាន់ៗ​ក្រោយ​ការបោះឆ្នោតជ្រើ​រើស​ប្រធាន​សមាគម អាណត្តិ​ទី​៦ ដូចជា​ការរៀបចំ​ក្រុមប្រឹក្សាភិបាល និង គណកម្មការ​ប្រតិបត្តិ​សមាគម និង ការ​រ​ត្រៀម​រៀបចំ​ពិធី​ជួបជុំ​មហា​គ្រួសារ​សិល្បករ​ខ្មែរ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី នៅពេល​ខាងមុខ ព្រមទាំង ការរៀបចំ​មូលដ្ឋាន​រដ្ឋបាល កែសម្រួល​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង ការរៀបចំ​ផែនការ​ជា​ទស្សនវិស័យ និង ចក្ខុវិស័យ​នៃ​សមាគម ដើម្បី​ឧត្តមភាព​នៃ សិល្បៈ​ខ្មែរ ទាំង​នៅលើ​ឆាក​ជាតិ និង ឆាក​អន្តរជាតិ​។

​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​គូសបញ្ជាក់ថា កិច្ចការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​សមាគម​អាច​សម្រេច​គោលដៅ​ដែល​បានកំណត់ ដូចជា​៖
(១) កិច្ចការ​អភិរក្ស ការពារ អភិវឌ្ឍ និង លើកស្ទួយ​សិល្បៈ និង វប្បធម៌​ជាតិ
(២) ការពារ​សិទ្ធិ និង ផលប្រយោជន៍​របស់​ស​មាជិក
(៣) ស្វែងរក​សប្បុរសជន ដើម្បី​ជួយ​ដល់​សកម្មភាព​សិល្បៈ និង កិច្ចការ​សង្គម
(៤) ប្រមូល​កម្លាំង​ធនធាន​សិល្បករ ដើម្បី​បម្រើ​សកម្មភាព​សិល្បៈ និង​កិច្ចការ​សង្គម និង
(៥) រួមចំណែក​លើកកម្ពស់​សីលធម៌​សង្គម និង ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​សិល្បករ​។​
​អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​កន្លងមក​និង​ផែនការ​ដំណោះស្រាយ​មួយចំនួន​។ បញ្ហា​ប្រឈម​ទាំងនោះ មានដូចជា​៖
​ក​) អាណត្តិ​ថ្មី​នេះ បានធ្វើឱ្យ​សិល្បករ​ទាំង​អាជីព​និង​មិន​អាជីព មក​ចុះឈ្មោះ​ជា​សមាជិក​នៃ​សមាគម​សិល្បក​ខ្មែរ​ជាច្រើន ដោយ​ពួកគេ​គិត​ថា​សមាគម​នឹង​អាចមាន​លទ្ធភាព​ផ្តល់ជំនួយ ជា​អ្នក​ស្វែងរ​ការងារ ឬ ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​ពួកគេ​
​ខ​) ការប្រើប្រាស់​ភាសា កាយវិកា សម្តី សម្លៀក​បំពាក់ ក្នុង​ជួរ​សិល្បករ​ខ្លះ បាននិងកំពុង​បង្ហាញ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​មាន​ឥទ្ធិពល​បែប​អវិជ្ជមាន​
​គ​) កង្វះខាត​ធនធានមនុស្ស ការបាត់បង់​នូវ​សិល្បករ ដែលមាន វ័យ​ចំណាស់ៗ​តាម​វ័យ​និង​កាល​វេលា កង្វះខាត​ចំណេះដឹង​ស្តីពី​វប្បធម៌​ជាតិ ឬ​ការ​រត់​តាម​ផលប្រយោជន៍​ចំពោះ​មុខ​មួយចំនួន​នៅ​លើ​ទីផ្សារសេរី ការវិវត្ត​នៃ​បរិវត្ត​កម្ម​ឌីជីថល​ដែលមាន​ទំនោរ​អវិជ្ជមាន​មួយចំនួន​។ រីឯ ផែនការ​ដំណោះស្រាយ មានដូចជា សមាគម​សិល្បករ​ខ្មែរ នឹង​បង្កើត​គណៈកម្មការ​វាយតម្លៃ​គុណវុឌ្ឍិ​សិល្បករ ដើម្បី​កំណត់​ឱ្យ​ច្បាស់​នូវ​លក្ខណសម្បត្តិ សិល្បករ ដោយ​លើក​ទឹកចិត្ត​ឱ្យ​សិល្បករ​ទាំងអស់​រួម​គ្នា​បង្កើត​ស្នាដៃ​ច្នៃប្រឌិត បញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប និង​បង្កើត​នូវ​ភាព​ទាក់ទាញ ការពេញនិយម​ក្នុងសង្គម​តែ​ត្រូវ​រក្សា​ឱ្យបាន​នូវ​អត្តសញ្ញាណ​ជា​ខ្មែរ …​។​ល​។ អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​គោរព​ស្នើសុំ សម្តេច​តេជោ ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ដល់​សមាគម​សម្រាប់​ការអភិវឌ្ឍ​នា​ពេលខាងមុខ​។
​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​សមាគម ចាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​។ សម្តេច បាន​គូសបញ្ជាក់ថា ការកកើត​ឱ្យ​មាន​សមាគម គឺជា​រឿង​ល្អ​ហើយ ក៏ប៉ុន្តែ ការធានា​និរន្តរភាព ជា​ការលំបាក​។ សម្តេច ជឿជាក់ថា នៅក្នុង​អាណត្តិ​ថ្មី​នេះ សមាគម​អាច​ជៀសផុត​ពី​ការលំបាក​ដែល​កើតមាន​កន្លង​មក តាមរយៈ ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ឡើងវិញ និង ការពង្រឹង​សីលធម៌​របស់​សិល្បករ សិល្បការិនី​។

