សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង វិន​ពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​

​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង វិន​ពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការស្វាគមន៍​និង​អបអរ​សារ​ទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ ឯកឧត្តម វ៉ាង វិន​ពីន ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី ឯកឧត្តម វ៉ាង វិន​ធាន បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​។ សម្តេច បាន​បន្តថា វត្តមាន​ដ៏​ឆាប់រហ័ស​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ទាប់​ពី​ការចាកចេញ​របស់​ឯក​អគ្គរដ្ឋទូត​មុន បាន​ស​បញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​រឹងមាំ​និង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​បន្ថែមទៀត​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់ ឯកឧត្តម​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង និង​ការ​អរគុណ ដែល​

​សម្តេច បានអនុញ្ញាត​ឱ្យ ឯកឧត្តម និង​សហការី បាន​ចូលជួប​សម្ដែង​ការគួរសម​។ ឯកឧត្តម​ក៏បាន​ពាំនាំ​ជូន សម្តេច​តេជោ នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន លី ឈាង ប្រធានសភា​ចិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​ឯកឧត្តម បាន​មានប្រសាសន៍ថា សម្តេច​តេជោ ជា​មិត្ត​ចាស់​ដ៏​ពិតប្រាកដ​របស់​ចិន ដែល​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម ក៏​បាន​អរគុណ​សម្ដេច ដែល​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន អំឡុង​ពេល​ដែល​មានកា​រ​ផ្ទុះ​កូវី​ដ​១៩ ដែល​ធ្វើឱ្យ​ប្រជាជន​ចិន និង​ពិភពលោក​មាន​ការភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​បាន​ចាត់ទុកថា សម្ដេច​តេជោ ជា​មិត្ត​ល្អ​សម្រាប់​ប្រជាជន​ចិន ដែល​គាំទ្រ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​។ ដូចនេះ សុខទុក្ខ​របស់​កម្ពុជា គឺជា​សុខទុក្ខ​របស់​ប្រទេស​ចិន​ដូចគ្នា​។​

​ឯកឧត្តម វ៉ាង វិន​ពីន បាន​បន្ថែមថា សម្តេច​តេជោ គឺជា​អ្នកនយោបាយ ជា​មេដឹកនាំ​កំពូល និង​ជា​អ្នក​យុទ្ធសាស្ត្រ​ដ៏​ឆ្នើម​ក្នុង​ការដឹកនាំ​មាគ៌ា​កម្ពុជា​ឆ្ពោះទៅ​រក​សុខ​សន្តិភាព​និង​ការអភិវឌ្ឍ​ជឿនលឿន​ដូច​សព្វថ្ងៃ​។ ឯកឧត្តម​បាន​កោតសរសើរ សម្ដេច​តេជោ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លងមកនេះ ក្នុងការ​ពូន​ជ្រំ​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​កម្ពុជា​-​ចិន ។ សម្តេច​តេជោ និង ឯកឧត្តម ស៊ី ជីន​ពីង បាន​ឯកភាពគ្នា​ដាក់ចេញ​នូវ​ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ជា​ផែនទី​ចក្ខុវិស័យ​ក្នុង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​សម្រេច​បាន​នូវ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់​។ ឯកឧត្តម បាន បេ្ត​ជ្ញា​ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា ឯកឧត្តម នឹង​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​-​សង្គម​, សន្តិសុខ​-​យោធា​, និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នៃ​ជំនួប​នេះ​ផង​ដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​គោរព​អញ្ជើញ សម្តេច ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នាពេលខាងមុខ​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ បាន​អរគុណ​ចំពោះ​ឯកឧត្តម​ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ប្រធានាធិបតី ស៊ី ជិន​ពីង នាយករដ្ឋមន្ត្រី ប្រធានសភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​នៃ​ប្រទេស​ចិន​។ សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផងដែរ​អំពី​សារៈសំខាន់​មិនអាច​ខ្វះ​បាន​នៃ​ទំនុកចិត្ត​និង​ការគោរព​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ក្នុង​ការវិវត្ត​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប ដើម្បី​រួមគ្នា​កសាង​សហគមន៍​ជោគវាសនា​រួម​។​

​សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​រក្សា​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អ​នេះ​តាំងពី​ថ្នាក់ដឹកនាំ​ជំនាន់​មុន ហើយ​ថ្នាក់ថ្នម​ថែរក្សា​ទំនាក់ទំនង​នេះ​ឱ្យ​មាន​ភាពរឹងមាំ​ជា​រៀង​រហូត​មក​។ សម្ដេច​តេជោ​បានចាត់ទុ​ក​ថា ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ រវាង​ប្រទេស​ទាំង​ពីរ តម្រូវ​ឱ្យ​ប្រទេស​យើង​ទាំង​ពីរ​នៅតែ​ជា​ដៃគូ​ដ៏​ស្មោះត្រង់​ជាមួយ​គ្នា​។​

​សម្ដេច​បាន​រំលឹកថា ទស្សនកិច្ច​របស់​សម្ដេច​ទៅកាន់​ប្រទេស​ចិន នៅពេល​ដែល​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូវី​ដ​១៩​នោះ គឺជា​ការបង្ហាញ​ពី​សាមគ្គីភាព​ចំពោះ​ប្រជាជន​កម្ពុជា ជាមួយ​ប្រជាជន​ចិន​ក្នុង​គ្រា​ដ៏​លំបាក និង​ពី​ការលើកទឹកចិត្ត ចំពោះ​និស្សិត​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្ដេច​តេជោ ក៏​បាន​អរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ផ្ដល់​នូវ​វ៉ាក់សាំង​កូវី​ដ​១៩ មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​នឹង​ស្ថិត​នៅ​យូរអង្វែង ហើយ​បើទោះបីជា​មាន​ការផ្លាស់ប្ដូ​រ​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​ជំហរ​របស់​កម្ពុជា​ជាមួយ​មិត្ត​ចិន ពុំ​មាន​ការផ្លាស់ប្ដូរ​នោះទេ​។ សម្តេច​តេជោ បាន​ស្នើ​ឱ្យ​មិត្ត​ចិន​បន្ត​ការគាំទ្រ​កម្ពុជា​ជា​បន្ត​ទៀត​លើ​ការអភិវឌ្ឍ​គ្រប់​វិស័យ​។ សម្តេច​តេជោ ក៏​បាន​រំលឹក​ពី​ជំហរ​របស់​កម្ពុជា​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ “​នយោបាយ​ចិន​តែមួយ​” ហើយ​ចាត់​ទុក​បញ្ហា​ហុងកុង ចិន​តៃវ៉ាន់ ទី​បេ និង​ស៊ីន​ជាំ​ង​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​។​

​ជាទី​បញ្ចប់ សម្តេច​តេជោ ក៏​បាន​ស្នើ​ឱ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន ពាំនាំ​មក​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់ សម្តេច ជូន​ចំពោះ​ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង​ថ្នាក់ដឹកនាំ​ចិន​សំខាន់ៗ​ជាច្រើន​ទៀត​។ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ជូនពរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត វ៉ាង វិន​ពីន ឱ្យ​សម្រេចបាន​ជោគជ័យ​ក្នុង​អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *