សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ថ្ងៃទី​៣ (​ថ្ងៃ​ចុង​ក្រោយ​)

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​មុខ​ព្រះបរមរាជវាំង ដែល​ជា​ថ្ងៃ​ចុងក្រោយ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០២៤​។

​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ចុងក្រោយ​នេះ នេះ មាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ មាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺន​សព្វ​មុខមន្ត្រី ព្រះរាជវង្សានុវង្ស ឧត្ដមប្រឹក្សា​ព្រះមហាក្សត្រ អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​រាជធានី​-​ខេត្ត យ៉ាងច្រើន​កុះករ​ប្រកប​ដោយ​ទឹកមុខ​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​។​

​សូមជម្រាបថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ជាការ​រំលឹក​គុណ ចំពោះ​កងទ័ពជើងទឹក​ខ្មែរ ដែល​បាន​ពលី​ជីវិត​បូជា​ចំពោះ​ទឹកដី​ក្នុង​ចម្បាំង នា​សតវត្ស​ទី​១២ ក្នុង​រាជ​ព្រះបាទ ជ័យវរ្ម័ន​ទី​៧ ពី​ឆ្នាំ​១១៧៧ ដល់​ឆ្នាំ ១១៨១ នៃ​គ​.​ស ដូច​មាន​បង្ហាញ​ចម្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទបន្ទាយឆ្មារ​ជាដើម​។

​សម្រាប់​ឆ្នាំ​២០២៤ នេះ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ បាន​ចូលរួម​កម្សាន្ត​សប្បាយរីករាយ អបអរសាទរ​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​មាន​តាំង​ពី​បរម​បុរាណ​ដ៏​យូរលង់​មកហើយ ព្រមទាំង​ទស្សនាការ​បណ្ដែតប្រទីប អុជ​កាំជ្រួច ប្រគំ​តន្ត្រី​សម័យ​-​បុរាណ និង​សម្តែង​សិល្បៈ ទាំង​៣​រាត្រី តាម​ទីកន្លែង​សំខាន់ៗ​ផងដែរ​។

​ជូនពរ​កីឡាករ​ប្រណាំងទូក​ទាំងអស់ ធ្វើដំណើរ​ត្រឡប់​ទៅ​ខេត្ត​វិញ​ប្រកបដោយ​  សេចក្តីសុខ សុវត្ថិភាព គ្រប់ៗ​គ្នា​៕

Leave a Reply

Your email address will not be published. Required fields are marked *