ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣ សីហា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូក្រុមហ៊ុនចំនួន ០៩ ចូលជួប និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួប លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងព្រះរាជាណាចក្រកម្ពុជា។ គណ:ប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ។ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនសរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះបានសម្រេចបាននូវការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។
សម្ដេចធិបតីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយដំណើរទស្សនកិច្ចនាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការតភ្ជាប់ក្នុងចំណោមវិស័យឯកជន និងវិស័យឯកជន។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម ៕