សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ជាមួយ​អភិបាលខេត្ត​គូ​ម៉ា​ម៉ូតូ និង​ក្រុមហ៊ុន​ធុរកិច្ច​ចំនួន​៨ ក្រុមហ៊ុន​ ​បន្ទាប់ពី​បាន​ជួប​ជាមួយ​អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​មី​តស៊ូ​ប៊ីស៊ី (MITSUBISHI)​រួចហើយនោះ

នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​បន្ត​ទៀត ជាមួយ​ឯកឧត្តម កា​បាស​ហ្ស៊ី​ម៉ា អ៊ី​គូ​អុ អភិបាលខេត្ត​គូ​ម៉ា​ម៉ូតូ និង​ក្រុមហ៊ុន​ធុរកិច្ច​ចំនួន ៨​ក្រុមហ៊ុន​ទៀត ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​កំពុង​រៀបចំ​ធ្វើ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នៅ​កម្ពុជា​នា​ពេលខាងមុខ​។

​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​នឹង​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​កំពុង​មាន​គម្រោង​ទៅ​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្តេច​តេជោ​បានអនុញ្ញា​ត​ឱ្យ​ក្រុមហ៊ុន​នីមួយៗ​បានលើកឡើង​អំពី​សកម្មភាព​វិនិយោគ​របស់​ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​គម្រោង​វិនិយោគ​នា​ពេល​ខាង​មុខ​ផង​ដែរ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា បច្ចុប្បន្ន​នេះ​ច្បាប់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​សម្រាប់​អ្នកវិនិយោគ​ក្រៅ​ប្រទេស​ទាំងអស់​ដែល​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ការរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការពង្រឹង ពង្រីក ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត​។
​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ អោយ​ក្រុមហ៊ុន​ទាំងអស់​ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ក៏​ដូចជា​មាន​គម្រោង​ទៅ​វិនិយោគ ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​នាពេលខាងមុខ​៕​

Leave a Reply

Your email address will not be published. Required fields are marked *