​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់ទុក​ការ​ទប់ស្កាត់​បាន​នូវ​ផែនការ​ធ្វើ​កុបកម្ម ថ្ងៃ​១៨ សីហា គឺជា​ការ​ទប់ស្កាត់​បាន​នូវ​អំពើហិង្សា​បង្ហូរឈាម​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចាត់ទុក​ការ​ទប់ស្កាត់​បាន​ដោយ​ជោគជ័យ​នូវ​ផែនការ​ធ្វើ​កុបកម្ម​ថ្ងៃ​១៨ សីហា គឺជា​ការ​ទប់ស្កាត់​បាន​នូវ​អំពើហិង្សា​បង្ហូរឈាម ដែល​ជា​គោលបំណង​ដ៏​អាក្រក់​របស់​ក្រុម​ជ្រុលនិយម​។ ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ក្រុម​ជ្រុលនិយម បានធ្វើ​សកម្មភាព​បំផុស​ចលនា​ប្រឆាំង​រាជរដ្ឋាភិបាល តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ពីដំបូង​បាន​អូសទាញ​យុវជន​ក្នុង និង​ក្រៅប្រទេស ឱ្យ​ជំទាស់​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) ប៉ុន្តែ​ទីបំផុត​ក៏​បង្វែរ​ឱ្យ​មាន​ការប្រមូលផ្ដុំ​ធ្វើ​កុបកម្ម​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ដោយ​យក​គម្រូ​តាម​ប្រទេស​បង់​ក្លា​ដេស​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុងនាម​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់ ក្នុង​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​ទូទាំង​ប្រទេស ដែល​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​ថែរក្សា ការពារ​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ក្នុងនោះ​ក៏​រួមទាំង​ការរួមចំណែក​ទប់ស្កាត់​ផែនការ​ធ្វើ​កុបកម្ម​របស់​ក្រុមប្រឆាំង កាល​ថ្ងៃទី​១៨ ខែសីហា​ផងដែរ​។

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​គូស​បញ្ញា​ក់ថា ក្រុមប្រឆាំង​ជ្រុលនិយម បាន​ព្យាយាម​បំផុស​អុជអាល​ឱ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន មាន​ការប្រឈមមុខ​ដាក់​គ្នា​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​។ ប៉ុន្តែ​ដោយសារ​អំពើ​ល្អ សច្ចធម៌​នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍ ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់​បានផ្ដល់​ការគាំទ្រ​មកលើ​រាជរដ្ឋាភិបាល អាជ្ញាធរ និង​កងកម្លាំង ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ទប់ស្កាត់​រាល់​សកម្មភាព​ទាំងឡាយ ដែលនាំឱ្យ​មាន​ការ​បន្ទុច​បង្អាក់ដ​ល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ឧបត្ថម្ភ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នូវ​អង្ករ ចំនួន ១០​តោន មី ចំនួន ៥០​កេស​ធំ ត្រីខកំប៉ុង ចំនួន ៥០​កេស ទឹកបរិសុទ្ធ ចំនួន ៥០០​កេស និង​អាវ​ភ្លៀង ចំនួន ៣០០​អាវ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *