កម្ពុជា​-​ជប៉ុន ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់​

ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ​រដ្ឋមន្ត្រី​ការបរទេស បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ជំទាវ និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា​រហូតដល់​ពេល​បច្ចុប្បន្ន​។ សម្រាប់​អនាគតកាល រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកជំទាវ KAMIKAWA Yoko និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​តែងតែបាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹម​នោះ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ជប៉ុន ដែល​ជា​ទំនាក់ទំនង​ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣ ព្រមទាំង​ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាម​អភិក្រម​ថ្មី លើ​វិស័យ​ជាច្រើន រួមមាន​៖ (១) ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទឹកស្អាត និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, ការជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ឌីជីថល និង​សន្តិសុខ​សាយ​ប៊័រ (២) កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​លំហ​សមុទ្រ​  តាមរយៈ​ការចូលរួម​រៀបចំ និង​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ លើ​សន្តិសុខ​លំហ​សមុទ្រ តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូចជា​នគរបាល​ជើង​ទឹក​កម្ពុជា និង​ឆ្មាំ​សមុទ្រ​ជប៉ុន លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការហ្វឹកហ្វឺន​រួមគ្នា និង (៣) ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន ដោយ​លោក​ជំទាវ​រដ្ឋមន្ត្រី បាន​បង្ហាញ​ការគាំទ្រ​កម្ពុជា​ក្នុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។ សម្ដេច​ធិបតី ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការរៀបចំ​កិច្ចប្រជុំ នៃ​អនុសញ្ញា​អូ​តា​វ៉ា​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​ដល់​កិច្ចដំណើរការ​នៃ​ការរៀបចំ​។​

​បន្ថែម​លើ​នេះ សម្តេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​។ សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ការដំឡើង​កម្រិត នៃ​កិច្ចសន្ទនា​រវាង​វិស័យ​ការពារ​ជាតិ និង​វិស័យ​ការបរទេស និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដល់​កម្រិត​នៃ​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ព្រម​ជាមួយគ្នានេះ សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​ក្នុង​តំបន់ និង​អន្តរជាតិ​សំដៅ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ទៅវិញ​ដល់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។​

​ជាទី​បញ្ចប់ សម្ដេច​ធិបតី បាន​ជូនពរ​លោក​ជំទាវ​រដ្ឋ​មន្ត្រី និង​គណៈប្រតិភូ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុខ​សុវត្ថិភាព​។​

Leave a Reply

Your email address will not be published. Required fields are marked *