​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​គ​មនាគ​មន៍​ម៉ាឡេស៊ី​ឯកភាព​សហការ​រួម​គ្នា​លើ​គំនិត​ផ្តួចផ្តើម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ព័ត៌មាន​

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រី​ក្រសួង​គ​មនា​គន៍​នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុងអំឡុងពេល​នៃ​ដំណើរ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លេីក​ទី​២២ និង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៩ (19th Asia Media Summit) រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ក្រសួង​គ​មនាគ​ន៍​នៃ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ក្របខណ្ឌ​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​គ្នា​នឹង​គ្នា​ជាពិសេស​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​របស់​ម៉ាឡេស៊ី BERNAMA ក៏​ដូចជា​កិច្ច​សហការ​ជាមួយ​វិទ្យុ​ផងដែរ​។ ជាងនេះទៅទៀត រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​លើ​កិច្ចការ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ដើម្បី​ធ្វើឱ្យមាន​សុវត្ថិភាព​ព័ត៌មាន​សម្រាប់​អ្នកប្រើប្រាស់​។

​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​ក៏បាន​ឯកភាព​សហការ​រួមគ្នា​ផ្តួចផ្តើម​គំនិត​លើ​ការពង្រឹង​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ព័ត៌មាន សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​ធ្វើការ​រួមគ្នា​ដើម្បី​អំពាវនាវ​ដល់​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន ចូលរួម​ជាមួយ​កម្ពុជា និង​ម៉ាឡេស៊ី ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​។

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​។​

Leave a Reply

Your email address will not be published. Required fields are marked *