រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង​ព័ត៌មាន​ក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​។

​ការបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​លើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​តំបន់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​”​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៤៩ និង​មហាសន្និបាត​លេីក​ទី​២២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ នា​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ពិធី​នេះ​មាន​ការចូលរួម​ពី​បណ្តាល​ប្រទេស​សមាជិក​១៩​ផ្សេងគ្នា និង​មាន​អ្នកចូលរួម​ប្រមាណ​៦០​រូប​។​

​នៅក្នុង​សុន្ទរកថា​បិទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ដែល​អញ្ជើញ​ចូលរួម ពី​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​អំពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គណៈប្រតិភូ​ទាំងអស់ បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា លើ​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​លើកឡើង​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ចំពោះ​ការប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែងក្លាយ​។

​បន្ថែម​លើ​នេះ ក្រសួង​ព័ត៌មាន​ក៏បាន និង​កំពុង​រៀបចំ​យុទ្ធនាការ​ទូទាំងប្រទេស ក្រោម​ប្រធានបទ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​។ យុទ្ធនាការ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ចុងឆ្នាំ​២០២៤ ដោយ​ឃោសនា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ពី​វិធានការ​ទប់ស្កាត់​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ ការប្រើប្រាស់​បណ្ដាញ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចែករំលែក​ព័ត៌មាន​ជា​ដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ជាមួយ​នឹង​ការគាំទ្រ និង​ការចូលរួម​ពី​សមាជិក​ទាំងអស់ យើង​នឹង​អាច​សម្រេច​គោលដៅ​រួម​ក្នុង​ការលុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ពី​តំបន់​របស់​យើង​។ គួរបញ្ជាក់​ថា​នៅក្នុង​មួយឆ្នាំ​២០២៣ កន្លងទៅ ព័ត៌មាន​ក្លែងក្លាយ​ជាង ៣០០០ ត្រូវបាន​កត់ត្រា​ទុក​ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​បំភ្លៃ​ការពិត​ដើម្បី​ញុះញង់​និង​បង្កើត​ឱ្យមាន​ការភាន់ច្រឡំ និង​បង្ក​ធ្វើឱ្យ​សង្គម​ចលាចល​ផ្សេងៗ​ដើម្បី​ក្រុម​ជ្រុលនិយម​ប្រើប្រាស់​ជា​លេស ឈានដល់​ការផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​តាម​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ​។​

Leave a Reply

Your email address will not be published. Required fields are marked *