​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ តប​តាម​ការអញ្ជើញ​របស់​គ​ណ​បក្ស​កុម្មុយនីស្ត​ចិន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​សមាសភាព​គណៈប្រតិភូ​អមដំណើរ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ទស្សនកិច្ច​រួមមាន សម្តេច​ពិជ័យ​- សេនា ទៀ បាញ់ ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន គណៈ​ទាក់ទង​ការបរទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី​២ នៃ ព្រឹទ្ធសភា ព្រមទាំង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួង​/​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ស្ថាប័ន​នីតិ​- ប្បញ្ញត្តិ និង​រាជរដ្ឋាភិបាល​។​

​នៅក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្តេច​តេជោ ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ លោក ស៊ី ជីន​ពីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ ឯកឧត្តម វ៉ាង ហ៊ូ​នឹង ប្រធាន គណៈកម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​នៃ​ប្រជាជន​ចិន និង​ឯកឧត្តម ចា​វ ឡី​ជី ប្រធាន​គណៈ​- កម្មា​ធិ​ការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​៕​

Leave a Reply

Your email address will not be published. Required fields are marked *