​សម្តេច​ក៏​បាន​រំលឹក​អំពី​ដំណាក់កាល​រស់​ឡើង​វិញ​នៃ​សិល្បៈ ចាប់ពី​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ និង ដំណាក់កាល​ប្រមូល​ទុន ធនធានមនុស្ស ដែល​បាន​ខិតខំ​ជា​បន្តបន្ទាប់ ជាពិសេស ក្រោយ ពេល​កម្ពុជា​បាន​សន្តិភាព​ពេញលេញ​ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ ចាប់ពី​ឆ្នាំ​១៩៩៨​មក ប្រទេស​យើង​វិវត្តដ​ល់​ដំណាក់កាល​ថ្មី គឺ ដំណាក់កាល​អភិរក្ស និង​អភិវឌ្ឍ​។ សម្តេច​បាន​លើកឡើង​ថា “​យើង​អភិរក្ស​របស់​មាន​ស្រាប់ និង ខិតខំ​ឆ្នៃប្រឌិត​ថ្មី​។ សម័យ​យើង​នេះ ការការពារ​កម្មសិទ្ធិ​បញ្ញា មិន​ងាយស្រួល​ទេ ដោយសារ​ការវិវត្ត​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​។ បញ្ហា​ប្រឈម​ធំ នៅពេល​ខាងមុខ គឺ បញ្ញា​សិប្បនិម្មិត (AI) ដែល ជំនួស​ការងារ​មនុស្ស​កាន់តែ​ច្រើនឡើង​។​”

​សម្តេច​បាន​គូសបញ្ជាក់ថា “​ខ្មែរ​យើង​រក្សា​អត្តសញ្ញាណ​របស់​យើង​បាន ដោយសារ កាលពី​សម័យ​បារាំង ទី​អារាម និង ព្រះបរមរាជវាំង គឺ​ជា​ទី​ដែល​រក្សា​កេរដំណែល វប្បធម៌​មរតក​ជាតិ ហើយ ទោះ​ខ្មែរក្រហម​បាន​បំផ្លាញ​យ៉ាងណាក្តី ក៏​យើង​បាន​គាស់​យក​មក​វិញ នូវ​វប្បធម៌ និង សិល្បៈ ដូចជា ពិធី​អាពាហ៍ពិពាហ៍ …​។ ការការពារ​សិល្បៈ និង វប្បធម៌ គឺជា​កាតព្វកិច្ច​របស់​យើង​។​”

