​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន Temasek Holdings ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Lim Boon Heng ប្រធាន​ក្រុមហ៊ុន Temasek Holdings ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ការចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វីស​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ និង​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​រំឭក​អំពី​ជំនួប​រវាង​រូបលោក និង​សម្តេច​តេជោ ហ៊ុន សែន នា​ពេលកន្លងមក ដែល​ក្នុងនោះ លោក​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គំរូ​វីរៈភាព​ដឹកនាំ​របស់​សម្តេច​តេជោ ផងដែរ​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​ថា ក្រុមហ៊ុន មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី និង បាន​និង​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​ពិភពលោក ដោយ​ផ្ដោត​លើ​លើ​វិស័យ​ហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និង​ការផ្សព្វផ្សាយ និង អចលនទ្រព្យ​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​មាន​គោលដៅ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​នៅក្នុង​តំបន់​អាស៊ាន ដែល​ក្នុងនោះ​កម្ពុជា​ក៏​ជា​គោលដៅ​អាទិភាព មួយ​ដែរ​។ ជាមួយគ្នានេះ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បង្ហាញ​អំពី​បំណង​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​លើ​បច្ចេកវិទ្យា​ឌីជីថល វិស័យ​ថាមពល​កកើត​ឡើងវិញ និង​វិស័យ​សំខាន់ៗ​មួយចំនួនទៀត ។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន Temasek Holdings ដែលមាន​ចំណាប់​អារម្មណ៍​និង​បំណង​ក្នុង​ការវិនិយោគ​លើ​វិស័យ ដែល​បាន​រៀបរាប់​ខាងលើ​នៅ​កម្ពុជា ហើយ​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ គឺ​យកចិត្តទុកដាក់ និង​បង្កើត​បរិស្ថាន​គាំទ្រ​រឹងមាំ​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ហើយ​កម្ពុជា​បាន​បើកចំហ​សម្រាប់​វិនិយោគិន​មកពី​គ្រប់​ប្រទេស​ទាំងអស់​។ លើសពីនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​យន្តការ​ថ្មីៗ ដើម្បី​លើកកម្ពស់ គាំពារ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស ក្នុងនោះ​សម្ដេច​បាន​បញ្ជាក់​ពី​ការវិនិយោគ​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្ម​ដោយ​ផ្ដោត​លើ​ឧស្សហ​កម្ម​ជាក់លាក់ ឬ​ភាពជាក់ស្ដែង​នៃ​ប្រទេស​នី​មួយៗ​។​

Leave a Reply

Your email address will not be published. Required fields are marked *