អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​អង្គារ ទី​១៦ កក្កដា ២០២៤ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង​ជា​ទីប្រឹក្សា​ច្បាប់​នៃ​អង្គការសហប្រជាជាតិ ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិកា​រង​ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង​ជា​ទីប្រឹក្សា​ច្បាប់​របស់​អង្គការសហប្រជាជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គលេខាធិកា​រង ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឯកឧត្តម​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៣​។ ឯកឧត្តម Miguel De Serpa Soares ក៏​បាន​សម្តែង​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេចបាន​នូវ​ជោគជ័យ​ក្នុង​កិច្ចដំណើរការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ព្រមទាំង​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​លើ​ការរៀបចំ​សម្ភារៈ​បរិក្ខារ បណ្ណាល័យ និង​កា​រក្សាទុក​ឯកសារ​របស់ អ​.​វ​.​ត​.​ក ហើយ​អង្គការសហប្រជាជាតិ​នៅតែ​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការបញ្ចប់​មុខងារ ដែល​នៅ​សេសសល់​របស់ អ​.​វ​.​ត​.​ក​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អគ្គលេខាធិកា​រង និង បាន​អរគុណ​ចំពោះ​ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចដំណើរការ​ប្រកបដោយ​ជោគជ័យ​នៃ អ​.​វ​.​ត​.​ក​. ក្នុង​រយៈពេល ១៦ ឆ្នាំកន្លងមក​។ បន្ថែម​លើ​នេះ សម្ដេច​ធិបតី ក៏​បាន​បញ្ជាក់ថា ការជំនុំជម្រះ​រឿង​ក្ដី​របស់​របប​ប្រល័យពូជសាសន៍​កម្ពុជា មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​នោះទេ តែ​ត្រូវ​តែ​បន្ត​នូវ​កិច្ចការ​មួយចំនួន ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​នាពេល​អនាគត ក៏ដូចជា​សម្រាប់​ពិភពលោក​ទាំងមូល​ផងដែរ​។ ក្នុងន័យនេះ សម្តេច​ធិបតី បាន​ជម្រាបជូន​ឯកឧត្ដម​អគ្គលេខាធិកា​រង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​នូវ​យន្តការ​ដ៏​សមស្រប​មួយ​ក្នុង​ការថែរក្សា និង​ទុកដាក់​នូវ​ឯកសារ​សំណុំរឿង ដែល​មាន​ចំនួន​ជាង ២,៤ លាន​ទំព័រ ជា​បី​ភាសា (​ខ្មែរ បារាំង និង​អង់គ្លេស​) ដើម្បី​ទុកជា​ទ្រព្យសម្បត្តិ​មនុស្សជាតិ ដល់​ពិភពលោក​ទាំងមូល​សម្រាប់​ឱ្យ​អ្នកជំនាន់ក្រោយ ក្នុង​ការស្វែងយល់ និង​សិក្សា​អំពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​បញ្ចៀស​នូវ​អំពើ​ប្រល័យពូជសាសន៍​ដែល​អាច​កើតមានឡើង​នៅលើ​ពិភពលោក​។ ឯកឧត្តម​អគ្គលេខាធិការរង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​គោរព​បញ្ជាក់ជូន​សម្តេច​ធិបតី​ថា អង្គការសហប្រជាជាតិ​នឹង​បន្ត​គាំទ្រ​កម្ពុជា​លើ​កិច្ចការ​ដ៏​មាន​សារ​:​សំខាន់​នេះ​។

​ជាមួយគ្នានេះ សម្តេច​ធិបតី ក៏​បាន​សង្កត់ធ្ងន់ថា សុខសន្តិភាព គឺជា​កត្តា​មួយ​មិន​អាច​កាត់ថ្លៃ​បាន និង​ជា​កត្តា​ចម្បង​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ លើ​គ្រប់​វិស័យ​។ ក្នុងន័យនេះ ដើម្បីឱ្យ​ពិភពលោក​ទាំងមូល​មាន​សុខសន្តិភាព គឺ​យើង​ទាំងអស់គ្នា ត្រូវ​រួមគ្នា និង​សហការ​គ្នា ដោយ​ធ្វើ​យ៉ាងណា​បញ្ចៀស​ឱ្យបាន​នូវ​រាល់​សង្គ្រាម និង​ជម្លោះ ដែល​អាច​កើតមាន​ជាយថាហេតុ​។

​ជាទី​បញ្ចប់ សម្ដេច​ធិបតី បាន​ជូនពរ​ឯកឧត្តម Miguel De Serpa Soares និង​គណៈប្រតិភូ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុខ​សុវត្ថិភាព ៕

Leave a Reply

Your email address will not be published. Required fields are marked *