​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​១២ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កាល​ពី​អង្គារ ទី​២០ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប ជាមួយ ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ចិន តំណាង​ដោយ លោក Zhao Yudong ប្រធាន​ក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក Zhao Yudong ប្រធាន​ក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និង​ជា​តំណាង​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​សម្ដែង​នូវ​ការពេញចិត្ត និង​ការកោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ថ្មី​ប្រកបដោយ​ភាពជាក់ស្ដែង​និយម ក្នុង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន និង​ការធានា​នូវ​បរិស្ថាន​ល្អ​ប្រសើរ​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។ លោក Zhao Yudong ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ ទាំង​១២​ក្រុមហ៊ុន​នៅ​កម្ពុជា​នា​ឱកាស​នេះ គឺ​ក្នុង​គោលបំណង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នានា ដូចជា វិស័យ​ថាមពល​ស្អាត និង​បរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និង​វិស័យ​ផ្សេងៗ​មួយចំនួនទៀត​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ទាំង​១២ ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា វិស័យ​សក្តានុពល​ដែល​គណៈប្រតិភូ​ចាប់អារម្មណ៍​គឺជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់ និង​ត្រៀម​ផ្តល់​កិច្ចសម្របសម្រួល ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ណ្តា​ក្រុមហ៊ុន​វិនិយោគ​។ សម្ដេច​ធិបតី​ក៏​បាន​គូស​រំលេច​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​នូវ​ក្របខ័ណ្ឌ​សម្រាប់​វិនិយោគិន​បរទេស ដែល​រួមមាន​ដូចជា​៖ ការដាក់ចេញ​នូវ​ច្បាប់​ស្ដីពី​ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លិខិត​បទដ្ឋាន​គតិយុត្ត និង​វិធានការ​ចាំបាច់​នានា ជាមួយនឹង​កញ្ចប់​វិធានការ​លើកទឹកចិត្ត ដែល​បង្កើត​នូវ​បរិយាកាស​វិនិយោគ ដែល​មាន​លក្ខណៈ​អំណោយផល អាច​ប៉ាន់ប្រមាណ​បាន និង​សម្បូរបែប​។ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​វិនិយោគ បន្ត​សហការ និង​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម និង​អាច​ស្វែងយល់​កាន់តែ​ច្បាស់​បន្ថែមទៀត​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *