សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧៣​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប ៧៣​ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)​។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន ៧​មករា ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ពិធី​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡារឹក​នៅ​វិមាន​៧​មករា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​បក្ស អនុប្រធាន​បក្ស​ទាំង​៥​រូប សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​, សម្តេច​ក្រឡាហោម ស ខេង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត មែន សំអន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា ជាច្រើនរូប​ទៀត​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​៧៣​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្តថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រាំ​រ៉ៃ ពី​ការបែកបាក់​ជាតិ និង​គំនរ​ផះផង់​ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​គារវ​ភក្តីភាព និង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​បាន​និង​កំពុង​គង់ប្រថាប់ ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​នៃ​ប្រជារាស្ត្រ​ខ្មែរ​នៅ​គ្រប់ទិសទី​។ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក្ដី​ក៏ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រក្សា​ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន ដើម្បី​កសាង និង​ការពារ​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាព​សង្គម​។ បច្ចុប្បន្ន ប្រជាជន​យើង​កំពុង​រស់នៅ​ប្រកប​ដោយ​ភាពសុខដុមរមនា មាន​ក្តីសង្ឃឹម និង​មាន​ឱកាស​សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​សម្រាប់​ក្មួយៗ​ជា​យុវជន​ជំនាន់​ក្រោយ​។​

​សម្តេច​តេជោ​បន្តទៀតថា សន្តិភាព​ដែល​សម្រេចបាន​យ៉ាង​លំបាក​បំផុត​ដោយ​ខ្មែរ​ខ្លួនឯង​នេះ និង​សមិទ្ធផល​ដ៏​ធំធេង នៃ​ការស្តារ កសាង និង​អភិវឌ្ឍ​សង្គមជាតិ បានបញ្ជាក់​ច្បាស់​នូវ​សច្ចធម៌​មួយ គឺ​ខ្មែរ​អាច​ធ្វើ បាន​នូវ​អ្វីៗ​គ្រប់យ៉ាង ឱ្យ​តែ​យើង​មាន​សាមគ្គីភាព មាន​ភាព​ជឿជាក់​លើ​បុព្វហេតុ​របស់ខ្លួន ហើយ​រួមគា្ន​ដើរ​ទៅ​មុខ​លើ​វិថី​មួយ​ដ៏​ត្រឹមត្រូវ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខួប​អនុស្សាវរីយ៍​លើក​ទី​៧​នេះ​ឡើង ដើម្បី​គោរព​ដឹង គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ បុព្វការី​ជន ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​គណបក្ស​យុវជន​យុវនារី និង​អ្នកស្នេហាជាតិ​ដែល​បាន​ធ្វើ​ពលិកម្ម​ដ៏​ធំធេង ដើម្បី​ប្រទេសជាតិ នៅ​គ្រប់​ដំណាក់កាល ដែល​ធ្វើឲ្យ​កម្ពុជា​ស្ថិតស្ថេរ គង់វង្ស​និង​មាន​អ្វីៗ​ដូច​សព្វថៃ្ងនេះ​។​

​សម្ដេច​តេជោ ហ៊ុន​សែន បានបញ្ជាក់​ថា ត្រូវតែ​កម្ចាត់​ចោល​នូវ​អង្គការ​ចាត់តាំង នយោបាយ​ក្រៅប្រទេស​ក្រុម​ជ្រុលនិយម ដែល​ប្រឆាំង​កម្ពុជា យើង​ត្រូវ ហ៊ាន​ធ្វើ​អ្វីៗ ដើម្បី​ប្រជាជន ការពារ​សន្តិភាព​ភាព ទោះបី​ក្នុង​តម្លៃ​ណាក៏ដោយ​។ សម្ដេច​តេជោ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង ទូទាំង​ប្រទេស ទូងស្គរ​តាម​ទី​វត្ត​អារាម​នៅពេល បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ នៅ​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០២៤ ខាងមុខ​។

​សម្ដេច​តេជោ បាន​អំពាវនាវ​ដល់​បណ្តា​រដ្ឋ​ជា​ពិសេស​បណ្ដា​ប្រទេស​មហាអំណាច សូម​ស្ដារឡើងវិញ នូវ​កិច្ចសហប្រតិបត្តិការ និង​រិះរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ក្ដៅៗ ទាំងឡាយ តាមរយៈ​ការចរចា​ដើម្បី​សន្តិភាព សន្តិសុខ ស្ថិរភាព និង​នីតិរដ្ឋ​របស់​មនុស្សជាតិ​ទាំងអស់​។​ការដាក់ទណ្ឌកម្ម អំពី​ហិង្សា និង​សង្គ្រាម​មិនមែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ឡើយ​។​

​មុន​នឹង​បញ្ចប់ ជាមួយនឹង​អំណរ​សាទរ​ខួប​ទី ៧៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ សូម​ថ្វាយព្រះពរ ប្រគេន​ពរ សម្តេចព្រះសង្ឃរាជ ព្រះ​រាជាគណៈ ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​សូម​ប្រសិទ្ធពរ​ជូន​សម្តេច ឯកឧត្តម លោកជំទាវ គណៈ ដឹកនាំ​សាសនិក​ឥស្លាម និង​គ្រឹស្តសាសនិក ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ សមាជិក សមាជិកា​នៃ​អង្គ​មី​ខ្ទីង និង​បងប្អូន​ជនរួមជាតិ​ទាំង​នៅក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស សូម​បាន​ប្រកប​នូវ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី ឃ្លៀងឃ្លាត​ឡើយ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *