​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Haeju Industry Development កោតសរសើរ​ការរីក​ចម្រើន​នៅ​កម្ពុជា

​រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​អង្គារ ទី​២០ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ លោក Lee Sang Yoon នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Haeju Industry Development ទទួល​ជួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​នា​ឱកាស​នោះ លោក Lee Sang Yoon នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Haeju Industry Development បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​អំពី​ជោគជ័យ​នៃ​ការរៀបចំ​ពិ​ពរណ៍​ផ្ទាំង​គំនូ​ររបស់​ក្រុមហ៊ុន នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ​។ ដោយ​ផ្អែក​លើ​បទពិសោធន៍​ជោគជ័យ​នេះ លោក​នាយក​ប្រតិបត្តិ​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​នេះ​ជា​លើក​ទី​២ ហើយ​នឹង​បរិច្ចាគ​ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី ជូន​កាកបាទក្រហមកម្ពុជា សម្រាប់​សកម្មភាព​មនុស្សធម៌​។ ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​នាយក​ប្រតិបត្តិ​ក៏​បាន​ប្រគល់​ជូន​សម្ដេច​ធិបតី​នូវ​ផ្ទាំងគំនូរ​ដ៏​ល្អ​វិចិត្រ ដែល​ជា​រូប​របស់​សម្ដេច​តេជោ ហ៊ុន សែន ផងដែរ​។

​សម្ដេច​ធិបតី​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ​ពិព័រណ៍​ផ្ទាំងគំនូរ​លើក​ទី​១ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន បន្ត​រៀបចំ​ពិព័រណ៍​បែបនេះ នៅ​កម្ពុជា ដែល​នឹង​រួមចំណែក​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការរៀបចំ​ផ្ទាំងគំនូរ​ដ៏​វិចិត្រ​នេះ​អំពី​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​និមិត្តរូប​នៃ​ការតស៊ូ និង​ការលះបង់​របស់​សម្ដេច​តេជោ ក្នុងការ​រំដោះជាតិ និង​ស្វែងរក​នូវ​សុខ​សន្ដិភាព​ពេញលេញ​ជូន​ប្រទេស​និង​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​បាន​ផ្តួចផ្តើម​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ឆ្នាំ​១៩៩៧៕

Leave a Reply

Your email address will not be published. Required fields are marked *