​សម្តេច​បាន​លើកឡើង​ថា ចាប់ផ្តើម អាណត្តិ​ថ្មី សិល្បករ​ជាច្រើន បាន​មើលឃើញ​ថា សមាគម​មាន​ភាពរឹងមាំ សាមគ្គីភាព និង​មាន​រចនាសម្ព័ន្ធ​ដឹកនាំ និង មាន​លទ្ធភាព​អាច​ជួយ​គេ​។ នៅក្នុង​ចំណុច​នេះ មិន​គួរ​គិតថា សមាគម​សិល្បករ​ខ្មែរ ជា​សមាគម​សប្បុរសធម៌​ទេ​។ សម្តេច​បាន​ផ្តល់​អនុសា​សន៍​ឱ្យ​រក​វិធីសាស្ត្រ​ជួយ​ពង្រឹង​តួនាទី​របស់​សិល្បក​រ​សម្រាប់​រយៈពេល​វែង ដូចជា ជួយ​ដល់​ការបណ្តុះបណ្តាល​កូន​សិល្បករ ហើយ នៅពេល​រៀន​ចប់ ជួយ​ពួកគេ​ក្នុង​ការរក​ការងារ​ធ្វើ​។ “​យើង​ចង់​បណ្តុះបណ្តាល កុំ​ឱ្យ​សិល្បករ​ខ្វះ​អ្នក​បន្តវេន ឬ អ្នកទ្រទ្រង់​ជំនាន់​ក្រោយ​។ សមាគម គួររៀបចំ​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ លើ​ជំនាញ​នី​មួយ រួម​ទាង​ប្រធានបទ​ក្រមសីលធម៌​វិជ្ជាជីវៈ​”​។​

​សម្តេច​តេជោ បាន​ណែនាំ​ឱ្យ ពិនិត្យ​លក្ខខណ្ឌ​ឡើងវិញ ដើម្បី​រក្សា​នូវ​តម្លៃ​សិល្បករ សិល្បការិនី​របស់​យើង​។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ពិនិត្យ​កំណត់​លក្ខណវិនិច្ឆ័យ ហើយ សមាគម​យកទៅអនុវត្ត​។ សកម្មភាព​សង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំង​តាម​សកម្មភាព​វប្បធម៌​។ ក្រសួង​វប្បធម៌ ត្រូវ​ជំរុញ​ឱ្យ​មាន​ការកសាង​ក្របខ័ណ្ឌ បែបបទ​គតិយុត្ត​សមាគម ឱ្យបាន​គ្រប់គ្រាន់ ដូច​សុភាសិត​មួយ​ចែង ថា “​បើ​ឈរ​មិនទាន់​រឹង កុំ​រត់​”​។ ក្រសួង​វប្បធម៌ ត្រូវ​គិត​ការកត់ត្រា​ទុក មូដ​សំលៀក​បំពាក់​ខ្មែរ តាម​ជំនាន់​នី​មួយៗ​។ ការកែឆ្នៃ​ថ្មី ត្រូវ​អនុញ្ញាត​ដល់​កម្រិត​ណាមួយ និង ត្រូវ​ចុះបញ្ជី​ទាំងអស់​។ ការចុះបញ្ជី គឺ កុំ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ច្រឡំ​។ នេះ​ហើយ​ជា ការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បី​អភិរក្ស​។ ប្រទេស​មួយ រីកលូតលាស់ ទាល់តែ​មាន​គ្រប់​វិស័យ​លូតលាស់ រួមទាំង សិល្បៈ​។​”

​ជាការ​ទ្រទ្រង់​ដល់​សមាគម សម្តេច​តេជោ បាន អំពាវនាវ​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ឱ្យ​មាន​ក្រុម​ផលិត ផ្សព្វផ្សាយ​សកម្មភាពរ​បស់​សមាគម រួមទាំង តាម​វែបសាយ Youtube TikTok …​។​ល​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ បាន​សម្រេច​ជួយ​ឧបត្ថម្ភ​ទ្រទ្រង់ សមាគម​សិល្បករ​ខ្មែរ ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល ៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២៤​នេះ​តទៅ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ជូនពរ អ្នកឧកញ៉ា ម៉ៅ ចំណាន និង សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម ឱ្យមាន​សុខភាព​ល្អ និង​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *